អាកាសធាតុ

អ.ស.ប. ៖ ភពផែនដី​កំពុងវិវឌ្ឍ​ទៅ​រក​ការ​ឡើង​កម្តៅ​អាកាសធាតុ ៣អង្សា នៅ​ចុង​សតវត្សរ៍

ស្ទឹងGanនៅ​ប្រទេស​ចិន រង​ការ​បំពុល​បរិស្ថាន​ខ្លាំង​ជាងគេនៅ​លើ​ពិភពលោក
ស្ទឹងGanនៅ​ប្រទេស​ចិន រង​ការ​បំពុល​បរិស្ថាន​ខ្លាំង​ជាងគេនៅ​លើ​ពិភពលោក (Photo : AFP)

ថ្វីបើ​វិបត្តិកូវីដ១៩ បាន​ជួយបញ្ចុះ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​​បាន​យ៉ាង​ច្រើន​ក្នុង​អំឡុង​ឆ្នាំ​២០២០​នេះ​ក្តី ប៉ុន្តែ​ការ​ចុះ​ថយ​នេះ​គ្មានឥទ្ធិពល​គួ​រ​ជា​កត់សម្គាល់​សម្រាប់​សង្គ្រោះ​ផែនដី​ទេ។ បើ​តាម​អង្គការ​សហប្រជាជាតិ ភពផែន​ដី​នៅ​តែ​ស្ថិត​ក្នុង​ការ​វិវឌ្ឍ​ទៅ​រក​ការ​ឡើង​កម្តៅ​ ៣​អង្សា​ នៅ​ចុង​សតវត្សរ៍​នេះ​ដដែល ពោល​គឺ​មិន​ដូច​កម្មវត្ថុ​កំណត់​ឡើង​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស កាលពី​៥​ឆ្នាំ​មុន​ទេ។

ផ្សាយពាណិជ្ជកម្ម

បី​ថ្ងៃមុនខួប​​៥​ឆ្នាំ​នៃ​ការ​ចុះ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស ​និង​បី​ថ្ងៃ​មុន​ជំនួប​កំពូល​ស្តី​ពី​អាកាសធាតុ​អន្តរជាតិ​ ដើម្បីជំរុញ​ឱ្យ​ពិភពលោក​គោរព​ពាក្យប្តេជ្ញា​ទប់ស្កាត់​ការ​ឡើង​កម្តៅ​អាកាសធាតុ ​ត្រឹម​១,៥អង្សា​ ឬ​​ត្រឹម​២អង្សា​បើ​ប្រៀប​ទៅ​នឹង​សម័យ​មុន​ឧស្សាហកម្ម កម្មវិធី​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ(PNUE)  បាន​ទាញ​សញ្ញាអាសន្ន​ ​ថ្មី និង​បាន​ព្រមាន​ថា ភពផែនដី​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​នៃ​ការ​ឡើង​កម្តៅ​ ៣,២​អង្សា បើ​ទោះ​បី​ជា​គ្រប់​គ្នា​សម្រេច​តាម​ផែនការ​នៃ​កិច្ចព្រមព្រៀង​អាកាសធាតុក្រុង​ប៉ារីស​បានក៏​ដោយ។

 

បើ​ចង់​មាន​សង្ឃឹម​កំរិត​ការ​ឡើង​កម្តៅ​នៃ​ភពផែនដី ត្រឹម ១,៥​អង្សាបាន ពិភពលោក​ត្រូវ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​៧,៦% ក្នុង​មួយ​ឆ្នាំៗ ចាប់​ពី​២០២០ ទៅ​ដល់​២០៣០។ នេះ​បើ​តាម​​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ភ្នាក់ងារ​​អង្គការ​សហប្រជាជាតិ ដែល​លម្អិត​​ថា នៅមួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ការ​បញ្ចេញឧស្ម័ន​ផ្ទះ​កញ្ចក់​បានកើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ ជា​មធ្យម ១,៥% ក្នុង​មួយ​ឆ្នាំៗ និង​បានឡើង​ដល់​កំរិត​កំពូល​នៅ​ឆ្នាំ​២០១៩ (២,៩%)។ នៅ​ឆ្នាំ​២០២០ ដោយ​ហេតុ​កូវីដ១៩ (ការ​បិទ​ខ្ទប់​ប្រទេស​ និង​សកម្មភាព​សេដ្ឋកិច្ច) ​ការ​បញ្ចេញ​ពុល​ពិសេស ឧស្ម័នកាបូនិក​បានចុះ​ថយ​ ​៧%។

 

សម្រាប់​​អង្គការ​សហប្រជាជាតិ​ ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ក្នុង​ឆ្នាំ​មាន​វិបត្តិ​កូវីដ១៩នេះ ឆ្លើយ​តប​បាន​ទៅ​នឹង​​កម្មវត្ថុ​របស់​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ប៉ុន្តែដំណោះស្រាយ​អាកាសធាតុ​មិន​អាច​រំពឹង​លើការ​បិទ​ខ្ទប់​ពិភពលោក ផ្អាក​ការសិក្សា​របស់​ក្មេង​ជាង​១៩០០​លាន​នាក់​ឡើយ។ ដូច្នេះផែន​​ការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ក្រោយ​កូវីដ១៩ ត្រូវ​គិត​គូរ​ខ្លាំង​ដល់​បរិស្ថាន​ ប្រសិន​បើ​ចង់​បញ្ចៀស​ពិភពលោក​ពី​មហន្តរាយ។ ការ​កើនឡើង​តែ​មួយ​អង្សា​លើស​សម័យ​មុន​ឧស្សាហកម្ម ពិភពលោក​បាន​រង​ឥទ្ធិពល​ខ្លាំង​ទៅ​ហើយ ៖ ជាក់ស្តែង ឆ្នាំ​២០២០ ជាឆ្នាំ​ក្តៅ​ជាង​គេ​មិន​ធ្លាប់​ជួប​ប្រទះ ភ្លើង​ឆេះ​ព្រៃ ព្យុះ​សង្ឃរា ភាព​រាំងស្ងួត​ កាន់​តែ​ច្រើននិង​ខ្លាំងឡើងៗ ផ្ទាំង​ទឹកកក​នៅ​តំបន់​ប៉ូល​រលាយ​ក្នុង​ល្បឿន​លឿន​មិន​ធ្លាប់មាន។

 

ប៉ុន្តែ​អង្គការ​សហប្រជាជាតិ​ មាន​ជំនឿ​ថា​ ការ​រាតត្បាត​កូវីដ​១៩ ជាមេរៀន​ ដោយ​ជំរុញ​ឱ្យ​ពិភពលោក​បញ្ចេញ​សកម្មភាពដើម្បី​បរិស្ថាន​​ដោយ​ពិតៗ។ ផែនការ​ផ្តល់​សន្ទុះ​ក្រោយ​កូវីដ ដែល​គាំទ្រ​ដោយ​ផ្ទាល់​និងក្នុង​​ទ្រង់ទ្រាយ​ធំ​​ លើវិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ បច្ចេកវិទ្យា​លុប​បំបាត់​កាបោន​ កាត់​បន្ថយ​ជំនួយ​ធ្យូងថ្ម និងបញ្ឈប់​​មជ្ឈមណ្ឌល​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម អភិវឌ្ឍ​ដំណោះស្រាយ​ថាមពល​បែបធម្មជាតិ និង​បញ្ចប់​ការ​កាប់​ព្រៃឈើ...​​ អាចជួយ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន​២៥%នៅ​ឆ្នាំ​២០៣០ និង​ផ្តល់​ឱកាស​ទប់​ស្កាត់​ការ​ឡើង​កម្តៅ​អាកាសធាតុ​ក្រោម​២អង្សា​បាន​ដល់​ទៅ​៦៦%៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI