អានតួអត្ថបទ
WHO-កូវីដ១៩

អង្គការ WHO ព្រមានពីរលកឆ្លងជំងឺកូវីដ១៩ លើកទី៣ នាដើមឆ្នាំ ២០២១ នៅអឺរ៉ុប

លោកដាវីដ ណាបារ៉ូ អ្នករាយការណ៍ពិសេសរបស់អង្គការសុខភាពពិភពលោក
លោកដាវីដ ណាបារ៉ូ អ្នករាយការណ៍ពិសេសរបស់អង្គការសុខភាពពិភពលោក AP - Sandro Campardo
១៦ នាទី

នៅ​ថ្ងៃ​អាទិត្យ ទី២២ វិច្ឆិកា អង្គការ​សុខភាព​ពិភពលោក​ហៅកាត់​ជា​ភាសា​អង់គ្លេស WHO បាន​ព្រមាន​ពី​រលកឆ្លង​លើកទី៣ នា​ដើម​ឆ្នាំ ២០២១ នៅ​អឺរ៉ុប។ ការ​ព្រមាន​នេះ​បាន​លើក​ឡើង​ដោយ​លោក​ដាវីដ ណាបារ៉ូ អ្នករាយការណ៍ពិសេស​របស់ WHO នៅ​ក្នុង​បទសម្ភាសន៍​មួយ​ឲ្យ​ក្រុម​សារព័ត៌មាន​ក្នុង​ប្រទេស​ស៊្វីស​ក្នុង​ថ្ងៃ​អាទិត្យ ទី២២ វិច្ឆិកា។ លោក​ណាបារ៉ូ​យល់​ថា វិធានការ​ដែល​ប្រទេស​អឺរ៉ុប​កំពុង​អនុវត្ត​នៅ​ក្នុង​រលកឆ្លង​លើកទី២ ពេល​នេះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។ តាម​លោក​ណាបារ៉ូ រដ្ឋាភិបាល​ក្នុង​ប្រទេស​អឺរ៉ុប​ត្រូវ​ពង្រឹង និង​ពង្រីក​វិធានការ​ចាំ​បាច់​ឲ្យ​បាន​ច្រើន​ជាង​នេះ​ដើម្បី​បញ្ជៀស​រលកឆ្លង​លើកទី៣​នា​ពេល​ខាង​មុខ។

ផ្សាយពាណិជ្ជកម្ម

ខណៈ​ដែល​មាន​ប្រទេស​អឺរ៉ុប​ខ្លះ​កំពុង​បន្ត​រុំារ៉ៃ និង​ខ្លះ​ទៀត​ហាក់​បាន​ធូរស្រាល​បន្តិច​នៅ​ក្នុង​រលកឆ្លង​កូវីដ១៩ លើក​ទី២ អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ទុក​ជា​មុន​រួច​ជា​ស្រេច​ពី​រលកឆ្លង​លើកទី៣ នា​ដើម​ឆ្នាំ ២០២១ ខាង​មុខ។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ក្រុម​សារព័ត៌មាន​ក្នុង​ប្រទេស​ស៊្វីស អ្នករាយការណ៍ពិសេស​របស់ WHOលោក​ដាវីដ ណាបារ៉ូ​បាន​បញ្ជាក់​ថា ការ​ដែល​អឺរ៉ុប​បាន​ស្គាល់​រលកឆ្លង​កូវីដ១៩ លើកទី២ ពេល​នេះ ក៏​ដោយសារ​តែ​រដ្ឋាភិបាល​នៃ​ប្រទេស​អឺរ៉ុប​មិន​បាន​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំ​បាច់​នា​រដូវក្តៅ​កន្លង​មក​ទេ ពោល​បន្ទាប់​ពី​បាន​ទប់ស្កាត់ និង​គ្រប់គ្រង​កូវីដ១៩ បាន​នៅ​ក្នុង​រលកឆ្លង​លើក​ទី១។

នៅ​ក្នុង​ន័យ​នេះ និង​ដើម្បី​បញ្ជៀស​រលកឆ្លង​កូវីដ១៩ លើកទី៣ នា​ពេល​ខាង​មុខ លោក​ដាវីដ ណាបារ៉ូ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​អឺរ៉ុប​ពង្រឹង និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំ​បាច់​ជា​បន្ទាន់។ ហេដ្ឋារចនាសម្ព័ន្ធ​ចាំ​បាច់​ជា​បន្ទាន់​ដែល​លោក​ណាបារ៉ូ​ចង់​និយាយ គឺ​ការ​ធ្វើ​តេស្តិ៍​ទ្រង់ទ្រាយ​ធំ ធ្វើ​ចត្តាឡីសក​អ្នក​វិជ្ជមាន​កូវីដ១៩ និង​តាម​ពិនិត្យ​ឃ្លាំមើល​អ្នក​វិជ្ជមាន​កូវីដ១៩ ឲ្យ​បាន​មត់ចត់ រួម​ទាំង​ការ​គោរព​ត្រឹមត្រូវ​នូវ​វិធានការ​អនាម័យ​នានា​ដូច​យ៉ាង​ការ​ពាក់ម៉ាស ឬ​គម្លាតសុវត្ថិភាព។ អ្នករាយការណ៍ពិសេស​របស់ WHO ជនជាតិ​អង់គ្លេស​រូប​នេះ​ដដែល​យល់​ថា មាន​តែ​ការ​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​វិធានការ​ទាំង​អស់​ទេ​ទើប​គេ​អាច​បំបែក​បាន​នូវ​សង្វាក់​នៃ​ការ​ចម្លង​កូវីដ១៩។

លោក​ណាបារ៉ូ​បាន​លើក​ឧទាហរណ៍​នៅ​ក្នុង​ប្រទេស​អាស៊ី​ដែល​ប្រជាជន​បាន​រួមសហការ​យ៉ាង​ពេញលេញ​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ដូច​ជា​ប្រទេស​កូរ៉េខាងត្បូង។ « នៅ​អាស៊ី វិធានការ​ទប់ស្កាត់​កូវីដ១៩ ត្រូវ​បាន​លើក​ចេញ​វិញ​នៅ​ពេល​ដែល​ករណី​ឆ្លង​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត។ ប្រជាជន​បាន​ប្រកាន់​យក​ត្រឹមត្រូវ​នូវ​អាកប្បកិរិយា​ដែល​ទប់ស្កាត់​ការ​ឆ្លង​កូវីដ១៩ ដូច​យ៉ាង​រក្សា​គម្លាត​សុវត្ថិភាព ពាក់ម៉ាស លាងដៃ ធ្វើ​ចត្តាឡីសក​ខ្លួន​ឯង​នៅ​ពេល​ឈឺ ជូតសំអាត​ទីកន្លែង​ដែល​វីរុស​អាច​តោង និង​ចូលរួម​ការពារ​ក្រុម​មនុស្ស​ងាយ​រងគ្រោះ » នេះ​ជា​ការ​អះអាង​បន្ថែម​របស់​លោក​ណាបារ៉ូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ