អានតួអត្ថបទ
បារាំង-អាកាសធាតុ

ក្រុមប្រឹក្សារដ្ឋបារាំងតម្រូវឲ្យ​រដ្ឋាភិបាល​ បង្ហាញ​លទ្ធផលការងារ​ដើម្បីទប់ស្កាត់ការកើនឡើងកំដៅ​ផែនដី​

វិមានក្រុមប្រឹក្សារដ្ឋបារាំង ស្ថាប័នតុលាការរដ្ឋបាលកំពូល របស់បារាំង។​
វិមានក្រុមប្រឹក្សារដ្ឋបារាំង ស្ថាប័នតុលាការរដ្ឋបាលកំពូល របស់បារាំង។​ BERTRAND GUAY / AFP
ដោយ៖ ម៉ម ពិសី
១៨ នាទី

កាលពីថ្ងៃព្រហស្បតិ៍ ទី១៩វិច្ឆិកា ក្រុមប្រឹក្សារដ្ឋបារាំង ដែលជាស្ថាប័នតុលាការ​រដ្ឋបាល ខ្ពស់បំផុតរបស់បារាំង ​បានចេញ​សេចក្តី​សម្រេចមួយ ដោយ​បាន​តម្រូវឲ្យ​រដ្ឋាភិបាលបារាំង ត្រូវតែ​បង្ហាញ​នូវលទ្ធផលការងារជាក់ស្តែង ស្តីអំពីគោលនយោបាយ​ខ្លួន ក្នុងការទប់ស្កាត់ ការកើនឡើងនូវកំដៅផែនដី។ សេចក្តីសម្រេចនេះ ត្រូវបាន​ភាគីអ្នកដាក់ពាក្យ​ប្តឹង ក៏ដូចជា​អង្គការការពារបរិស្ថានអាកាសធាតុ បាននាំគ្នាអបអរសាទរ ថានេះជាជោគជ័យមួយដ៏សំខាន់ ក្នុងការឈាន​ទៅដាក់គំនៀប​ លើរដ្ឋាភិបាល​បារាំង ឲ្យ​គោរពការសន្យារបស់ខ្លួន ក្នុងសំណុំរឿងអាកាសធាតុនេះ។

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាលបារាំង មានពេល​៣ខែ ដើម្បី​បង្ហាញ​អំពីលទ្ធផលការងារជាក់ស្តែងរបស់ខ្លួន ទាក់ទិននឹងគោលនយោបាយ​ ​កាត់បន្ថយការបញ្ចេញឧស្ម័នពុល និងទប់ស្កាត់​ការកើនឡើងកំដៅ​ដែនដី។ នេះគឺជាការសម្រេច​ របស់ក្រុមប្រឹក្សារដ្ឋបារាំង ឆ្លើយតបទៅនឹងពាក្យ​បណ្តឹង របស់លោក Damien Carême អតីតមេឃុំ Grande-Synthe ដែលបានប្តឹងកាលពីខែមករា ឆ្នាំ​២០១៩ ទាមទារឲ្យរដ្ឋាភិបាល​បារាំង ត្រូវចាត់វិធានការបន្ទាន់ ស្តីពីបញ្ហាអាកាសធាតុ ពុំនោះទេឃុំរបស់​លោកនឹងត្រូវទឹកសមុទ្រជន់លិច។

គួរបញ្ជាក់ថា ឆ្លើយតបនឹងពាក្យ​បណ្តឹងនេះ ចៅក្រុម​ក្រុមប្រឹក្សារដ្ឋបារាំង មិនបាន​ធ្វើការសន្មត់ណាមួយ លើអង្គច្បាប់ទេ។ តែចៅក្រមក្រុមប្រឹក្សារដ្ឋ បានរុញបន្ទុក ទំលាក់ទៅលើរដ្ឋាភិបាល ថាត្រូវតែបង្ហាញលទ្ធផលការងារ។ ក្រុមប្រឹក្សារដ្ឋអះអាងបន្ថែមថា រដ្ឋាភិបាល​មានកាតព្វកិច្ច​ គោរពការសន្យា ការប្តេជ្ញារបស់ខ្លួន ក្នុងការអនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​ស្តីពីអាកាសធាតុ ដែលបានចុះហត្ថលេខានៅខែធ្នូ​ឆ្នាំ​២០១៥។ យោងតាមកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាល​​បារាំង បានសន្យាថានឹងកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នពុល ឲ្យ​បាន​៤០% ពីនេះរហូតដល់ឆ្នាំ​២០៣០។

គួរកត់សំគាលដែរថា សេចក្តីសម្រេចរបស់​ក្រុមប្រឹក្សារដ្ឋបារាំងនេះ គឺមួយ​ផ្នែកដោយផ្អែកលើ​ ការសន្និដ្ឋានរបស់ មន្ត្រី​​​អ្នក​រាយការណ៍សាធារណៈ ដែលបាន​លើកឡើង នៅមុខអង្គសវនាកា កាលពីថ្ងៃទី​៩ វិច្ឆិកាថា បញ្ហាចោទធំបំផុត គឺកាលវិភាគការងាររបស់រដ្ឋាភិបាល ក្នុងការអនុវត្ត​ផែនការ​ ពីមួយជំហានទៅមួយជំហាន។ អ្នកជំនាញរូបនេះ យល់ឃើញថា បញ្ហាអាកាសធាតុជាបញ្ហាបន្ទាន់បំផុត ហើយយោងតាមអត្ថបទច្បាប់ដែលមាន មិនថាក្នុងក្របខណ្ឌអឺរ៉ុប ឬក្របខណ្ឌកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសទេ គឺរដ្ឋាភិបាល​មាន​កាតព្វកិច្ច​សម្រេចឲ្យ​បានលទ្ធផល មិនមែនគ្រាន់តែដាក់ចុះវិធានការ ក្នុងកាលវិភាគ​ការងារនោះទេ។

លោកស្រី Corinne Lepage មេធាវីតំណាងដើមចោទ​ បានលើកឡើងថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សារដ្ឋ ដែលដាក់បន្ទុកឲ្យរដ្ឋាភិបាល ​ត្រូវតែបង្ហាញ​លទ្ធផលការងារស្តីពីអាកាសធាតុនេះ គឺជាជោគជ័យជំហានដំបូង ជាប្រវត្តិសាស្ត្រ សម្រាប់អង្គការ និងសកម្មជន​អ្នកការពារបរិស្ថានទាំងអស់។ លោកស្រីអះអាងថា រដ្ឋាភិបាល​មិនមែនមានកាតព្វកិច្ច ត្រឹមតែ​មធ្យោបាយ​ធ្វើនោះទេ តែរដ្ឋាភិបាល​មានកាតព្វកិច្ច សម្រេចឲ្យ​បាននូវលទ្ធផលជាក់ស្តែង។

ដោយឡែក តំណាងរដ្ឋាភិបាលបារាំង​ មិនទាន់មានប្រតិកម្ម បន្ទាប់ពីទទួល​សេចក្តីសម្រេចរបស់ក្រុមប្រឹក្សារដ្ឋឡើយ។ នៅក្រោយ​សវនាកាថ្ងៃទី​៩ វិច្ឆិកា លោកស្រី Barbara Pompili រដ្ឋមន្ត្រីក្រសួង​បរិស្ថាននិងអាកាសធាតុ បានអះអាងថា រដ្ឋាភិបាល​ត្រៀមខ្លួនជាស្រេច ព្រោះរដ្ឋាភិបាល​បានធ្វើ​ការបានលទ្ធផលច្រើនណាស់ ជាពិសេសទាក់ទិននឹង​ការកាត់បន្ថយឧស្ម័នកាបូនិក៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ