OCDE បានព្យាករណ៍ពីស្ថានភាពសេដ្ឋកិច្ចសកលប្រកបដោយសុទិដ្ឋិនិយមនៅ ២ឆ្នាំខាងមុខ
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃអង្គារ ទី១ ធ្នូ អង្គការនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចហៅកាត់ជាភាសាបារាំង OCDE បានព្យាករណ៍ពីស្ថានភាពសេដ្ឋកិច្ចសកលសម្រាប់ ២ឆ្នាំខាងមុខ។ តាម OCDE ការប្រកាសចេញនូវប្រសិទ្ធិភាពវ៉ាក់សាំងបង្ការកូវីដ១៩ ដោយមន្ទីរពិសោធន៍ជាបន្តបន្ទាប់ចុងក្រោយនេះបានអនុញ្ញាតឲ្យមានក្តីសង្ឃឹមពីការមានសន្ទុះសេដ្ឋកិច្ចសកលឡើងវិញក្នុងរយៈពេលមធ្យម។ សម្រាប់ឆ្នាំ ២០២០ OCDE បានប្រមើលមើលពីសេដ្ឋកិច្ចសកលធ្លាក់ចុះ ៤,២%។ ចំណែកនៅឆ្នាំ ២០២១ សេដ្ឋកិច្ចសកលនឹងស្គាល់សន្ទុះឡើងវិញតិចជាងការព្យាករណ៍លើកមុន។ សម្រាប់ឆ្នាំ ២០២២ OCDE បានប្រមើលមើលពីសន្ទុះកំណើនសេដ្ឋកិច្ចសកលដែលអាចមានអត្រា ៣,៧%។ តែកម្រិតសន្ទុះសេដ្ឋកិចនឹងមានមិនដូចគ្នាទេពីប្រទេសមួយទៅប្រទេសមួយ និងពីតំបន់មួយទៅតំបន់មួយ។
នៅក្នុងខែកញ្ញាកន្លងទៅ OCDE បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចសកលក្នុងអត្រា ៥% នៅ ២០២១ តែបានទម្លាក់មកនៅត្រឹម ៤,២% វិញ។ ការទម្លាក់ពី ៥% មកនៅ ៤,២% ក៏ដោយសារតែនៅក្រោយខែកញ្ញា មានប្រទេសជាច្រើន ពិសេសនៅអឺរ៉ុបបានធ្លាក់ក្នុងរលកឆ្លងកូវីដ១៩ លើកទី២។ ជាមួយនឹងរលកឆ្លងកូវីដ១៩ លើកទី២ ពេលនេះ មានប្រទេសជាច្រើនបានប្រើវិធានការបិទខ្ទប់ប្រទេសជាថ្មីដែលបានធ្វើឲ្យចរន្តសេដ្ឋកិច្ចមួយផ្នែកជាប់គាំង។ តែ OCDE មើលឃើញថា នៅពេលលើកការបិទខ្ទប់ប្រទេសចេញវិញ សេដ្ឋកិច្ចនឹងអាចមានដំណើរការយ៉ាងឆាប់រហ័ស។ ការហ៊ានអះអាងយ៉ាងដូចនេះដោយ OCDE បានកត់សម្គាល់ឃើញមានសន្ទុះសេដ្ឋកិច្ចក្នុងរដូវក្តៅកន្លងទៅនៅក្រោយការលើកការបិទខ្ទប់ប្រទេស។
នៅឆ្នាំ ២០២១ ស្ថានភាពអាចប្រសើរជាង ព្រោះទន្ទឹមនឹងលើកការបិទខ្ទប់ប្រទេស ពិភពលោកនឹងមានវ៉ាក់សាំងបង្ការកូវីដ១៩។ ក្នុងថ្ងៃចន្ទ ទី៣០ វិច្ឆិកា មន្ទីរពិសោធន៍អាមេរិក Moderna បានដាក់ពាក្យទៅទីភ្នាក់ងារឱសថអឺរ៉ុបដើម្បីសុំការអនុញ្ញាតចែកចាយវ៉ាក់សាំងចាប់ពីខែធ្នូនេះទៅ។ បន្ទាប់មកក្នុងថ្ងៃអង្គារ ទី១ ធ្នូ មន្ទីរពិសោធន៍អាមេរិក អាល្លឺម៉ង់ Pfizer-BioNTech ក៏បានធ្វើដូចគ្នានេះ។« ក្តីសង្ឃឹមគឺនៅទីនេះ »នេះជាការទទួលស្គាល់របស់អគ្គលេខាធិការ OCDE លោក Angel Gurria នៅក្នុងសន្និសីទកាសែត។ ដោយឡែក OCDE បានសម្តែងក្តីបារម្ភចំពោះអ្នកអត់ការងារធ្វើដែលមានអាយុចន្លោះពី ១៥ឆ្នាំទៅ ២៤ឆ្នាំ ពិសេសក្នុងតំបន់អឺរ៉ូ។
តាម OCDE ចំនួនអ្នកអត់ការងារធ្វើក្នុងវ័យនេះដែលមានចំនួនច្រើនស្រាប់ក្នុងឆ្នាំ ២០១៩ បានហាក់ឡើងកាន់តែខ្លាំងក្នុងសម័យកូវីដ១៩ ពិសេសមានជាង ៣០% នៅអេស្ប៉ាញ និងមាន ២០% ក្នុងប្រទេសបារាំង។ ក្តីបារម្ភមួយទៀតរបស់ OCDE គឺការខកខានរៀនសូត្ររបស់កុមារក្នុងពេលបិទប្រទេស ពិសេសកុមារដែលរស់ក្នុងគ្រួសារមានជីវភាពលំបាក។ បន្ទាប់មក ក្តីបារម្ភរបស់ OCDE ក៏មានចំពោះឧស្សាហកម្មខ្នាតតូច និងមធ្យមជាច្រើនលានដែលជាប្រភពដ៏សំខាន់នៃការបង្កើតការងារ និងដែលពួកគេកំពុងប្រឈមនឹងការក្ស័យធនដោយសារជាប់បំណុលធ្ងន់ ក ពិសេសក្នុងផ្នែកផ្ទះសំណាក់ សណ្ធាគារ ផ្នែកភោជនីយដ្ឋាន ផ្នែកដឹកជញ្ជូន និងផ្នែកសិល្បៈទាក់ទងរោងកុន រោងល្ខោន រួមទាំងការរៀបចំកំសាន្តនានាដែលត្រូវបានបិទទ្វារក្នុងរយៈពេលបិទខ្ទប់ប្រទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ