អានតួអត្ថបទ

រដ្ឋាភិបាល​បារាំង​អះអាងថា​ ខ្លួន​នឹង​មាន​វ៉ាក់សាំង ២០០​លាន​ដូស សម្រាប់​ប្រជាជន​ចាក់​ ដោយឥតគិតថ្លៃ

វ៉ាក់សាំង​ប្រឆាំងកូវីដ​ ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិកាំង Pfizer និង​មន្ទីរពិសោធន៍ Biontech
វ៉ាក់សាំង​ប្រឆាំងកូវីដ​ ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិកាំង Pfizer និង​មន្ទីរពិសោធន៍ Biontech JOEL SAGET AFP/File
ដោយ៖ ឈាង បុប្ផា
៨ នាទី

នៅ​ប្រទេស​បារាំង ការចាក់​វ៉ាក់សាំង បង្ការ​កូវីដ នឹង​ធ្វើឡើង​ដោយឥត​គិតថ្លៃ។ តាម ការប្រកាស​របស់​នាយករដ្ឋមន្រ្តី​បារាំង លោក​ហ្សង់ កាស្តិច កាល​ពី​ថ្ងៃ​សុក្រ រដ្ឋាភិបាល​បារាំង​បាន​កុម្ម៉ង់​ទិញ​វ៉ាក់សាំង ប្រមាណ ២០០​លាន​ដូស ដែល​គ្រប់គ្រាន់ សម្រាប់​ចាក់​មនុស្ស ១០០លាន​នាក់ ក្នុង​ពេល​ដែល​ប្រជាជន​បារាំង​មាន​ប្រមាណ ៦៧លាននាក់។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ ព្រហស្បតិ៍ នាយករដ្ឋមន្រ្តី​បារាំង លោក ហ្សង់ កាស្តិច បាន​អះអាងថា កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង ក្នុងក្របខ័ណ្ឌ​អឺរ៉ុប បាន​ជួយ​ឲ្យ​បារាំង​អាច​កុម្ម៉ង់បញ្ជា​ទិញ​វ៉ាក់សាំង ចំនួន ២០០​លានដូស។

រដ្ឋាភិបាល​បាន​រក្សា​ទុកថវិកា ១ពាន់ ៥លាន​អឺរ៉ូ សម្រាប់​យុទ្ធនាការ​ចាក់វ៉ាក់សាំង ដែល​នឹង​ត្រូវ​ចាប់ផ្តើម នៅ​ខែ មករា សម្រាប់​មណ្ឌល​ចាស់ជរា។ ចាប់ពីខែ​កុម្ភៈ ដំណើរការចាក់វ៉ាក់សាំង នឹង​ធ្វើសម្រាប់ មនុស្ស ប្រមាណ ១៤លាននាក់ ដែល​គេចាត់ទុក​ជា​មនុស្ស​ងាយរងប្រឈម​នឹង​ជំងឺ រួម​ទាំងអ្នកដែល​មាន​អាយុច្រើន។ ចំណែក​ការចាក់វ៉ាក់សាំង បង្ការ​កូវីដ ក្នុង​ចំណោម​ប្រជាជនទូទៅ នឹង​ចាប់ផ្តើម​នៅ​ខែ​មេសា​ឆ្នាំក្រោយ។

បារាំង ជា​ប្រទេសនាំមុខ​គេ​មួយ ក្នុង​ពិភពលោក ខាង​ប្រឆាំង មិន​ចង់​ចាក់វ៉ាក់សាំង។ នៅ​ប្រទេស​បារាំង ប្រជាជន ប្រមាណ ៤១%​នៃ​ប្រជាជន​៦៧​លាន​នាក់ អះអាង ទទួល​យក​វ៉ាក់សាំង។

ដោយឡែក សម្រាប់​បុណ្យ​ណូអែល ចុងឆ្នាំ រដ្ឋាភិបាល​បារាំង បាន​ណែនាំ​ផងដែរ មិន​ឲ្យ​មាន​ការជួបជុំ​មនុស្ស លើស​ពី ៦នាក់។ វិធានការ​បិទប្រទេស ចាប់តាំង​ពីដើម​ខែ តុលា បាន​ជួយ​ឲ្យ​ចំនួនករណី​ឆ្លងកូវីដ ធ្លាក់ថយចុះ តិចជាង ១ម៉ឺននាក់ ក្នុង​មួយថ្ងៃ។ កូរ៉ូណាវីរុស ដែល​បាន​លេច​មុខ នៅ​ទឹកដី​បារាំង ចាប់តាំង​ពីខែ​កុម្ភៈ បាន​សម្លាប់​មនុស្ស ជាង ៥ម៉ឺន ៣​ពាន់​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ