៥ឆ្នាំក្រោយភេរវកម្មនៅប៉ារីស បារាំង​នៅតែ​ប្រឈម​ខ្លាំង​នឹងការគំរាមកំហែង​​ពីក្រុមភេរវនិយម

នាយករដ្ឋមន្រ្តីបារាំង​លោក​ Jean Castex និង​ចៅហ្វាយក្រុង​បា៉រីស លោកស្រី Anne Hidalgoចូលរួម​ក្នុង​ពិធីគោរពវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​ឱកាស​ខួប ៥ឆ្នាំ​នៃ​ការវាយប្រហារ​ភេរវកម្ម​នៅ ប៉ារីស កាលពី​ថ្ងៃទី ១៣​វិច្ឆិកា ២០២០
នាយករដ្ឋមន្រ្តីបារាំង​លោក​ Jean Castex និង​ចៅហ្វាយក្រុង​បា៉រីស លោកស្រី Anne Hidalgoចូលរួម​ក្នុង​ពិធីគោរពវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​ឱកាស​ខួប ៥ឆ្នាំ​នៃ​ការវាយប្រហារ​ភេរវកម្ម​នៅ ប៉ារីស កាលពី​ថ្ងៃទី ១៣​វិច្ឆិកា ២០២០ REUTERS - POOL

ប្រទេស​បារាំង ប្រារព្ធខួប​៥ឆ្នាំ​នៃ​ការវាយប្រហារ​ភេរវកម្ម ដែល​បាន​សម្លាប់​មនុស្ស​១៣០នាក់ និង​របួស ៣៥០នាក់ កាល​ពី យប់​ថ្ងៃសុក្រ​ទី​១៣​វិច្ឆិកា ឆ្នាំ ២០១៥។ នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កំពុង​ចាត់វិធានការ​បិទទីក្រុង ដើម្បី ទប់ស្កាត់​ការឆ្លងរាតត្បាត​ជំងឺកូវីដ ពិធីគោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ នៅតាម​កន្លែង​ដែលរងគ្រោះ​ដោយ ការវាយប្រហារ​ភេរវកម្ម ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ត្បិតត្បៀត ជាមួយ ការចូលរួម​ដ៏តិចបំផុត។ នៅ​ព្រឹកថ្ងៃ​សុក្រទី ១៣​វិច្ឆិកា​២០២០ លោកនាយករដ្ឋមន្រ្តី ហ្សង់ កាស្តិច​ត្រូវ​អមដំណើរ​ដោយ​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ រដ្ឋមន្រ្តី​យុត្តិធម៌ និង​ចៅហ្វាយក្រុង​ប៉ារីស លោកស្រី អាន អ៊ីដាល់ហ្កូ ដើម្បី ដាក់​កម្រងផ្កា​នៅ កន្លែង​ដែល​រងការវាយប្រហារ​របស់​ក្រុមកងកុម្មង់ដូរ ភេរវជន​កាលពី ៥ឆ្នាំមុន។ 

ផ្សាយពាណិជ្ជកម្ម

កាលពី ៥ឆ្នាំមុន នៅ ថ្ងៃទី ១៣​វិច្ឆិកា បារាំង បាន​រងការវាយប្រហារ​ភេរវកម្ម​សម្លាប់​មនុស្ស​ដ៏ច្រើន ដែល​មិនធ្លាប់​កើតមាន​ទាល់តែសោះ​នៅ ទឹកដី បារាំង។ ក្នុង​រយៈពេល​តែ​ប៉ុន្មានម៉ោង ការវាយប្រហារ​ភេរវកម្ម​នៅ​បីកន្លែង​ផ្សេងគ្នា ដែលជា​ស្នាដៃ​របស់​កងកុម្ម៉ង់ដូរ ជីហាត ១០នាក់ បាន​សម្លាប់​មនុស្ស​១៣០នាក់ និង​របួស ៣៥០នាក់។

នៅ យប់​ថ្ងៃ ទី ១៣​វិច្ឆិកា​ដែល​ត្រូវ​ចំ​នឹង​ថ្ងៃ​សុក្រ​ចុងសប្តាហ៍ ភេរវជន​អត្តឃាត​៣នាក់ បានបំផ្ទុះ​គ្រាប់​លើ​ខ្លួន នៅ ក្រៅស្តាត ដែល​កំពុង​មានការប្រកួតបាល់ទាត់​រវាង​បារាំង​និង​អាល្លឺម៉ង់។ ការបំផ្ទុះគ្រាប់បែក​របស់​ក្រុមអត្តឃាតជន​បាន​សម្លាប់​អ្នកបើកឡានតាក់ស៊ី។ នៅក្នុង​ពេល​ជាមួយគ្នានោះ មាន​ក្រុមកងកុម្ម៉ង់ដូរ ៣នាក់​ផ្សេងទៀត បាន​បើកឡាន​ទៅបាញ់រះ​លើ​មនុស្សម្នារ ដែល​កំពុង​អង្គុយ​ក្នុង​ហាងបាយ នៅ​តាម​ព្រែកជីក កណ្តាលក្រុងប៉ារីស ដោយ​បាន​សម្លាប់​មនុស្ស​៣៩នាក់។ នៅ មិនឆ្ងាយ​ពីទីតាំង​ទី២​ប៉ុន្មាន ក្រុមភេរវជន​មួយក្រុមទៀត​បាន​ចូល​បាញ់រះ ក្នុង​រង្គសាល ឈ្មោះ Bataclan ជាទី​មនុស្សជាង ១៥០០​នាក់​កំពុងចូលរួម​ស្តាប់​ការប្រគំតន្រ្តី​របស់​ក្រុម​Rock អាមេរិកាំង។ មនុស្ស​៩០នាក់ បាន​ស្លាប់​ក្នុង​ថ្លុកឈាម ដោយសារ​ការបាញ់រះ និង​ការបំផ្ទុះគ្រាប់បែក​ជាប់ខ្លួន របស់​ពួកភេរវជន។

នៅក្រោយ​ភេរវកម្ម ដែល​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម បាន​ប្រកាស​ចេញមុខ​ថា ជាអ្នក​ទទួល​ខុសត្រូវ ក្រុមស៊ើបអង្កេត​បារាំង បាន​ស្រាវជ្រាវ​រកឃើញ​ថា ភេរវជន​ទាំងនោះ​ជាក្រុមជីហាត ដែល​មាន​សម្បុកលាក់ខ្លួន ក្នុង ប្រទេស​បែលហ្សិក។ គម្រោង​វាយប្រហារ​បារាំង ត្រូវ​បានរៀបចំឡើង នៅ ទឹកដី​បែលហ្សិក។ នៅក្រោយ​ការស៊ើបអង្កេត និង​ប្រតិបត្តិការ តាមប្រមាញ់ រក​ខ្សែបណ្តាញ​របស់​ក្រុមភេរវជន ប៉ូលិស​បារាំង​បាន​ឡោមព័ទ្ធ​តាមចាប់​មេរៀបចំ​ផែនការ​ភេរវកម្ម ប៉ុន្តែ ភេរវជន​បាន​ចុចបំផ្ទុះគ្រាប់បែក​សម្លាប់ខ្លួន ដោយ​មិន​ឲ្យ​ប៉ូលិស​ចាប់ខ្លួន​បាន។

ក្នុង​ចំណោម​ភេរវជន​ទាំងអស់ ប៉ូលិស​ចាប់ខ្លួន​បាន​តែ​ភេរវជន​ម្នាក់គត់​ដែល​នៅរស់ គឺ Salah Abdeslam បន្ទាប់​ពី​បើកប្រតិបត្តិការ​តាមប្រមាញ់ អស់​រាប់ខែ ទាំង​នៅទឹកដីបារាំង និង​បែលហ្សិក។ សព្វថ្ងៃ​នេះ ភេរវជន​Salah Abdeslam កំពុង​ជាប់ក្នុង​គុក ដើម្បីរង់ចាំ​ការជំនុំជម្រះ របស់​តុលាការ ​ដែល​គេ​គ្រោង​នឹង​បើកធ្វើ​នៅ ខែ​មករា​ ​ឆ្នាំ២០២១។

ប្រាំឆ្នាំ​ក្រោយ​បារាំង​នៅតែ​ប្រឈម​ខ្លាំង​នឹង​ការគំរាមកំហែង​វាយប្រហារ​ភេរវកម្ម

នៅក្នុង​រយៈពេល ៥ឆ្នាំមកនេះ គេរាប់ឃើញ​មាន​ការវាយប្រហារ​ភេរវកម្ម​ដល់​ទៅ ២០លើក នៅលើ​ទឹកដី បារាំង។ ភេរវកម្ម​ចំនួន ១៩ បាន​បរាជ័យ មិន​បាន​សម្រេច ​ចំណែក គម្រោងការ​ធ្វើ​ភេរវកម្ម​ចំនួន ៦១ ត្រូវ​បាន​អាជ្ញាធរ​បារាំង រកឃើញ មុន និង​បង្រ្កាប​មិន​ឲ្យ​កើត​មាន​ឡើង​ទាន់។

ចាប់​តាំង​ពី​ខែ​កញ្ញា​មក អាជ្ញាធរ​បារាំង​បាន​ដំឡើង​កម្រិត​គំរាមកំហែង​នៃ​​ការវាយប្រហារ​ភេរវកម្ម​ដល់​កម្រិត​មួយខ្ពស់។ ក្នុង​រយៈពេល​តែ​មួយខែ កើតមាន​ភេរវកម្ម​វាយប្រហារ​ដល់​ទៅ ៣លើក ដែលមាន​ដូចជា​ការកាប់សម្លាប់​មនុស្ស​នៅ ក្បែរ​អតីត​ទីស្នាក់ការ​របស់ទស្សនាវដ្តី Charlie Hebdo ការកាត់ក​គ្រូបង្រៀន Samuel Paty និង​ការចាក់សម្លាប់​មនុស្ស​នៅ​វិហារកាតូលិក នៅទីក្រុង​នីស​ជាដើម។

តាម​មន្រ្តីសន្តិសុខជាតិ​បារាំង កម្រិតគំរាមកំហែង​ភេរវកម្ម​នៅ​ទឹកដី បារាំង បាន​កើនឡើង​ខ្ពស់ ក្នុងបរិបទ​ដែល​តុលាការ​បារាំង កំពុង​បើក​សវនាវ​ជំនុំជម្រះ ជនដៃដល់ ដែលជាប់ពាក់ព័ន្ធ​នឹង​ភេរវកម្ម​ប្រឆាំង​ទស្សនាវដ្តីCharlie Hebdo ហើយ​និង​សវនាការ​មួយ​ទៀត សម្រាប់​ភេរវកម្ម​ថ្ងៃទី​១៣​វិច្ឆិកា។ ក្រុមឧក្រិដ្ឋជន​អាច​ធ្វើ​ភេរវកម្ម បំផ្លាញ ផលប្រយោជន៍ បារាំង ដូចជា​ការគប់គ្រាប់បែក នៅ អារ៉ាប៊ី សាអូឌីត កាលពី​ម្សិលម្ង៉ៃ គឺ​ដើម្បី សំដែង​ការសាមគ្គីភាព និង​គាំទ្រ​ដល់​ក្រុមភេរវនិយម ដែល​កំពុង​ប្រឈម​នឹង​ការកាត់ទោស​នៅ តុលាការ​បារាំង។

មួយវិញទៀត កម្រិតគំរាមកំហែង​វាយប្រហារ​ប្រទេស​បារាំង អាច​កើនឡើង​ផងដែរ ដោយសារ​តែ​បរិបទ នយោបាយ​សព្វថ្ងៃ​របស់​ប្រធានាធិបតី បារាំង ដែល​បាន​ចេញ​មុខ ធ្វើ​សង្រ្គាម​ប្រឆាំង​ក្រុមអ៊ីស្លាមជ្រុលនិយម។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុជាតិ​បារាំង រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​បារាំង លោក Gérald Darmanin បញ្ជាក់ដែរ​ថា កម្រិត​គំរាមកំហែង​វាយប្រហារ​ភេរវកម្ម បាន​កើនឡើងខ្ពស់បំផុត។ សម្រាប់ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​បារាំង ការគំរាមកំហែង របស់​ក្រុមភេរវនិយម មានពីរ គឺ​ពីខាងក្រៅ​ផង និង​ពីខាងក្នុងស្រុកផង។ តាម​រដ្ឋមន្រ្តីបារាំង ការគំរាមកំហែង​ពី​ខាងក្នុងដែល បង្កឡើង​ដោយ សត្រូវ​ខាងក្នុង ដូចជា​ដង្កូវ​ក្នុងសាច់ គឺ​មាន​ចំនួនច្រើន ជាង​ការគំរាមកំហែង​វាយប្រហារ​ពី​​បរទេស ដូច​ករណី ក្រុមជីហាត​បែលហ្សិក ដែល​បានលើកគ្នា មក​ធ្វើ​ភេរវកម្ម សម្លាប់មនុស្ស​នៅ​ប៉ារីស កាលពី ៥ឆ្នាំមុន។ គឺ​ដង្កូវចេញពី​ក្នុង​សាច់ ដែលគ្រោះថ្នាក់ខ្លាំង ព្រោះថា ពួកគេ​ទាំង​នោះ​អាច​ជា​បុគ្គល​ដែល​មិនធ្លាប់​មាន​ក្នុង​បញ្ជីតាមដាន​របស់​ក្រុមចារកម្មបារាំង។ ពួកគេ​អាច​ប្រើ​អាវុធ​សាមញ្ញ បំផុត ដូចជា​កាំបិត ដើម្បី ចាក់សម្លាប់​មនុស្ស ដើម្បី បង្ហាញ ការគាំទ្រ បុព្វហេតុ​របស់​ក្រុមជ្រុលនិយម​ណាមួយ។

នៅក្នុង​កាលៈទេសៈ ដែល​រលក​ស្អប់​បារាំង មាន​កាន់តែ​ច្រើន ក្នុង​ចំណោម អ្នកកាន់សាសនា​អ៊ីស្លាម ដោយសារ​តែ​ប្រសាសន៍ ចេញមុខ​របស់លោកម៉ាក្រុង ក្នុងការការពារ​សិទ្ធិសេរីភាព​រូបត្លុក ហើយ​និង​ច្បាប់​ស្តីពីការប្រយុទ្ធប្រឆាំង​នឹង​ក្រុមអ៊ីស្លាម​បំបែកទឹកដី ដែល​បានជំរុញ ឲ្យ​ការប្រឆាំង​តវ៉ា ក្នុង​ចំណោមអ្នកកាន់សាសនា​អ៊ីស្លាម គេ​វាយតម្លៃថា កម្រិត​គំរាមកំហែង​ភេរវកម្ម ប្រឆាំង​បារាំង បាន​កើនឡើង​កាន់តែខ្លាំង​មិនងាយ​នឹង​ថមថយ​ចុះ​នោះទេ។

បារាំង​ចាប់បញ្ជូន​ជនបរទេស​ដែល​មាននិន្នាការជ្រុលនិយម

នៅ ប៉ុន្មាន​មកថ្ងៃ​នេះ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បារាំង បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មួយចំនួន ដូចជា អាល់ហ្សេរី ទុយនីស៊ី និង​រុស្ស៊ី ដើម្បី និយាយ​ពីការបញ្ជូន ឧក្រិដ្ឋជន ទៅ ប្រទេស​ដើមកំណើត​វិញ។

តាម​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បារាំង ចាប់តាំង​ពី ខែ​កក្កដា បារាំង​បាន​ចាប់បញ្ជូន​ចេញ ឧក្រិដ្ឋជន ដែល​រស់នៅ ខុសច្បាប់​ក្នុង​ប្រទេស​បារាំង ទៅ ប្រទេស​ដើម​វិញ បាន​ប្រមាណ ៤៨នាក់។ មនុស្ស​ទាំង​៤៨នាក់ ស្ថិតក្នុង​ចំណោម​ជនបរទេស ២១៣នាក់ ដែល​រដ្ឋាភិបាល​កំពុង​ដាក់​ក្នុង​បញ្ជី ក្រុមអ៊ីស្លាមជ្រុលនិយម។

ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុមភេរវនិយម រដ្ឋាភិបាល​បារាំង បាន​បង្កើន​ផងដែរ ចំនួន មន្រ្តី ស៊ើបការសម្ងាត់ របស់ខ្លួន ប្រមាណ ជាង​១២០០​នាក់​បន្ថែមទៀត សម្រាប់​តាមដាន មុខសញ្ញា​ជនសង្ស័យ ដែល​មាន​និន្នាការ​ជ្រុលនិយម និង​ដែល​អាច​កើតមានគំនិត​ប្រព្រឹត្ត​អំពើភេរវកម្ម។

មួយវិញទៀត រដ្ឋាភិបាល​បាន​បង្កើត​ផងដែរ​ច្បាប់​ស្តីពី សន្តិសុខជាតិ​និង​ប្រយុទ្ធប្រឆាំង អំពើភេរវកម្ម។ ជាក់ស្តែង រដ្ឋាភិបាល​បាន​សំអាង​ប្រើច្បាប់​ថ្មី​នេះ ដើម្បី​បិទ​កន្លែង​សាសនា​អ៊ីស្លាម​មួយចំនួន ដែល​រដ្ឋាភិបាល​ចោទថា ជា​កន្លែងបណ្តុះបណ្តាលមនុស្សឲ្យ​មាន​គំនិត​អ៊ីស្លាមជ្រុលនិយម នៅទឹកដី បារាំង។

សំណុំរឿង​ចុងក្រោយ​ដែល​រដ្ឋាភិបាល​បារាំង ផ្តោតយកចិត្ត​ទុកដាក់ផងដែរ គឺពួកភេរវជន​ដែល​ត្រូវ​ចាកចេញ​ពី ពន្ធនាគារ នៅក្រោយ​ជាប់ទោស​គ្រប់គ្រាន់ តាម ការកំណត់​របស់ច្បាប់។ អ្វីដែល​មន្រ្តីសម្ងាត់​បារាំង បារម្ភ គឺ​ខ្លាចជាន់ដាន​ប្រទេស​អូទ្រីស ព្រោះថា ភេរវជន​ដែល​ទើប​បាន​សម្លាប់​មនុស្ស​៤នាក់ នៅ ទីក្រុង​វីយ៉េន ទើប​តែ​ត្រូវ​ដោះលែង ឲ្យ​នៅក្រៅឃុំ នៅ ឆ្នាំ ២០១៩ នៅក្រោយ​ជាប់​ពន្ធនាគារ​អូទ្រីស អស់ ៨ខែ ពីបទប៉ុនប៉ង​ធ្វើដំណើរ​ទៅ​ប្រទេស​ស៊ីរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI