ប៉ូលិសអាំងទែរប៉ូលព្រមានពីចោរអ៊ីនធ័រនែត ដែលផ្តោតសំដៅ វ៉ាក់សាំងបង្ការជំងឺកូវីដ
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃពុធទី ២ ធ្នូ ប៉ូលិសអន្តរជាតិ អាំងទែរប៉ូលបានជូនដំណឹង ទៅប្រទេសសមាជិកទាំង ១៩៤ប្រទេស ឲ្យរៀបចំខ្លួន ទប់ទល់នឹងក្រុមឧក្រិដ្ឋកម្មដែលកំពុងសំឡឹង ផ្តោតសំខាន់ លើវ៉ាក់សាំង បង្ការជំងឺកូវីដ ១៩។ ក្រុមហ៊ុនកុំព្យូទ័រ IBM វិញបាននិយាយប្រាប់ទូរទស្សន៍អង់គ្លេស BBC ថា ក្រុមចោរ អ៊ីនធ័រនែតកំពុងតាមដាន ព័ត៌មានស្តីពីការចែកចាយវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ សំខាន់ៗនៅក្នុងពិភពលោក។
នៅក្នុងនិវេទ ទឹកក្រូច ស្តីពីការប្រកាសអាសន្នផ្នែកសន្តិសុខ ប៉ូលិស អាំងទែរប៉ូល បានព្រមានពីសកម្មភាពឧក្រិដ្ឋកម្ម កាន់តែច្រើន ដែលទាក់ទងនឹងការលួច ការក្លែងបន្លំ និងការផ្សព្វផ្សាយលក់វ៉ាក់សាំង ក្លែងក្លាយ ខុសច្បាប់។
“ជំងឺរាតត្បាតកូវីដបានជំរុញ ឲ្យមានក្រុមឧក្រិដ្ឋជន ឆ្លៀតឱកាសកាន់តែច្រើន មិនធ្លាប់មានពីមុនមក។ ដូច្នេះ នៅក្នុងពេលវ៉ាក់សាំងបង្ការជំងឺកូវីដ លេចចេញរូបរាងកាន់តែច្បាស់ ហើយនិងការចែកចាយ នឹងមាននៅពេលខាងមុខ គេត្រូវចាត់វិធានការដើម្បី ធានា សុវត្ថិភាព ដល់បណ្តាញចែកចាយវ៉ាក់សាំង ហើយនិងកំណត់មុខសញ្ញាវិបសៃតិ៍ ខុសច្បាប់ ដែលលក់ផលិតផលក្លែងក្លាយ។
តាមការចុះផ្សាយរបស់វិបសៃតិ៍ព័ត៌មានអង់គ្លេស BBC ក្រុមហ៊ុនបច្ចេកវិទ្យា IBM បានរកឃើញថា ក្រុមចោរអ៊ីនធ័រនែត កំពុងតាមដាន យក ការណ៍សម្ងាត់ ពីបណ្តាញដែលត្រូវទទួលបន្ទុកចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩។ ក្រុមចោរ បានផ្តើមសកម្មភាពតាមដាន ខ្សែចង្វាក់ចែកចាយវ៉ាក់សាំង តាំងពីខែកញ្ញា ឆ្នាំ ២០២០។ មែលរបស់ក្រុមចោរអ៊ីនធ័រនែត ត្រូវបានផ្ញើចេញ នៅក្នុងប្រទេសចំនួន ៦ ដែលនៅក្នុងនោះ ពួកគេ ផ្តោតសំខាន់ ក្រុមអង្គការដែលធ្វើការជាមួយសម្ព័ន្ធវ៉ាក់សាំងអន្តរជាតិ ហៅកាត់ថា GAVI។ អង្គការទាំងនោះ មានដូចជា អង្គការសុខភាពពិភពលោក អង្គការ យូនីសេហ្វ ធនាគារពិភពលោក ហើយនិងមូលនិធិប៊ីល និងមេលីដា ហ្កេត មានតួនាទីចែកចាយវ៉ាក់សាំងបង្ការកូវីដ ទៅកាន់តំបន់ក្រីក្រ ជាទីដែលខ្វះ ក្រខ្សត់ បណ្តាញស្តុកទុក ក្នុងសីតុណ្ហភាពត្រជាក់ ដែលសំខាន់សម្រាប់វ៉ាក់សាំង ដែលត្រូវការរក្សានៅកន្លែងត្រជាក់ខ្លាំង ដូចជា វ៉ាក់សាំង របស់ក្រុមហ៊ុនPfizer និង Moderna ជាដើម។
តាមក្រុមហ៊ុន IBM គេនៅមិនដឹងថា អត្តសញ្ញាណរបស់ក្រុមចោរអ៊ីនធ័រនែត នៅឡើយទេ ប៉ុន្តែ ជាទូទៅ ពួកគេ បានក្លែងបន្លំឈ្មោះ ជាមន្រ្តីចិន ដែលផ្ញើមែល សុំលេខកូដសំងាត់ ដើម្បីអាចចូលក្នុងកុំព្យូទ័ររបស់បុគ្គលិករបស់ស្ថាប័នដែលធ្វើការសម្រាប់សម្ព័ន្ធវ៉ាក់សាំងអន្តរជាតិ។
ប៉ូលិសអាំងទែរប៉ូលបានជូនដំណឹងដល់ប្រទេសសមាជិករបស់ខ្លួន ឲ្យមានការប្រុងប្រយ័ត្ន ខ្ពស់ នៅចំពោះការធ្វើតេស្ត រកមេរោគកូវីដ ខុសច្បាប់ ជាពិសេសនៅក្នុងកាលៈទេសៈដែល ការធ្វើដំណើរចេញចូល អន្តរជាតិ នឹងចាប់ផ្តើមឡើងវិញ នាពេលខាងមុខ។
ថ្មីៗនេះ អាំងទែរប៉ូលដែលមានទីស្នាក់ការ កណ្តាល នៅទីក្រុងលីយ៉ុងប្រទេសបារាំង បានកំណត់រកឃើញ មានវិបសៃត៍ចំនួន ៣០០០ ដែល មានលក់ថ្នាំ សម្ភារៈពេទ្យ ក្លែងក្លាយ និងខុសច្បាប់។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ