លោកសាកូហ្ស៊ី អតីតប្រធានាធិបតីបារាំង បង្ហាញខ្លួននៅតុលាការ ជាប់ចោទពីបទពុករលួយ
ចុះផ្សាយនៅថ្ងៃ៖
លោក នីកូឡា សាកូហ្ស៊ី អតីតប្រធានាធិបតីបារាំង បានចូលខ្លួននៅតុលាការក្រុងប៉ារីស កាលពីថ្ងៃចន្ទ ទី២៣វិច្ឆិកា នៅក្នុងសវនាការឿងក្តីពុករលួយ ដែលលោកត្រូវជាប់សង្ស័យ។ គួរបញ្ជាក់ថា នេះជាលើកទីមួយហើយ សម្រាប់បារាំង ដែលអតីតប្រធានាធិបតីម្នាក់ ត្រូវជាប់ចោទពីបទប្រព្រឹត្តិអំពើពុករលួយ។ លោកនីកាឡា សាកូហ្ស៊ី តែងតែអះអាងជានិច្ច ថាលោកមិនបានប្រព្រឹត្តិអំពើពុករលួយទេ ហើយថាការចោទនេះ ជាការរៀបចំ ដើម្បីកំទេចជីវិតនយោបាយរបស់លោក។
ក្នុងវ័យ៦៥ឆ្នាំ ប្រកបដោយអាកប្បកិរិយារហ័សរហួន លោកនីកូឡា សាកូហ្ស៊ី អតីតប្រធានាធិបតីបារាំង បានបង្ហាញខ្លួនក្នុងសវនកា នៅតុលាការបទល្មើសមជ្ឈឹមក្រុងប៉ារីស ថ្ងៃទី២៣វិច្ឆិកា។ ជនជាប់ចោទម្នាក់ទៀត ឈ្មោះ Thierry Herzog គឺជាមេធាវី និងជាមិត្តស្និទស្នាលនឹងលោកសាកូហ្ស៊ី ក៏មានវត្តមានផងដែរ។ ចំណែកជនជាប់ចោទទី៣ គឺលោកចៅក្រម Gilbert Azibert មិនមានវត្តមានទេ ដោយសារតុលាការបានសម្រេច បញ្ជូនទៅកាន់សវនាកាមួយទៀត ដាច់ដោយឡែក។
គួរំលឹកថា ដើមហេតុដំបូង គឺនៅខែកញ្ញាឆ្នាំ២០១៣ រដ្ឋអាជ្ញាបារាំង បានសម្រេចលបស្តាប់ទូរស័ព្ទរបស់លោក សាកូហ្ស៊ី ដែលពាក់ព័ន្ធនៅក្នុងសំណុំរឿងមួយទៀត គឺរឿងសង្ស័យទទួលប្រាក់ពីមេដឹកនាំលីប៊ី យកមកចំណាយឃោសនាបោះឆ្នោត។ នៅដើមឆ្នាំ២០១៤ មន្ត្រីស៊ើបអង្កេត បានលបស្តាប់ដឹងថា លោកសាកូហ្ស៊ី បានទាក់ទងជាសំងាត់ ជាមួយមេធាវីឈ្មោះ Thierry Herzog ដោយបន្លំប្រើឈ្មោះក្លែងក្លាយ ថា «Paul Bismuth» ។
ក្រុមស៊ើបអង្កេត អះអាងថា លោកសាកូហ្ស៊ី បាននិយាយប្រាប់ទៅលោក Thierry Herzog ថាលោកនឹងធានាធ្វើអន្តរាគមន៍ ជួយឲ្យលោកចៅក្រម Gilbert Azibert បានទទួលតំណែងធំមួយ នៅម៉ូណាកូ។ តែក្រោយមក ដោយដឹងថា សមត្ថកិច្ចលបស្តាប់ទូរស័ព្ទ អ្នកទាំង៣ ក៏បាន បោះបង់ចោលផែនការនេះវិញ។
លោក Paul-Albert Iweins មេធាវី លោក Thierry Herzog បានលើកឡើងថា ការសន្ទនាគ្នាតាមទូរស័ព្ទ ដែលគេយកមកសំអាង ដើម្បីចោទប្រកាន់កូនក្តីលោក គឺជាការនិយាយគ្នាធម្មតា ក្នុងនាមជាមិត្តភក្តិស្និទស្នាល តែប៉ុណ្ណោះ ពុំមានការឃុបឃិតគ្នាណាមួយឡើយ។
ដូចគ្នាដែរ លោកសាកូហ្ស៊ី តែងតែអះអាងជានិច្ចថា ការចោទប្រកាន់នេះ គឺជាការរៀបចំបែបនយោបាយ ដើម្បីរារាំងលោក មិនឲ្យឈរឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៧។ សូមបញ្ជាក់ថា ជាប់ចោទពីបទ ប្រព្រឹត្តិអំពើពុករលួយ និងប្រើប្រាស់ឥទ្ធិពលខុសច្បាប់ លោកនីកូឡា សាកូហ្ស៊ី អាចប្រឈមនឹងទោសជាប់ពន្ធនាគារ១០ឆ្នាំ បន្ថែមជាមួយប្រាក់ពិន័យ ចំនួន១លានអឺរ៉ូ។ ក្រៅពីសំណុំរឿងនេះ លោកសាកូហ្ស៊ី ត្រូវប្រឈមនឹងការចោទប្រកាន់មួយផ្សេងទៀត នៅក្នុងសំណុំរឿង ប្រាក់ឃោសនាបោះឆ្នោតឆ្នាំ២០១២៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ