អានតួអត្ថបទ

អូតង់​បើក​កិច្ចប្រជុំ​ចុងក្រោយ នៅមុន​បិទទំព័រ​អាណត្តិ​លោកដូណាល់ ត្រាំ

លោកដូណាល់ ត្រាំ នៅក្នុង​ជំនួបកំពូល​អូតង់ នៅខែ ធ្នូ ឆ្នាំ ២០១៩
លោកដូណាល់ ត្រាំ នៅក្នុង​ជំនួបកំពូល​អូតង់ នៅខែ ធ្នូ ឆ្នាំ ២០១៩ REUTERS - Christian Hartmann
ដោយ៖ ឈាង បុប្ផា
១៨ នាទី

សម្ព័ន្ធ​អាត្លង់ទិក អូតង់ រង់ចាំ​ដោយ​អន្ទះសារ ដើម្បី បិទទំព័រ​អាណត្តិ​លោកដូណាល់ ត្រាំ និង​ស្វាគម​ ប្រធានាធិបតី​អាមេរិក​ថ្មី លោកចូ បៃដិន។ តាំង​ពី​ថ្ងៃ​ចន្ទ អគ្គលេខាធិការ​អង្គការ​អូតង់ បាន​ផ្ញើ​សំបុត្រ​មួយច្បាប់ ដើម្បី អញ្ជើញ លោកចូ បៃដិន ឲ្យ​ចូលរួម​ក្នុង​ជំនួបកំពូល​អូតង់ ដែល​ត្រូវគ្រោង​ធ្វើ នៅក្រោយ ថ្ងៃ​ប្រកាស​ចូល​កាន់តំណែង​របស់​លោកចូ បៃដិន នៅថ្ងៃទី ២០​មករា​ឆ្នាំក្រោយ។ នៅក្នុង​ពេល​រង់ចាំ ប្រធានាធិបតី​អាមេរិក​ថ្មី អូតង់​ត្រូវ​រៀបចំ​កិច្ចប្រជុំ​ចុងក្រោយ​ជាមួយ រដ្ឋមន្រ្តី​ការបរទេស របស់អាណត្តិ​លោក​ដូណាល់ ត្រាំ នៅ ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ​ដើមសប្តាហ៍នេះ។ 

ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី ការបរទេស នៅ ទីស្នាក់ការ​អូតង់ នៅថ្ងៃ​អង្គារ គឺ​ជា​កិច្ចប្រជុំ​ចុងក្រោយ​របស់​លោក​Mike Pompeo រដ្ឋមន្រ្តី របស់​រដ្ឋបាល​លោកដូណាល់ ត្រាំ។ ប្រឈម​នឹង​រុស្ស៊ី​ដែល បំពាក់​អាវុធ កាន់តែ​ទំនើប ហើយនិង ចិន ដែល​បាន​បង្កើន​ឥទ្ធិពល​អំណាច​ទាំងសេដ្ឋកិច្ច និង​យោធា នៅក្នុង​ពិភពលោក កិច្ចប្រជុំ​របស់​ប្រទេស​សមាជិក​អូតង់ ត្រូវ​ផ្តោតសំខាន់​ទៅលើ​អនាគ​យុទ្ធសាស្រ្ត របស់​សម្ព័ន្ធ​អាត្លង់ទិក។

ប៉ុន្តែ សម្រាប់​អ្នកជំនាញ គេ​នឹង​មិនរំពឹងថា នឹង​ការសម្រេច ធំដុំ នៅក្រោយ កិច្ចប្រជុំ​ដែល​មាន​ការចូលរួម​ជាលើកចុងក្រោយ របស់​រដ្ឋមន្រ្តីការបរទេស​របស់លោក​ដូណាល់ ត្រាំ នោះទេ។ អូតង់​ចង់​បើក​ជំនួបកំពូល ជាមួយ ​លោក​ចូ បៃដិន ពោល​គឺ​នៅប៉ុន្មាន​ថ្ងៃ ក្រោយ លោក​ចូ បៃដិន ស្បថ​ចូលកាន់តំណែង​ជា​ប្រធានាធិបតី អាមេរិក​នៅ ខែ​មករា ឆ្នាំក្រោយ។

នៅថ្ងៃ​ចន្ទ អគ្គលេខាធិការ​របស់​អង្គការ​អូតង់ លោក Jens Stolteberg ​បាននិយាយ​ថា លោក​បាន​ផ្ញើសំបុត្រអញ្ជើញ ទៅលោក​ចូ បៃដិន​រួចហើយ។ សម្រាប់​អគ្គលេខាធិការ​អង្គការ​អូតង់ លោក​ចូ បៃដិន ដែល​ធ្លាប់​ជា​អ្នកគាំទ្រ​មួយ​របស់​អូតង់ នឹង​ជំរុញ​ឲ្យ​អាមេរិក​ដើរតួសំខាន់​ឡើងវិញ នៅក្នុង​សម្ព័ន្ធ​អូតង់ ដែល​កំពុង​ប្រឈម​នឹង​វិបត្តិផ្ទៃក្នុង ដូចជា​ជម្លោះ​រវាង​ប្រទេស​សមាជិក តួកគី​និង​បណ្តា​ប្រទេស​អឺរ៉ុប​ជាដើម។

អូតង់ ស្វាគម​លោកចូ បៃដិន ជា​ប្រធានាធិបតី អាមេរិកថ្មី ដោយ ​បាន​បិទទំព័រ បែរខ្នង​ដាក់​លោកដូណាល់ ត្រាំ ដែល ធ្លាប់​និយាយ​ថា អូតង់ ចាស់ហួសគំរិល និង​គំរាម​ដក​អាមេរិក បើសិន​អឺរ៉ុប មិន​ព្រម​បន្ថែម​ថវិកា​ក្នុង​កេស​លុយ​របស់​អូតង់។

ប៉ុន្តែ សម្រាប់​មន្រ្តីទូត​អឺរ៉ុបម្នាក់ ដែល​សុំ​មិន​បញ្ចេញឈ្មោះ អាមេរិក​បាន​ផ្លាស់ប្តូរ​មេដឹកនាំមែន ប៉ុន្តែ គេ​មិន​សង្ឃឹម​ថា យុទ្ធសាស្រ្ត នយោបាយ​ការបរទេស​របស់​អាមេរិក​នឹង​មានការផ្លាស់ប្តូរ​ច្រើន​នោះទេ។ អាមេរិក​ដែល​កំពុង​ជួប​វិបត្តិកូវីដ មាន​បញ្ហា​សេដ្ឋកិច្ច​ក្នុង​ស្រុក អាមេរិក​នឹង​បន្ត​នយោបាយ​ដកកងទ័ព​ពីបរទេស ហើយ​និង​ ទាមទារ​ឲ្យ​អឺរ៉ុបវិភាគទាន និង​ចូលរួម​ច្រើនជាងមុន នៅក្នុង​បេសកកម្ម របស់​អូតង់ នៅក្នុង​កាលៈទេសៈ ដែល​អាមេរិក​របស់​លោកដូណាល់ ត្រាំ​ទើប​បាន​ប្រកាស​ដក​កងទ័ព​អាមេរិក​ជា​បន្តបន្ទាប់ ចេញពី បេសកកម្ម Resolute Support​របស់​អូតង់ នៅ អាហ្វហ្កានីស្ថាន និង​នៅអ៊ីរ៉ាក់។ ការសម្រេចចិត្ត​សំខាន់ៗ នឹង​ធ្វើ​ឡើង​នៅក្នុង​ជំនួបកំពូល​របស់​អូតង់​នៅ ដើម​ឆ្នាំក្រោយ។ គឺ​នៅពេលនោះហើយ​គេ​នឹង​ដឹងថា តើ​អនាគត​ប្រធានាធិបតី​អាមេរិក​ថ្មី នឹង​សម្រេច​បញ្ជូនទ័ព​អាមេរិក​ទៅ​កាន់​អាហ្វហ្កានីស្ថានសាជាថ្មី​វិញ ឬ​មួយក៏ ប្រទេស​សម្ព័ន្ធមិត្ត​ផ្សេងទៀត ដែល​អ្នក​ត្រូវ​បន្ថែម​កម្លាំងទ័ព សម្រាប់​បេសកកម្ម​របស់អូតង់ នៅ​អាហ្វហ្កានីស្ថាន នៅក្នុង​ករណី ការចរចា ដើម្បី​សន្តិភាព​អាហ្វហ្កានីស្ថាន ត្រូវ​បរាជ័យ​ធ្លាក់ទឹក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ