អានតួអត្ថបទ

NGO៖ទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការមិនជឿទុកចិត្តជាកត្តាចាំបាច់ដើម្បីឲ្យវ៉ាក់សាំងបង្ការកូវីដ១៩ ទទួលបានជោគជ័យ

លោកហ្រ្វង់សេស្កូ រ៉ូកា ប្រធានអង្គការកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ
លោកហ្រ្វង់សេស្កូ រ៉ូកា ប្រធានអង្គការកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ AP - Salvatore Di Nolfi
១៥ នាទី

ប្រធាន​អង្គការ​កាកបាទក្រហម និង​អឌ្ឍចន្ទក្រហម​អន្តរជាតិ​លោក​ហ្រ្វង់សេស្កូ រ៉ូកា​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ ទី៣០ វិច្ឆិកា​ថា ដើម្បី​ឲ្យ​វ៉ាក់សាំងបង្ការ​កូវីដ១៩ ទទួល​បាន​ជោគជ័យ គេ​ត្រូវ​ប្រយុទ្ធប្រឆាំង​ក្នុង​ពេល​តែ​មួយ​ទល់​នឹង​ព័ត៌មាន​ក្លែងក្លាយ និង​ការ​មិន​ជឿ​ទុកចិត្ត។ លោក​ហ្រ្វង់សេស្កូ រ៉ូកា​បាន​បន្ថែម​ដោយ​ព្រមាន​ថា ការ​មាន​វ៉ាក់សាំង​មួយ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ឡើយ។ ទន្ទឹម​គ្នា​នេះ លោក​រ៉ូកា​ក៏​បាន​លើក​ឡើង​ពី​ភាព​មិន​ទទួល​បាន​ព័ត៌មាន​របស់​សហគមន៍​ស្តីពី​ជំងឺ​កូវីដ១៩។

ផ្សាយពាណិជ្ជកម្ម

ប្រធាន​អង្គការ​កាកបាទក្រហម និង​អឌ្ឍចន្ទក្រហម​អន្តរជាតិ​លោក​ហ្រ្វង់សេស្កូ រ៉ូកា​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​កិច្ចប្រជុំកំពូល​នៃ​ថ្នាក់ដឹកនាំ​ពិភពលោក​រៀបចំ​ដោយ​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​សប្តាហ៍​កន្លង​ទៅ។ លោក​ហ្រ្វង់សេស្កូ រ៉ូកា​បាន​សម្តែង​ក្តីបារម្ភ​ពី​កំណើន​នៃ​ភាព​មន្ទិលសង្ស័យ​ក្នុង​លោក​លើ​អនាគត​វ៉ាក់សាំង​បង្ការ​កូវីដ១៩។ ការ​លើក​ឡើង​នេះ​ដោយ​លោក​រ៉ូកា​បាន​សំអាង​លើ​លទ្ធផល​នៃ​ការ​សិក្សា​ថ្មីៗ​របស់ Johns Hopkins University នៅ​ក្នុង ៦៧ប្រទេស​ចន្លោះ​ខែ​កក្កដា និង​តុលា​ដែល​បង្ហាញ​ថា ការ​ទទួល​យក​អនាគត​វ៉ាក់សាំង​បង្ការ​កូវីដ១៩ បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន។ ជាក់ស្តែង​នៅ​ជប៉ុន មាន​ការ​ថយ​ចុះ​ពី ៧០% ទៅ ៥០% និង​នៅ​បារាំង​មាន​ការ​ថយ​ចុះ​ពី ៥១% ទៅ ៣៨%។

ក្រៅ​ពី​បស្ចិមលោក ភាព​មន្ទិលសង្ស័យ និង​ការ​មិន​ជឿ​ទុកចិត្ត​លើ​វ៉ាក់សាំង​ក៏​មាន​នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ចំនួន ៨ប្រទេស គឺ​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ កាមេរ៉ូន ហ្កាបុង ស៊ីមបាវេ ស៊ីរ៉ាឡេអូន រវ៉ាន់ដា ឡេសូតូ និង​ប្រទេស​កេនយ៉ា នេះ​ជា​ការ​អះអាង​របស់​លោក​ហ្រ្វង់សេស្កូ រ៉ូកា។ តាម​ប្រធាន​អង្គការ​កាកបាទក្រហម និង​អឌ្ឍចន្ទក្រហម​អន្តរជាតិ​រូប​នេះ​ដដែល មាន​ពលរដ្ឋ​កាន់​តែ​ច្រើន​នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ទាំង​នេះ​យល់​ឃើញ​ថា វីរុស​កូវីដ១៩ មិន​អាច​ឆ្លង​ទៅ​យុវជន ឬ​ប្រជាជន​អាហ្រ្វិក រួម​ទាំង​គិត​ថា ព័ត៌មាន​ស្តីពី​វត្តមាន​វីរុស​កូវីដ១៩ ជា​រឿង​មិន​ពិត ឬ​ថា វីរុស​នេះ​បាន​រលាយ​បាត់​ហើយ។ ត្រង់​ចំណុច​នេះ​ត្រូវ​បាន​លោក​រ៉ូកា​យល់​​ថា គឺ​មក​ពី​ពលរដ្ឋ​ទាំង​នោះ​មិន​បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់ និង​ច្បាស់លាស់​ទាក់ទង​នឹង​ជំងឺ​កូវីដ១៩។

ទន្ទឹម​គ្នា​នេះ លោក​រ៉ូកា​ក៏​បាន​លើក​ឡើង​ពី​សហគមន៍​មួយ​ចំនួន​ក្នុង​លោក​ដែល​កំពុង​បន្ត​មិន​បាន​ដឹង​ពី​វត្តមាន​ជំងឺ​កូវីដ១៩។ ជាក់ស្តែង​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ប្រជាជន​ដែល​អង្គការ​កាកបាទក្រហម និង​អឌ្ឍចន្ទក្រហម​អន្តរជាតិ​បាន​សួរ មាន ១០% បាន​ឆ្លើយ​ថា ពួក​គេ​មិន​បាន​ដឹង​ពី​មាន​វត្តមាន​ជំងឺ​កូវីដ១៩ ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ