ក្រុមហ៊ុន​ផលិត​ឱសថ​បារាំងSanofiប្រកាសថា ខ្លួនមិនអាចផលិត​វ៉ាក់សាំង​បង្ការកូវីដមុន​ដាច់ឆ្នាំ ២០២១

បេក្ខជនវ៉ាក់សាំង​របស់​ក្រុមហ៊ុន​បារាំង Sanofi
បេក្ខជនវ៉ាក់សាំង​របស់​ក្រុមហ៊ុន​បារាំង Sanofi JOEL SAGET AFP/File

ក្រុមហ៊ុន​ផលិ​ឱសថ​បារាំង Sanofi បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រនេះ ថា វ៉ាក់សាំង​ដែល​ក្រុមហ៊ុន​ស្រាវជ្រាវ​អភិវឌ្ឍ​សម្រាប់​ប្រឆាំង​ជំងឺកូវីដ​១៩ នឹង​មិនអាច​ផលិត​ចេញជារូបរាង ទាន់ពេលវេលា តាម​កាលកំណត់​នោះទេ។ ដំណើរការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ត្រូវ​យឺតយ៉ាវ ដោយសារ ​តេស្ត​សាកល្បង​លើកទី ១ និង​លើកទី២ មិនសូវ​ផ្តល់​លទ្ធផល គួរជាទីពេញចិត្ត។ វាជា​ការខកចិត្ត សម្បើម សម្រាប់​ក្រុមហ៊ុន​បារាំង ជាពិសេស​នៅ​ក្នុង​កាលៈទេសៈ​ដែលវ៉ាក់សាំង​របស់​ក្រុមហ៊ុន​ដទៃ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់ ជាផ្លូវការ ឬកំពុង​ទទួល​ការអនុញ្ញាត​ពី​អាជ្ញាធរ។ 

ផ្សាយពាណិជ្ជកម្ម

តាម​សេចក្តីប្រកាស​របស់​ក្រុមហ៊ុន​Sanofi កម្មវិធី​អភិវឌ្ឍ​វ៉ាក់សាំងបង្ការ​កូវីដ​របស់​ក្រុមហ៊ុន​ត្រូវ​យឺតយ៉ាវ ដោយសារ​ថា លទ្ធផល​នៃ​តេស្ត​សាកល្បង វ៉ាក់សាំង ទៅលើ​មនុស្ស ក្នុង​ដំណាក់កាល​ទី​១ និងទី ២ មិនសូវបាន​ល្អ តាម​ការរំពឹងទុក។ លទ្ធផលបឋម​នៃ​ការសិក្សា​ដំណាក់កាល​ទី​២ បង្ហាញថា ប្រព័ន្ធ​ការពារ​ខ្លួន បាន​កើនឡើង​ខ្ពស់​ក្នុង​ចំណោមអ្នកដែល​មាន​អាយុ​ពី ១៨ ទៅ ៤៩ឆ្នាំ។ ប៉ុន្តែ សម្រាប់​អ្នកដែល​មាន​វ័យ​ចំណាស់ វ៉ាក់សាំង​មិន​បាន​ទៅ​ជួយ​បង្កើន ប្រព័ន្ធ​ការពារ ទប់ទល់​នឹង​មេរោគកូរ៉ូណា​នោះទេ។

ដោយសារ​លទ្ធផល​មិន​សូវ​ជា​ទីពេញចិត្ត ក្រុមហ៊ុន ​Sanofi ត្រូវចាប់ផ្តើម​ដំណាក់កាល​សាកល្បង ទី ២ សាជាថ្មី​ម្តងទៀត នៅ ខែ កុម្ភៈ ឆ្នាំ ក្រោយ ជាមួយ​រូបមន្ត​ថ្មី ដែល​ក្រុមហ៊ុន​ធ្លាប់​បាន​សាកល្បង​ដោយជោគជ័យ​លើ​សត្វស្វា។ តាម​អនុប្រធាន​ក្រុមហ៊ុន​Sanofi លោក Thomas Triomphe ការធ្វើតេស្ត​ទៅលើ​សត្វស្វា​បាន​បង្ហាញ​ថា នៅពេល​គេ​ចាក់​បញ្ចូល​មេរោគចូល​ច្រើន នោះ គេ​ទទួល​បាន​លទ្ធផលល្អខ្ពស់។ បេក្ខជន​វ៉ាក់សាំង​ដែល​​Sanofi​កំពុង​សិក្សា មាន​ប្រសិទ្ធិភាព ជួយ​ការពារ​សួត និង​កាត់បន្ថយ ចំនួន​មេរោគកូរ៉ូណា នៅក្នុង​ច្រមុះ និង​សួត ក្នុង​រយៈពេល ពី ទៅ ៤ថ្ងៃ។

សូមបញ្ជាក់ថា ដើម្បី​ផលិត​វ៉ាក់សាំង​បង្ការជំងឺកូវីដ ក្រុមហ៊ុន​​Sanofi​ដោយ​មាន​ការសហការ​ពីក្រុមហ៊ុន​អង់គ្លេស GSK GlaxoSmithKline​បាន​ប្រើបច្ចេកវិទ្យា ទម្លាប់ចាស់ ដែល​គេ​ប្រើ​ស្រាប់ ផលិត​វ៉ាក់សាំង​ប្រឆាំង​ជំងឺផ្តាសាយធំ។

បើសិន ការធ្វើតេស្ត​សាកល្បងបន្ថែម លើ​ដំណាក់កាល​ទី ២ បាន​ជោគជ័យ នោះ ក្រុមហ៊ុន​​Sanofiនឹង​អាច​ចាប់ផ្តើម​ដំណាក់កាល​សាកល្បង​ទី ៣ ដែល​ជា​ដំណាក់កាល​ចុងបញ្ចប់​មុន​នឹង​ឈាន​ដល់​ការផលិត​វ៉ាក់សាំង នៅ​ត្រីមាស​ទី​២ ​ឆ្នាំ ២០២១។ ជាលទ្ធផល Sanofi​នឹង​អាច​ផលិត​បញ្ចេញ វ៉ាក់សាំង​របស់ខ្លួន បាន​នៅ​ចុងឆ្នាំ ២០២១ ពោល​គឺ​យឺតអស់​៣ ទៅ ៤ខែ បើប្រៀបធៀប​នឹង​គម្រោង​ដែល​ថា ​Sanofi នឹង​ផលិត​វ៉ាក់សាំង ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២១។

នៅក្នុង​កាលៈទេសៈ ដែល វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាមេរិកាំង Pfizer ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់ ជាផ្លូវការ​នៅ អង់គ្លេស ចំណែក វ៉ាក់សាំង​ចំនួន ១៣​ផ្សេងទៀត បាន​ឈាន​ចូល​ដល់​ដំណាក់កាល​សាកល្បង​ចុងក្រោយហើយនោះ  ភាពយឺតយ៉ាវ របស់​ក្រុមហ៊ុន​បារាំង Sanofiដែល​ជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង ធំមួយ នៅក្នុង​ពិភពលោក គឺ​ជា​ការអាម៉ាស់ និង​អាច​ប៉ះពាល់​ដល់​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន។ Sanofi ផ្ទាល់​ធ្លាប់​បាន​ចុះ​កិច្ចសន្យាលក់​វ៉ាក់សាំង ៣០០​លាន​ដូស​ដល់​សហភាពអឺរ៉ុប។ សម្រាប់ អនុប្រធាន​ក្រុមហ៊ុន​​Sanofi ក្រុមហ៊ុន​បាន​យឺតពេល តែ​៣ទៅ ៤ខែ​ប៉ុណ្ណោះ។ ដូច្នេះ ការសម្រេចអ្វីៗ គឺ​អាស្រ័យ​ទៅលើ​ដៃគូ ដែល​ថា គេ​ចង់​កុម្ម៉ង់ទិញ វ៉ាក់សាំងដែរឬទេ។

ដើម្បី ផលិត​ចេញ​បាន​វ៉ាក់សាំង​មួយៗ គេត្រូវ​ថវិកា​ប្រមាណ ១ពាន់​លាន​ដុល្លារ និង​រយៈពេល​យូរ យ៉ាងតិច ១០ឆ្នាំ។ ប៉ុន្តែ ក្នុង​ករណី​ស្រាវជ្រាវរក​វ៉ាក់សាំង​បង្ការកូវីដ ​Sanofi បានទទួល​ថវិកា​ប្រមាណ ២ពាន់​លាន​ដុល្លារ ពី​រដ្ឋាភិបាល​អាមេរិក សម្រាប់​ការស្រាវជ្រាវ និង​ផលិត​វ៉ាក់សាំង ដែល​ត្រូវ​ផ្តល់​ជាអាទិភាព​ដល់ពលរដ្ឋ​អាមេរិកាំង។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI