កាកបាទក្រហម និងអឌ្ឍចន្ទក្រហម៖បម្រែបម្រួលអាកាសធាតុបង្កការគំរាមកំហែងខ្លាំងជាងជំងឺកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃអង្គារ ទី១៧ វិច្ឆិកា កាកបាទក្រហម និងអឌ្ឍចន្ទក្រហមបានផ្សព្វផ្សាយរបាយការណ៍មួយស្តីពីគ្រោះមហន្តរាយក្នុងលោកចាប់តាំងពីទសវត្ស ៦០។ របាយការណ៍នេះបានធ្លាក់មកចំពេលដែលពិភពលោកកំពុងបន្តរងគ្រោះដោយជំងឺកូវីដ១៩។ តែរបាយការណ៍បានទាញសញ្ញាអាសន្នថា ការគំរាមកំហែងដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុមានគ្រោះថ្នាក់ខ្លាំងជាងជំងឺកូវីដ១៩ ទៅទៀត។ តាមរបាយការណ៍ដដែល ជំងឺកូវីដ១៩ អាចមានវ៉ាក់សាំងបង្ការ តែបម្រែបម្រួលអាកាសធាតុនឹងគ្មានវ៉ាក់សាំងបង្ការទេ។
នៅចន្លោះខែមីនាដែលជំងឺកូវីដ១៩ កំពុងផ្ទុះពេញទំហឹង និងខែកញ្ញា មានកើតឡើងនូវគ្រោះមហន្តរាយជាង ១០០ករណី និងបានប៉ះពាល់ដល់មនុស្សជាង ៥០លាននាក់ នេះបើតាមរបាយការណ៍របស់អង្គការកាកបាទក្រហម និងអឌ្ឍចន្ទក្រហមដែលមានទីស្នាក់ការកណ្តាលក្នុងទីក្រុងហ្សឺណែវ ប្រទេសស៊្វីស។ ថ្លែងនៅក្នុងសន្និសីទកាសែត លោក Jagan Chapagain អគ្គនាយកអង្គការបានទទួលស្គាល់ពីវិបត្តិកូវីដ១៩ ដែលកំពុងបង្កគ្រោះថ្នាក់ខ្លាំងដល់ក្រុមគ្រួសារ និងមិត្តភក្តិ។ តែលោក Chapagain បានយល់ឃើញថា គឺបម្រែបម្រួលអាកាសធាតុដែលនឹងបង្កផលប៉ះពាល់យូរអង្វែងលើជីវិតមនុស្ស និងផែនដីខ្លាំងជាងកូវីដ១៩ទៅទៀត។ តាមរូបអគ្គនាយកអង្គការដដែល បម្រែបម្រួលអាកាសធាតុបានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច ១ ៣០០ ០០០នាក់តាំងពីដំណាច់ឆ្នាំ ២០១៩។
លោក Chapagain បានបញ្ជាក់ដោយមិនលាក់លៀមថា ពិភពលោកអាចមានវ៉ាក់សាំងបង្ការកូវីដ១៩ នៅឆ្នាំ ២០២១ និងអាចគ្រប់គ្រងជំងឺមួយនេះបាននៅប៉ុន្មានឆ្នាំខាងមុខ តែគួរឲ្យសោកស្តាយដែលគេគ្មានវ៉ាក់សាំងបង្ការបម្រែបម្រួលអាកាសធាតុ។ សម្រាប់អគ្គនាយកអង្គការកាកបាទក្រហម និងអឌ្ឍចន្ទក្រហម វ៉ាក់សាំងបង្ការបម្រែបម្រួលអាកាសធាតុ គឺផ្តើមចេញពីសកម្មភាពរបស់មនុស្សម្នាក់ៗ។ របាយការណ៍បានកត់សម្គាល់ឃើញថាក្នុងឆ្នាំ ២០១៩ កន្លងទៅ ពិភពលោកបានស្គាល់គ្រោះមហន្តរាយធម្មជាតិចំនួន ៣០៨ ករណីដោយបានសម្លាប់ជីវិតមនុស្សប្រមាណ ២៤ ៤០០នាក់ក្នុងនោះ មាន ៧៧%ជាគ្រោះមហន្តរាយអាកាសធាតុ ឬឧតុនិយម។
ចំនួនគ្រោះមហន្តរាយអាកាសធាតុ និងឧតុនិយមបានកើនឡើងតាំងពីទសវត្ស ៦០ និងមានការកើនឡើងជិត ៣៥% បើគិតតាំងពីទសវត្ស ៩០។ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ គ្រោះមហន្តរាយអាកាសធាតុ និងឧតុនិយមកម្រិតខ្ពស់បានសម្លាប់មនុស្សជាង ៤១០ ០០០នាក់ក្នុងលោក ពិសេសក្នុងបណ្តាប្រទេសដែលមានប្រាក់ចំណូលទាប ឬមធ្យម។ រលកកម្តៅដែលបន្តដោយព្យុះសង្ឃរាជាគ្រោះមហន្តរាយដែលសម្លាប់មនុស្សច្រើនជាងគេ។ របាយការណ៍បានប្រមើលមើលថា តម្រូវការទឹកប្រាក់ប្រមាណ ៥០ ០០០លានដុល្លារក្នុងមួយឆ្នាំៗ គឺចាំបាច់ដើម្បីបំពេញតាមតម្រូវការបន្សាំដែលប្រទេសកំពុងអភិវឌ្ឍទាំង ៥០ប្រទេសបានកំណត់សម្រាប់ទសវត្សខាងមុខ។ តែកាកបាទក្រហម និងអឌ្ឍចន្ទក្រហមសម្តែងការសោកស្តាយដែលមានប្រទេសជាច្រើនងាយរងគ្រោះពីបម្រែបម្រួលអាកាសធាតុត្រូវបានគេទុកចោល និងទទួលបានការជួយទំនុកបម្រុងតិចតួច។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ