អានតួអត្ថបទ
បារាំង

លោក វ៉ាឡេរី ហ្ស៊ីស្កា ដេស្តាំង អតីត​ប្រធានាធិបតី​​បារាំង ទទួល​មរណភាព​ ក្នុង​ជន្មាយុ​៩៤ឆ្នាំ​

លោក​វ៉ាឡរី ហ្ស៊ីស្កា ដេស្តាំង អតីតប្រធានាធិបតី​បារាំង​ ធ្វើ​អនិច្ចកម្ម​នៅ​ថ្ងៃទី​២ធ្នូ ២០២០ ក្នុងវ័យ​៩៤ឆ្នាំ។
លោក​វ៉ាឡរី ហ្ស៊ីស្កា ដេស្តាំង អតីតប្រធានាធិបតី​បារាំង​ ធ្វើ​អនិច្ចកម្ម​នៅ​ថ្ងៃទី​២ធ្នូ ២០២០ ក្នុងវ័យ​៩៤ឆ្នាំ។ REUTERS - Vincent Kessler
ដោយ៖ ម៉ម ពិសី
១៤ នាទី

លោក វ៉ាឡេរី ហ្ស៊ីស្កា ដេស្តាំង អតីតប្រធានាធិបតីបារាំង បានទទួល​មរណភាព ក្នុងជន្មាយុ៩៤ឆ្នាំ។ បន្ទាប់​ពី​​លោក​បានឆ្លង​ជំងឺ​កូវីដ១៩ ក្រុម​គ្រួសារ​លោក បាន​ប្រាប់​ឲ្យ​ដឹងថា ស្ថានភាពសុខភាពលោក​បានចុះខ្សោយខ្លាំង​ និងត្រូវចូលសម្រាកពេទ្យជាញឹកញាប់។ លោកម៉ាក្រុង​ លើកឡើងថា មរណៈភាព​រលោក​ លោក វ៉ាឡេរី ហ្ស៊ីស្កា ដេស្តាំង គឺជា​ការបាត់បង់​​​អ្នកបំរើជាតិ​មួយ​ដ៏សំខាន់។

ផ្សាយពាណិជ្ជកម្ម

លោក​វ៉ាឡេរី ហ្ស៊ីស្កា ដេស្តាំង (Valéry Giscard d’Estaing) បានទទួលមរណភាព នៅគេហដ្ឋាន​របស់​លោក ក្នុងតំបន់ Loir-et-Cher ភាគកណ្តាលប្រទេសបារាំង។ ពិធីបុណ្យសព នឹងត្រូវធ្វើ តែក្នុងក្របខណ្ឌក្រុមគ្រួសារតែប៉ុណ្ណោះ។ នេះបើយោងតាមការជូនដំណឹង​ ពីក្រុមគ្រួសារលោក ដែលបានប្រាប់អ្នកយកព័ត៌មាន​ AFP។

មានកំណើតនៅ​ តំបន់ Coblence ភាគខាងកើតអាល្លឺម៉ង់ នៅឆ្នាំ​១៩២៦ លោកវ៉ាឡេរី ហ្ស៊ីស្កា ដេស្តាំង គឺជាបញ្ញវន្តបារាំងម្នាក់ ដែល​បានរៀនចប់​នៅ​សាលាពហុបច្ចេកទេស និងសាលាជាតិរដ្ឋបាល​​បារាំង។ ចាប់ពីឆ្នាំ​១៩៦២ លោកបានចាប់ផ្តើម​ កាន់មុខតំណែងនៅតាម​ក្រសួងមួយចំនួន។

នៅឆ្នាំ​១៩៧៤ ក្នុងវ័យ​៤៨ឆ្នាំ លោកបាន​ឈ្នះឆ្នោត ក្លាយ​ជាប្រធានាធិបតី​បារាំង វ័យក្មេងជាងគេបង្អស់។ ដោយ​ប្រការនេះហើយ លោក​បាន​ជ្រើសយកនិម្មិតរូប នៃការ​ផ្លាស់ប្តូរមុខមាត់ថ្មី ឲ្យ​សង្គមបារាំង ដើម្បី​ឲ្យ​មានការផ្លាស់ប្តូរវិវឌ្ឍន៍ ឲ្យ​ទាន់សម័យកាលទំនើប។

កាន់មុខតំណែង​ជាប្រធានាធិបតី​បារាំង ពីឆ្នាំ​១៩៧៤ ដល់ឆ្នាំ​១៩៨១ លោកត្រូវបាន​គេស្គាល់ថា​ គឺជាប្រធានាធិបតីមួយរូប ដែល​បាន​ផ្តួចផ្តើមគំនិតធំ​ៗ ជាមួយ​នឹង​ថ្នាក់ដឹកនាំអាល្លឺម៉ង់ ដើម្បីពួតដៃគ្នា កសាងស្ថាបនាសហភាពអឺរ៉ុប។ ដោយ​សហការយ៉ាងស្និទ្ធស្នាល ជាមួយ​លោក Helmut Schmidt ប្រធានាធិបតី​អាល្លឺម៉ង់ កាលជំនាន់នោះ លោក វ៉ាឡេរី ហ្ស៊ីស្កា ដេស្តាំង បានផ្តួចផ្តើមគំនិត ឲ្យ​មានជំនួប​កំពូល​ថ្នាក់ដឹកនាំអឺរ៉ុប និងបានគូសវាស​ផែនការ កសាងប្រព័ន្ធរូបិយបណ្ណរួម​ សម្រាប់អឺរ៉ុប និង​រៀបចំឲ្យ​មានការបោះឆ្នោតជាសកល ដើម្បីជ្រើសរើស​សមាជិក​សភាអឺរ៉ុប។

សម្រាប់នយោបាយក្នុងស្រុកវិញ លោក វ៉ាឡេរី ហ្ស៊ីស្កា ដេស្តាំង ត្រូវបានប្រជាជន​បារាំង គោរពស្រលាញ់ ដោយ​សារលោក​ គឺជាអ្នកដែល​បាននាំមក នូវការធ្វើកំណែទម្រង់សង្គម ដែលក្នុងនោះគឺការលើកកំពស់សិទ្ធិស្ត្រី​​ តាមរយៈការបង្កើតអគ្គលេខាធិការរដ្ឋាន ទទួលបន្ទុកកិច្ចការនារី ការ​អនុម័ត ​​ច្បាប់អនុញ្ញាតឲ្យ​ស្ត្រីមានសិទ្ធិរំលូតកូន ច្បាប់អនុញ្ញាតការលែងលះប្តីប្រពន្ធ ដោយ​ឈរលើការព្រមព្រាង​ទាំងសងខាង ព្រមទាំងច្បាប់​កែប្រែ​​អាយុ​នីតិភាព ពី​២១ឆ្នាំមកនៅ​ត្រឹម១៨ឆ្នាំ ជាដើម។

តែយ៉ាងណា នៅចុងអាណត្តិរបស់​លោក គឺត្រូវបាន​ដិតដាម ដោយរឿងអាស្រូវ ដែលគេចោទថា មេដឹកនាំផ្តាច់ការ​​អាហ្រិកកណ្តាល Bokassa បានជូនកាដូជាគ្រាប់ពេជ្រ មួយ​ប្រអប់ធំមកឲ្យលោក​និងភរិយា។ រឿងអាស្រូវនេះហើយ ដែលប្រហែលជាបានធ្វើឲ្យ​លោកចាញ់ឆ្នោត នៅឆ្នាំ១៩៨១។

លោក​អេម៉ានុយអែល ម៉ាក្រុង បានលើកឡើងថា លោកវ៉ាឡេរី ហ្ស៊ីស្កា ដេស្តាំង គឺជាវីរៈជន បម្រើជាតិ ជាអ្នកបាន​តម្រង់ទិស ឲ្យ​បារាំង និងអឺរ៉ុបដើរឆ្ពោះទៅកាន់ការរីកចម្រើន​ ផ្នែកសិទ្ធិសេរីភាព រហូតដល់សព្វថ្ងៃនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ