អានតួអត្ថបទ

ហុងគ្រី​ដើរផ្ទុយ​នយោបាយ​​សហភាពអឺរ៉ុប ដោយ​ទទួល​យក​វ៉ាក់សាំង​Sputnik របស់រុស្ស៊ី

រដ្ឋមន្រ្តី​សុខាភិបាល​រុស្ស៊ី លោក​ Mikhail Murashko, (ឆ្វេង) និយាយជាមួយ រដ្ឋមន្រ្តី​ការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី លោក Peter Szijjarto នៅក្នុង​សន្និសីទ​កាសែត ថ្ងៃសុក្រទី ២៧ វិច្ឆិកា ២០២០
រដ្ឋមន្រ្តី​សុខាភិបាល​រុស្ស៊ី លោក​ Mikhail Murashko, (ឆ្វេង) និយាយជាមួយ រដ្ឋមន្រ្តី​ការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី លោក Peter Szijjarto នៅក្នុង​សន្និសីទ​កាសែត ថ្ងៃសុក្រទី ២៧ វិច្ឆិកា ២០២០ AP - Zoltan Mathe
ដោយ៖ ឈាង បុប្ផា
១៨ នាទី

តើរដ្ឋាភិបាល​ហុងគ្រី កំពុង​ដើរបែកឆ្វេង​ឬ​យ៉ាងណា? ផ្ទុយ​ពី ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ដទៃទៀត ហុងគ្រី បាន​ក្លាយ​ប្រទេស​សមាជិក​អឺរុប​ដំបូងគេ ដែល​បាន​បើកទ្វារ​ស្វាគម វ៉ាក់សាំង ប្រឆាំង​កូវីដ របស់​រុស្ស៊ី។ នៅថ្ងៃ​សុក្រ ទី ២៧ វិច្ឆិកា​រដ្ឋមន្រ្តី​ការបរទេស​ហុងគ្រី បានទទួល​ជួប​រដ្ឋមន្រ្តី​សុខាភិបាល​រុស្ស៊ី នៅ​ទីក្រុងBudapest​​។ នៅ​សប្តាហ៍នេះ រដ្ឋាភិបាល​ហុងគ្រី​បាន​បង្ហាញ​វីដេអូ យន្តហោះ ដឹក​វ៉ាក់សាំង Sputnik របស់​រុស្ស៊ី ដែល​​ទីក្រុង​Budapest​អះអាង​ថា នឹង​យក​ទៅ​ចាក់ធ្វើតេស្ត​សាកល្បង ក្នុង​ចំណោម​ប្រជាជន​ហុងគ្រី។ 

ផ្សាយពាណិជ្ជកម្ម

ដោយ​ទទួល​យក​វ៉ាក់សាំង​រុស្ស៊ី ឈ្មោះ​Sputnik  ហុងគ្រី បានចូលរួម​ជាមួយ ប្រទេស​បេឡារុស ឥណ្ឌា អារ៉ាប៊ី សាអូឌីត ដែល​យល់ព្រម​ធ្វើតេស្ត​សាកល្បង​វ៉ាក់សាំង ដែល​អាជ្ញាធរ​រុស្ស៊ី អះអាងថា មាន​ប្រសិទ្ធិភាព​ដល​ទៅ ៩៥%។

ដំណាក់កាល​ធ្វើតេស្ត​សាកល្បង​នៅ ហុងគ្រី ធ្វើឡើង​ក្នុង​ទ្រង់ទ្រាយ​តូច ព្រោះថា មានតែ​វ៉ាក់សាំង ចំនួន ១០​ដូស​ប៉ុណ្ណោះ ដែល​គេ​ត្រូវ​ប្រើ​សម្រាប់​ធ្វើ​តេស្ត​សាកល្បង។ ប៉ុន្តែ ​រដ្ឋមន្រ្តី​ការបរទេស​ហុងគ្រី លោក​Peter Szijjato បានអះអាងថា បើសិន មាន​ភ្លើងខៀវ ពីអាជ្ញាធរ​សុខភាព ហុងគ្រី នៅក្រោយ​ការធ្វើតេស្ត​សាកល្បង គេ​នឹង​ទទួល​យកវ៉ាក់សាំង រុស្ស៊ី ក្នុង​ទ្រង់ទ្រាយ​ធំ មុន​នឹង​ក្រុមហ៊ុន​ក្នុង​ស្រុក​ហុងគ្រី អាច​ចាប់ផ្តើម​ផលិត​វ៉ាក់សាំង Sputnik របស់​រុស្ស៊ី នៅ​ឆ្នាំក្រោយ។ នៅក្នុង​ដំណាក់កាលនោះ រដ្ឋាភិបាល​នឹង​បញ្ជូន អ្នកជំនាញ​ហុងគ្រី ទៅ​ទីក្រុង​ម៉ូស្គូ។

ដោយ​ទទួល​យក​វ៉ាក់សាំង​បង្ការកូវីដ​របស់​រុស្ស៊ី ហុងគ្រី ក៏​មិនបាន​​បែរខ្នង ដាក់​វ៉ាក់សាំង​របស់​អាមេរិក ឬ​អង់គ្លេស​នោះដែរ។ តាម​រដ្ឋមន្រ្តីការបរទេស​ហុងគ្រី វា​ជានយោបាយ​បែប​មិនទទួល​ខុសត្រូវ បើសិន​គេ​បដិសេធ មិន​ទទួល​យក​វ៉ាក់សាំង ផ្សេង ដែល​មាន​ប្រសិទ្ធិភាព ច្បាស់លាស់ និង​លឿន​សម្រាប់​ប្រជាជន​ហុងគ្រី។ គឺ​ក្នុង​ហេតុផលនេះហើយ​ដែល​ហុងគ្រី ត្រូវ​សំឡឹង​បែរ​ទៅ​ទិសខាងកើត និងបង្កើន ទំនាក់ទំនង​ជាមួយ អ្នកផលិតវ៉ាក់សាំង​ផ្សេងទៀត ដូចជា​ចិន និង​អ៊ីស្រាអែល​ជាដើម។

ហុងគ្រី​ជា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ដំបូងគេ​ដែល​បាន​ស្វាគម​ទទួល​យក​វ៉ាក់សាំង រុស្ស៊ី ក្នុង​ពេល គណៈកម្មការ​អឺរ៉ុប​បាន​ចុះកិច្ចសន្យា​ទិញ​វ៉ាក់សាំង​របស់​ប្រទេស​លោកខាងលិច ដូចជា Pfizer Moderna Astrazeneca ឬ​Sanofi CureVac ជាដើម។ នៅ​ដើម​ខែ​នេះ គណៈកម្មការ​អឺរ៉ុប​បាន​ព្រមាន​រួចហើយ ថា ប្រទេស​សមាជិក​អឺរ៉ុប នឹង​មិនអាច​ចរាចរណ៍ ដាក់​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង ណា​ដែល​មិនបាន​ទទួល​ការត្រួតពិនិត្យ សិក្សា និង​ការអនុញ្ញាតិ​ពី​ទីភ្នាក់ងារ​ឱសថ អឺរ៉ុប។ សម្រាប់ អ្នកនាំពាក្យ​របស់​គណៈកម្មការ​អឺរ៉ុប ប្រទេស​សមាជិកអឺរ៉ុប​ដែល​ផ្គើន​នឹង​បម្រាម​របស់អឺរ៉ុប​នឹង​ទទួលការពិន័យ ព្រោះថា បើសិន​មាន​កំហុស នៅក្នុង​ការចាក់វ៉ាក់សាំង គឺ ជំនឿទុកចិត្ត​របស់​ប្រជាជន​ទៅលើ​វ៉ាក់សាំង នឹង​ត្រូវ​បំផ្លាញ ពិបាក​នឹង​ស្រោចស្រង់។

សម្រាប់អ្នកវិភាគ​នយោបាយ ដោយ​ទទួល​យក​វ៉ាក់សាំង​របស់​រុស្ស៊ី ហុងគ្រី គ្រាន់តែ​ចង់​ផ្គើនដាក់​សហភាព​អឺរ៉ុប ដែល​កំពុង​រិះគន់ ដាក់សម្ពាធរ​លើ​រដ្ឋាភិបាល​ហុងគ្រី ក្នុង​រឿង​រំលោភសិទ្ធិមនុស្ស និង​សិទ្ធិសេរីភាព​តុលាការ។ ហុងគ្រី​ត្រូវ​បាន​ប្រទេស​សមាជិក​អឺរ៉ុប​មួយចំនួន ចាត់ទុក​ជា​កូនអុក​របស់​រុស្ស៊ី នៅក្នុង​សហភាពអឺរ៉ុប និង​អង្គការ​អូតង់ ដើម្បី បន្ទុចបង្អាក់​ប្រទេស​លោក​ខាងលិច នៅចំពោះមុខ​រុស្ស៊ី។ ហុងគ្រី​វិញ មើលឃើញ​រុស្ស៊ី ជាបង្អែក នៅពេល​ខ្លួន​ត្រូវ​រង រិះគន់ និង​ឯកោរ នៅក្នុង​សហភាពអឺរ៉ុប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ