អានតួអត្ថបទ
អាមេនី-អាស៊ែបៃហ្សង់-រុស្ស៊ី

អាមេនីចង់ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ បច្ចេកវិទ្យា និងយោធាជាមួយរុស្ស៊ី

ជំនួបរវាងប្រមុខ​ការទូតរុស្ស៊ី​លោក Sergei Lavrov (រូបឆ្វេង) និង​នាយករដ្ឋមន្រ្តី​អាមេនី​លោក Nikol Pashinyan ក្នុង​ទីក្រុង​យ៉េរ៉េវ៉ាន់ ប្រទេស​អាមេនី ថ្ងៃទី២១ វិច្ឆិកា ២០២០
ជំនួបរវាងប្រមុខ​ការទូតរុស្ស៊ី​លោក Sergei Lavrov (រូបឆ្វេង) និង​នាយករដ្ឋមន្រ្តី​អាមេនី​លោក Nikol Pashinyan ក្នុង​ទីក្រុង​យ៉េរ៉េវ៉ាន់ ប្រទេស​អាមេនី ថ្ងៃទី២១ វិច្ឆិកា ២០២០ AFP - HANDOUT
១៧ នាទី

នៅ​ក្នុង​ប្រទេស​អាមេនី នាយករដ្ឋមន្រ្តី​លោក​នីកូល ប៉ាឈីញ៉ង់​បាន​ទទួល​ជួប​គណៈប្រតិភូ​រុស្ស៊ី​មួយ​ក្រុម​ដឹកនាំ​ដោយ​រដ្ឋមន្រ្តី​ការពារជាតិ​លោក Sergueï Choïgou និង​រដ្ឋមន្រ្តី​ការបរទេស​លោក Sergueï Lavrov។ នៅ​ក្នុង​ជំនួប​ជាមួយ​លោក Choïgou លោក​ប៉ាឈីញ៉ង់​បាន​ថ្លែង​ពី​ការ​ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សន្តិសុខ បច្ចេកវិទ្យា និង​យោធា​ជាមួយ​ប្រទេស​រុស្ស៊ី។ បន្ទាប់​ពី​អាមេនី គណៈប្រតិភូ​រុស្ស៊ី​បាន​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​អាស៊ែបៃហ្សង់​ទៀត។ វត្តមាន​គណៈប្រតិភូ​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ឡើង ក្រោយ​អាមេនី និង​អាស៊ែបៃហ្សង់​បាន​ចុះ​កិច្ចព្រមព្រៀង​ឈប់បាញ់​មួយ​កាល​ពី​ថ្ងៃទី៩ វិច្ឆិកា​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន។

ផ្សាយពាណិជ្ជកម្ម

ជិត ២សប្តាហ៍​ក្រោយ​អាមេនី និង​អាស៊ែបៃហ្សង់​បាន​ព្រមព្រៀង​ឈប់បាញ់​តាម​គំនិត​ផ្តួចផ្តើម​របស់​រុស្ស៊ី​មក នេះ​ជា​លើកទី១ ដែល​មាន​គណៈប្រតិភូ​រុស្ស៊ី​មួយ​ក្រុម​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ទាំង​ពីរ។ នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ការពារជាតិ​រុស្ស៊ី​លោក Sergueï Choïgou នាយករដ្ឋមន្រ្តី​អាមេនី​លោក​ប៉ាឈីញ៉ង់​បាន​ប្រាប់​លោក Choïgou ដោយ​មិន​លាក់លៀម​ថា អាមេនី​សង្ឃឹម​ពង្រឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រុស្ស៊ី​ក្នុង​វិស័យ​សន្តិសុខ បច្ចេកវិទ្យា និង​យោធា។ លោក​ប៉ាឈីញ៉ង់​យល់​ថា ស្ថានការណ៍​សព្វថ្ងៃ​មាន​ការ​លំបាក​ខ្លាំង​ជាង​មុន​សង្រ្គាម​ទៅ​ទៀត។ សង្រ្គាម​ដែល​លោក​ប៉ាឈីញ៉ង់​ចង់​និយាយ​នេះ គឺ​សង្រ្គាម​ជាមួយ​អាស៊ែបៃហ្សង់​នៅ​ក្នុង​តំបន់​ការ៉ាបាក់។

គួរ​រម្លឹក​ថា កម្លាំងប្រដាប់អាវុធ​អ្នក​ទាមទារ​ឯករាជ្យ​ក្នុង​តំបន់​ការ៉ាបាក់​ដែល​គាំទ្រ​ដោយ​កម្លាំងទ័ព​អាមេនី​បាន​ផ្ទុះ​សង្រ្គាម​នឹង​កម្លាំងទ័ព​អាស៊ែបៃហ្សង់​អស់​រយៈពេល ៦សប្តាហ៍។ គឺ​ទើប​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​រុស្ស៊ី​ដែល​អាមេនី និង​អាស៊ែបៃហ្សង់​បាន​យល់ព្រម​ចុះ​ហត្ថលេខា​លើ​បទឈប់បាញ់​ក្នុង​ថ្ងៃទី៩ វិច្ឆិកា។ ជាមួយ​នឹង​បទឈប់បាញ់​នេះ រុស្ស៊ី​គ្រោង​ដាក់​ពង្រាយ​កម្លាំង​រក្សា​សន្តិភាព​ចំនួន ២ ០០០នាក់​នៅ​ក្នុងតំបន់ Nagory Karabakh។ រីឯ​តំបន់ Aghdam  បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​អាស៊ៃបៃហ្សង់​ដែល​អាមេនី និង​កម្លាំង​អ្នក​ទាមទារ​ផ្តាច់ទឹកដី​នៅ​តំបន់​ការ៉ាបាក់​បាន​កាន់កាប់​តាំង​ពី​ជិត ៣០ឆ្នាំ។

អ៊ីចឹង​ហើយ​បាន​ជា​មក​ទល់​ពេល​នេះ ប្រជាជន​អាមេនី និង​ក្រុម​គណបក្សប្រឆាំង​បន្ត​ខឹង​សម្បារ​នឹង​ការ​សម្រេចចិត្ត​របស់​លោក​ប៉ាឈីញ៉ង់​ដោយ​ចោទ​លោក​ជា​ជនក្បត់ជាតិ និង​ទាមទារ​ឲ្យ​ចុះ​ចេញ​ពី​តំណែង។ តែ​លោក​ប៉ាឈីញ៉ង់​បដិសេធ និង​បាន​សម្រេច​ប្តូរ​រដ្ឋមន្រ្តី​ការពារជាតិ និង​រដ្ឋមន្រ្តី​ការបរទេស។ ក្នុង​ថ្ងៃ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​រុស្ស៊ី មាន​ប្រជាជន​អាមេនី​ប្រមាណ ៤ ០០០នាក់​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ដោយ​បន្ត​ទាមទារ​ឲ្យ​លោក​ប៉ាឈីញ៉ង់​លា​ពី​តំណែង។ ក្រុម​បាតុករ​យល់​ថា មាន​តែ​ការ​ចុះ​ពី​អំណាច​របស់​លោក​ប៉ាឈីញ៉ង់​ទេ​ទើប​អាមេនី​រក​ឃើញ​សេចក្តី​ថ្លៃថ្នូរ​ឡើង​វិញ។

ចំណែក​ប្រមុខ​ការទូត​រុស្ស៊ី​លោក Sergueï Lavrov បាន​រម្លឹក​ការ​គាំទ្រ​ជា​ថ្មី​ចំពោះ​ការ​សម្រេចចិត្ត​របស់​លោក​ប៉ាឈីញ៉ង់។ លោក Lavrov យល់​ថា កិច្ចព្រមព្រៀង​ឈប់បាញ់​ជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ដោះស្រាយ​បញ្ហា និង​ជួយ​ស្រោចស្រង់​ជីវិត​មនុស្ស។ បន្ទាប់​ពី​អាមេនី គណៈប្រតិភូ​រុស្ស៊ី​បន្ត​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អាស៊ែបៃហ្សង់​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ