WHO៖យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់កំពុងជាប់គាំង
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃចន្ទ ទី៣០ វិច្ឆិកា អង្គការសុខភាពពិភពលោកហៅកាត់ជាភាសាអង់គ្លេស WHO បានចេញផ្សាយរបាយការណ៍មួយស្តីពីស្ថានភាពជំងឺគ្រុនចាញ់ក្នុងលោក។ នៅក្នុងរបាយការណ៍ WHO បានបង្ហាញក្តីបារម្ភពីភាពជាប់គាំងនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តាម WHO ជំងឺគ្រុនចាញ់បានសម្លាប់មនុស្សប្រមាណជា ៤០០ ០០០នាក់ក្នុងឆ្នាំ ២០១៩ កន្លងទៅ ហើយអាហ្រ្វិកបន្តជាតំបន់ដែលបានរងគ្រោះខ្លាំងជាងគេ។
WHO បានកត់សម្គាល់ឃើញថាក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ករណីឆ្លងជំងឺគ្រុនចាញ់មានលំនឹងដោយនៅក្នុងឆ្នាំ ២០១៩ ចំនួនអ្នកឆ្លងថ្មីមានប្រមាណជា ២២៩លាននាក់។ តែគឺយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះដែលហាក់កំពុងជាប់គាំងមួយកន្លែង។ បន្ទាប់ពីបានកាត់បន្ថយចំនួនអ្នកស្លាប់ពី ៧៣៦ ០០០នាក់ក្នុងឆ្នាំ ២០០០ មកនៅត្រឹម ៤១១ ០០០នាក់ក្នុងឆ្នាំ ២០១៨ និង ៤០៩ ០០០នាក់ក្នុងឆ្នាំ ២០១៩ WHO បានអំពាវនាវឲ្យមានការប្រឹងប្រែងបន្ថែមទៀតដើម្បីកាត់បន្ថយចំនួនអ្នកឆ្លង និងអ្នកស្លាប់ឲ្យបានច្រើនជាងនេះ។ តាម WHO កង្វះថវិកាជាដើមចមនៃភាពជាប់គាំងនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់។
WHO បានបញ្ជាក់ថាក្នុងឆ្នាំ ២០១៩ ថវិកាដែលទទួលបានពិតប្រាកដមានប្រមាណតែ ៣ ០០០លានដុល្លារប៉ុណ្ណោះនៅក្នុងថវិកាដែលសហគមន៍អន្តរជាតិបានសន្យាចំនួន ៥ ៦០០លានដុល្លារ។ អាហ្រ្វិកជាតំបន់ដែលបានរងគ្រោះខ្លាំងជាងគេ ព្រោះក្នុងចំនួនអ្នកស្លាប់ទាំងប្រមាណជា ៤០០ ០០០នាក់ក្នុងឆ្នាំ ២០១៩ មាន ៣៨៤ ០០០នាក់នៅទ្វីបអាហ្រ្វិក។ មានប្រទេសចំនួន ៤ ដែលបានស្រូបយកជិតពាក់កណ្តាលនៃករណីឆ្លងជំងឺគ្រុនចាញ់សរុបក្នុងលោកសម្រាប់ឆ្នាំ ២០១៩ គឺនីហ្សេរីយ៉ា អ៊ូហ្កង់ដា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងម៉ូសំប៊ិក។ « វាល្មមដល់ពេលដែលថ្នាក់ដឹកនាំអាហ្រ្វិក និងថ្នាក់ដឹកនាំផ្សេងទៀតលើលោកត្រូវរួមដៃគ្នាជាបន្តទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ » នេះជាការអំពាវនាវរបស់អគ្គនាយក WHO លោក Tedros។
លោក Tedros បានបន្ថែមថា មានតែការរួមសាមគ្គីគ្នាទេទើបគេអាចឈានទៅបំបាត់ជំងឺគ្រុនចាញ់នៅក្នុងលោកបានទាំងស្រុង។ ដោយឡែក នាយិកា WHO ប្រចាំអាហ្រ្វិកលោកស្រី Matshidiso Moeti បានថ្លែងថា យុទ្ធនាការបង្ការជំងឺគ្រុនចាញ់មិនត្រូវបានរំខានដោយជំងឺកូវីដ១៩ ទេ តែជំងឺកូវីដ១៩ កំពុងគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងរបស់ WHO ក្នុងការជំនះលើជំងឺគ្រុនចាញ់ ពិសេសការព្យាបាលអ្នកជំងឺ។ របាយការណ៍របស់ WHO បានគូសបញ្ជាក់ថាតាំងពីឆ្នាំ ២០០០ មាន ២១ប្រទេសបានទទួលជោគជ័យក្នុងការកម្ចាត់ជំងឺគ្រុនចាញ់។ នៅឥណ្ឌា យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់នារយៈពេល ២ឆ្នាំចុងក្រោយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ដោយចំនួនអ្នកឆ្លងធ្លាក់ចុះ ១៨% និងអ្នកស្លាប់ធ្លាក់ចុះ ២០%។
នៅអាស៊ីអាគ្នេយ៍ ៦ប្រទេសនៅតាមដងទន្លេមេគង្គកំពុងស្ថិតលើផ្លូវឆ្ពោះទៅសម្រេចគោលដៅកម្ចាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឆ្នាំ ២០៣០។ ចន្លោះឆ្នាំ ២០០០ និង ២០១៩ ប្រទេសទាំង ៦ នៅតាមដងទន្លេមេគង្គបានកាត់បន្ថយចំនួនអ្នកឆ្លងជំងឺគ្រុនចាញ់ដល់ទៅ ៩០%៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ