អានតួអត្ថបទ

អង្គការ​ការពារ​បរិស្ថានថា រដ្ឋាភិបាល​បារាំង​នៅតែចូលរួមចំណែកក្នងការរកាប់បំផ្លាញ ព្រៃឈើ​នៅបរទេស

ព្រៃឈើ​នៅតំបន់​អាម៉ាហ្សូន ក្នុង​ទឹកដី​ប្រេស៊ីល​រងការកាប់បំផ្លាញ ដើម្បី​យកដី​ធ្វើ​កសិកម្ម​ដាំសណ្តែកសៀង ពោត នាំចេញ​ទៅ​លក់​នៅបរទេស
ព្រៃឈើ​នៅតំបន់​អាម៉ាហ្សូន ក្នុង​ទឹកដី​ប្រេស៊ីល​រងការកាប់បំផ្លាញ ដើម្បី​យកដី​ធ្វើ​កសិកម្ម​ដាំសណ្តែកសៀង ពោត នាំចេញ​ទៅ​លក់​នៅបរទេស AP - Andre Penner
ដោយ៖ ឈាង បុប្ផា
១៥ នាទី

នៅ​ឆ្នាំ ២០១៨ ប្រទេស​បារាំង​ធ្លាប់​បាន​សន្យា​ឈប់​ចូលរួម ឲ្យ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅបរទេស ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០៣០។ ទៅតាម​យុទ្ធសាស្រ្ត​ប្រយុទ្ធប្រឆាំង ការកាប់បំផ្លាញ​ព្រៃឈើ រដ្ឋាភិបាល​នឹង​កាត់បន្ថយ ការនាំចូល​ផលិតផល​កសិកម្ម ព្រៃឈើ ដែល​មានជាប់ទាក់ទង​នឹង​ការកាប់បំផ្លាញព្រៃឈើ។ ប៉ុន្តែ សម្រាប់ អង្គការ​ការពារ​បរិស្ថាន ដូចជា WWF Greenpeace ការងារ​របស់​រដ្ឋាភិបាល​នៅតែ​មិនគ្រប់គ្រាន់ ដើម្បី ទប់ស្កាត់​ការនាំចូល​ផលិតផល​ដែល​បានមកពីការកាប់បំផ្លាញព្រៃឈើ​នៅ ទឹកដីបរទេស។ 

ផ្សាយពាណិជ្ជកម្ម

សម្រាប់​អង្គការការពារ​បរិស្ថាន WWF Greenpeace France Nature Environnement Canopée និង les Amis de la Terre នៅក្នុង​រយៈពេល ២ឆ្នាំមកនេះ រដ្ឋាភិបាល​បារាំង បរាជ័យ មិនអាច​ធ្វើតាម​ការសន្យារបស់ខ្លួន ក្នុង​ការទប់ស្កាត់ ការនាំចូល​ផលិតផល ដែល​មានជាប់​ទាក់ទង​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ បរទេស។

តាម​ការសង្កេត​របស់​អង្គការ​ការពារ​បរិស្ថាន បារាំង​នៅតែ​នាំចូល សណ្តែកសៀង ដូងប្រេង ហើយនិង​កាកាវ ដែល​ជា​ផលិតផល​មានជាប់ទាក់ទង​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ នៅប្រេស៊ី ឬ ឥណ្ឌូណេស៊ី ជាដើម។ តាម​អង្គការ​ការពារសត្វព្រៃ WWF បារាំង​បាន​ចូលរួម ចំណែក​ក្នុង​ការកាប់បំផ្លាញ​ព្រៃឈើ ប្រមាណ ៥លាន​ហិចតា នៅក្នុង​មួយឆ្នាំៗ នៅទឹកដីបរទេស ដោយសារ​តែ​ការនាំចូល​ផលិតផល​ចំនួន ៧មុខ ដែល​កើត​ចេញ​មកពី​ការកាប់បំផ្លាញ​ព្រៃឈើ ដូចជា សណ្តែកសៀង ដូងប្រេង កាកាវ ហើយ​និង​ស្បែកសត្វ​ជាដើម។

នៅក្រោយ​រងរិះគន់​ពី​អង្គការ​ការពារ​បរិស្ថាន រដ្ឋាភិបាល​បារាំង បាន​បង្ហាញ​ផែនការ​ចង្អុល​ផ្លូវ ថ្មី មួយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ដើម្បីបំពេញបន្ថែម​ការខ្វះខាត នៅក្នុង​យុទ្ធសាស្រ្ត​ប្រយុទ្ធប្រឆាំង​នឹង​ការកាប់បំផ្លាញព្រៃឈើ នៅ បរទេស។ ជារួម ផែនការ​ដែលតាក់តែង​ឡើង​ដោយ​ក្រសួងបរិស្ថាន​បារាំង ជំរុញ​ឲ្យ​អ្នកប្រើប្រាស់ និង​ក្រុមហ៊ុន​នាំចូល ពិនិត្យ ឡើងវិញ ពី​ប្រភព និង​ប្រភេទ​ផលិត ដែល​ខ្លួនទិញ និង​នាំចូល។ នៅក្នុងសេចក្តីណែនាំ​របស់​ក្រសួង​បរិស្ថាន គេ​នឹង​បង្ហាញ​ឲ្យ​ក្រុមហ៊ុន​នាំចូល​របស់​បារាំង​បាន​ស្គាល់​ពី​ផលិតផល​ដែល​រដ្ឋាភិបាល ហាម​មិន​ឲ្យ​នាំចូល ដោយសារ​តែ​វា​អាច​ជាប់ពាក់ព័ន្ធ​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ ដែល​មាន​ដូចជា សាច់គោ ជ័រកៅស៊ូ ឈើ សណ្តែកសៀង ដូងប្រេង និង​កាកាវ។

តាម​អង្គការ​Canopée ​ក្រុមហ៊ុន​ផ្សារទំនិញធំៗ នៅបារាំង​ដូចជា Carrefour Casino Auchan ជាដើម គេ​បាន​សន្យា ណែនាំ​ប្រាប់​ក្រុមហ៊ុន​ផ្គត់ផ្គត់​ទំនិញ របស់ខ្លួន កុំ​ឲ្យ​ទិញសណ្តែកសៀង ដាំនៅលើ​ដី ចម្កា ដែល​បានមកពី​ការកាប់បំផ្លាញព្រៃអាម៉ាហ្សូន នៅប្រទេស​ប្រេស៊ីល។ ប៉ុន្តែ យ៉ាងណាក៏ដោយ  ការណែនាំ​របស់​រដ្ឋាភិបាល ដោយ​គ្មាន​ការចាប់បង្ខំ ពោល គឺ​អាស្រ័យទៅលើ​ការស្ម័គ្រចិត្ត​របស់​ក្រុមហ៊ុន និង​ភាគីពាក់ព័ន្ធ​យ៉ាងដូច្នេះ នឹង​មិនអាច​ឲ្យ​គេ​ប្រយុទ្ធប្រឆាំង នឹង​ការនាំចូល​ទំនិញ ដែល​មានជាប់ពាក់ព័ន្ធ​នឹងការកាប់បំផ្លាញ ព្រៃឈើ​នៅបរទេស ដោយ​ប្រសិទ្ធិភាព​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ