អានតួអត្ថបទ
កូវីដ១៩

របាយការណ៍៖ អ្នកធ្លាប់ឆ្លង​កូវីដ១៩​ហើយ​ម្តង អាច​មាន​អង់ទីក័រ​ការពារ​បាន​យ៉ាង​ហោច​៦ខែ

បុគ្គលិកមន្ទីរពេទ្យ​ ដែលមើលថែរអ្នកជំងឺកូវីដ​១៩​ គឺជាអ្នកប្រឈមនឹងការឆ្លងរាលជំងឺនេះ ខ្លាំងជាងគេ។​ មន្ទីរពេទ្យ Melun-Senart ជាយទីក្រុងប៉ារីស ថ្ងៃទី​២០ វិច្ឆិកា ២០២០
បុគ្គលិកមន្ទីរពេទ្យ​ ដែលមើលថែរអ្នកជំងឺកូវីដ​១៩​ គឺជាអ្នកប្រឈមនឹងការឆ្លងរាលជំងឺនេះ ខ្លាំងជាងគេ។​ មន្ទីរពេទ្យ Melun-Senart ជាយទីក្រុងប៉ារីស ថ្ងៃទី​២០ វិច្ឆិកា ២០២០ REUTERS - BENOIT TESSIER
ដោយ៖ ម៉ម ពិសី
១៤ នាទី

របាយការណ៍ថ្មីមួយ​ របស់សកលវិទ្យាល័យ Oxford បានសន្និដ្ឋានថា អ្នកដែលធ្លាប់ឆ្លងមេរោគជំងឺកូវីដ១៩រួចហើយ គឺរាង្គកាយ​អាចបង្កើតជាប្រព័ន្ធការពារខ្លួន​ ធ្វើមិនឲ្យ​ឆ្លង​សាជាថ្មី​ យ៉ាងហោចរយៈពេល​៦ខែ។ ការអង្កេតស្រាវជ្រាវនេះ ត្រូវបានធ្វើទៅ​លើ​មនុស្ស​ចំនួន​ ១២១៨០នាក់ ដែលគឺជាបុគ្គលិក​ពេទ្យ​នៅប្រទេសអង់គ្លេស រវាងពីខែ​មេសា ដល់ខែវិច្ឆិកានេះ។

ផ្សាយពាណិជ្ជកម្ម

លោក David Eyre អ្នកជំនាញស្រាវជ្រាវ​ផ្នែកសុខភាព នៃសកលវិទ្យាល័យOxford ដែលបានចូលរួមសរសេរ​របាយការណ៍នេះ បានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលបាន​ចូលរួម​ក្នុងការសិក្សាស្រាវជ្រាវនេះ មាន១២៤៦នាក់ ដែលមានលទ្ធផលតេស្តវិជ្ជមាន​កូវីដ១៩ ដែល​​មានអង់ទីក័រក្នុង​ខ្លួន ហើយ​ក្រោយ​មក​ មិនមានឆ្លង​កូវីដ១៩សាជាថ្មីទេ។ ចំណែក​ មនុស្ស៨៩នាក់ ផ្សេងទៀត ដែលមានលទ្ធផលតេស្តអវិជ្ជមាន និងគ្មានអង់ទីក័រ ក្រោយ​មក​បាន​ឆ្លងកូវីដ​១៩។ ដោយ​ឡែក មានតែមនុស្ស៣នាក់ប៉ុណ្ណោះ ដែលមានអង់ទីក័រប្រឆាំងកូវីដ១៩រួចហើយ តែ​​ក្រោយ​មក​បាន​ឆ្លងមេរោគនេះម្តងទៀត ប៉ុន្តែមានសុខភាពល្អធម្មតាទេ។

អ្នកជំនាញ​រូបនេះអះអាងថា ជាការសន្និដ្ឋាន គឺអ្នកដែលឆ្លងកូវីដ​១៩​ម្តងហើយ គឺអាចមានអង់ទីក័រការពារខ្លួន ក្នុងរយៈពេល​យ៉ាងហោច៦ខែ មិនឲ្យ​ឆ្លងជាលើកទី២។ តែយ៉ាងណា លោកទទួលស្គាល់ថា កម្លាំងរបស់ប្រព័ន្ធអង់ទីក័រនេះ អាចចុះថយ​ទៅតាមពេលវេលា។

គួរបញ្ជាក់ថា ការសិក្សានេះ នៅមិនទាន់ចប់នៅឡើយ​ទេ ដោយ​ក្រុមការងារនៅតែបន្តស្រង់ទិន្នន័យ។ មួយវិញទៀត ការសន្និដ្ឋាននេះ នៅមិនទាន់មាន​ការផ្តល់យោបល់ ពីអ្នកជំនាញ​ផ្សេងទៀតនៅឡើយដែរ។ អ្នកជំនាញ​សកលវិទ្យាល័យ Oxford កំពុងប្រមូលទិន្នន័យបន្ថែម ដើម្បីចង់ដឹងអំពីស្ថានភាពជំងឺមាន​កម្រិតធ្ងន់ធ្ងរប៉ុណ្ណា ក្នុងករណី​មនុស្ស​ម្នាក់ឆ្លងកូវីដ១៩ ជាលើកទី២ បើទោះបី​ជា​​មាន​ប្រព័ន្ធ​អង់ទីក័រក្នុងខ្លួនរួចហើយក្តី។

ទោះយ៉ាងយ៉ាងក៏ដោយ នេះ​ជារបាយការណ៍ សិក្សាស្រាវជ្រាវ ដែលបានបង្ហាញក្តីសង្ឃឹមខ្លះដែរ ខណៈដែលកន្លងមក អ្នកជំនាញ​មិនមានទិន្នន័យណាមួយ​ ស្តីអំពីប្រព័ន្ធអង់ទីក័រ របស់អ្នកដែលធ្លាប់ឆ្លងកូវីដ​១៩​ទេ។ យោងតាមតួលេខផ្លូវការ នៅទូទាំងពិភពលោក មានអ្នកឆ្លងកូវីដ១៩ ចំនួន​ជាង​៥៦លាននាក់ ដែលក្នុងចំណោមនេះ គឺមាន​ជាង​៣៦លាននាក់ ដែលត្រូវគេចាត់​ទុកថាបានជាសះស្បើយ។ បើ​មានប្រព័ន្ធអង់ទីក័រ​ការពារ​ សម្រាប់អ្នកដែលជាសះស្បើយ អាចមានន័យថា អ្នកនោះនឹងមិន​ឆ្លងមេរោគនេះជាថ្មីទៀតទេ យ៉ាងហោចណាស់ ក្នុងរយៈពេល​មួយកំណត់។

ដោយឡែក មានការសិក្សាស្រាវជ្រាវមួយទៀត ធ្វើឡើងដោយ Imperial College of London បានសន្និដ្ឋានថា ប្រព័ន្ធអង់ទីក័រក្នុង​ខ្លួន​អ្នកដែលជាសះស្បើយ​ពីកូវីដ១៩ គឺអាចរលាយ​សាបសូន្យ​ទៅវិញក្នុងរយៈពេលខ្លី ជាពិសេសនោះ គឺក្នុងករណីដែលមនុស្ស​នោះ ពុំមាន​ចេញជាអាការៈ​ជម្ងឺ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ