ដោយសារ​កូវីដ ១៩ អាល្លឺម៉ង់​បិទប្រទេស​មួយផ្នែក នៅចំ​ពេល​បុណ្យណូអែល

ផ្សារណូអែល នៅ​ទីក្រុង Dresden ប្រទេស​អាល្លឺម៉ង់ នៅថ្ងៃទី ១២​ធ្នូ ២០២០
ផ្សារណូអែល នៅ​ទីក្រុង Dresden ប្រទេស​អាល្លឺម៉ង់ នៅថ្ងៃទី ១២​ធ្នូ ២០២០ REUTERS - HANNIBAL HANSCHKE

ប្រឈម​នឹង​រលកទី២​នៃជំងឺរាតត្បាត​កូវីដ​១៩ ដែល​កំពុង​ដាក់សម្ពាធ​លើ​មន្ទីរពេទ្យ លោកស្រី នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ អង់ហ្គេឡា មែរកិល បាន​ប្រកាស​កាលពីថ្ងៃ​អាទិត្យ បិទប្រទេស​មួយផ្នែក នៅក្នុង​រដូវ​បុណ្យណូអែល។ សាលារៀន ហាងទំនិញ​មិនចាំបាច់ ត្រូវ​បិទទ្វារ រយៈពេល ៣សប្តាហ៍ គិត​ចាប់ពីថ្ងៃ​ពុធ​សប្តាហ៍ក្រោយ រហូត​ដល់​ថ្ងៃទី ១០​មករា​ឆ្នាំ​ក្រោយ។ 

ផ្សាយពាណិជ្ជកម្ម

ជាមួយ​ករណី​ឆ្លងជំងឺកូវីដ ​ក្នុងកម្រិត​មួយ​ដ៏ខ្ពស់ នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ (ប្រមាណ ៣ម៉ឺននាក់ ក្នុង​រយៈពេល មួយថ្ងៃ) អាល្លឺម៉ង់​ដែល​ធ្លាប់​រួចខ្លួន ពី​ជំងឺកូវីដ កាលពី ៦ខែមុន ហាក់​លែង​អាច​ឈរ ទប់ទល់​នឹង​កូវីដ បាន​តទៅទៀត។ នៅក្រោយ ជួបប្រជុំ​ជាមួយ ថ្នាក់ដឹកនាំ​តំបន់​ទាំង​១៦​របស់​រដ្ឋសហព័ន្ធ​អាល្លឺម៉ង់ កាលពី​ថ្ងៃ​អាទិត្យ លោកស្រី នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ អង់ហ្គេឡា ម៉ែរកិល​បាន​ប្រកាស​ចាត់វិធានការ​ចាំបាច់​បន្ទាន់ ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ​១៩ និងដើម្បី​សម្រាល ​ការដាក់​សម្ពាធ​ទៅលើ​ប្រព័ន្ធមន្ទីរពេទ្យ​អាល្លឺម៉ង់។

៦សប្តាហ៍មកហើយ អាល្លឺម៉ង់​បាន​បិទប្រទេស ក្នុង​ទ្រង់ទ្រាយ តូច ដោយ​បាន​ប្រកាស​បិទ​ភោជនីយដ្ឋាន និង​បារ​លក់ភេសជ្ជៈ ប៉ុន្តែ នៅតែ​មិនគ្រប់គ្រាន់ អាច ទប់ស្កាត់​ការឆ្លងរាលដាល ដែល​មាន​កាន់តែ​ខ្លាំង ​ចាប់តាំង​ពីខែ តុលាមក។ នៅ​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍ ករណី​ឆ្លងកូវីដ​ថ្មី​ បាន​កើនឡើង​ដល់ ជាង ៣ម៉ឺននាក់ ក្នុង​មួយថ្ងៃៗ ចំណែក​មនុស្ស​ស្លាប់​ដោយសារ​កូវីដ មាន​ជិត ៦០០នាក់ ក្នុង​មួយថ្ងៃ ដែល​ធ្វើ​ឲ្យ​អាល្លឺម៉ង់​មាន​មនុស្ស​ស្លាប់ដោយសារ​កូវីដ សរុប ជាង ២ម៉ឺននាក់ គិត​ចាប់តាំង​ពីផ្ទុះកើតមាន ជំងឺរាតត្បាត​កូវីដ នៅអាល្លឺម៉ង់។

ដើម្បី​កាត់បន្ថយ ករណី​ឆ្លងជំងឺកូវីដ និង​សម្រាល​បន្ទុក បញ្ហា​ខ្វះគ្រែ​នៅមន្ទីរពេទ្យ រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​សម្រេច នៅ​ថ្ងៃ​អាទិត្យ បិទ​សាលារៀន មតេ្តយ្យ និង​ហាងទំនិញ ដែល​មិនចាំបាច់ រយៈពេល ៣សប្តាហ៍ ពោល​គឺ​ចាប់ពី​ថ្ងៃ ពុធ​សប្តាហ៍ក្រោយ រហូត​ដល់ ថ្ងៃទី ១០​មករា ឆ្នាំក្រោយ។ នៅក្នុង​អំឡុងពេលនេះ រដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ឲ្យគេ​ធ្វើការ​ពីផ្ទះ និង​ជៀសវាង​ការជួបជុំ ដែលមិនចាំបាច់ សូម្បី​នៅក្នុង​ពេលបុណ្យណូអែល នៅ​២​សប្តាហ៍ខាងមុខ។

ប្រៀបធៀប​នឹង​បារាំង ជាទី ដែល​ពលរដ្ឋ​ត្រូវ​ហាមប្រាម មិន​ឲ្យ​ដើរចេញ ក្រៅ ដោយ​គ្មានការចាំបាច់ វិធានការ​បិទប្រទេស​មួយផ្នែក របស់​អាល្លឺម៉ង់ មាន​លក្ខណៈ ធូររលុង ដោយ​បាន​បណ្តោយ​ឲ្យ​មនុស្ស​ដើរចេញក្រៅ ដោយ​មិនចាំបាច់ សំបុត្រ​សុំ​ការអនុញ្ញាត ដូច​នៅ​បារាំង។ ប៉ុន្តែ សម្រាប់​សមាគម​អ្នកជំនួញ តូចតាច ដែល​បាន​សរសេរ​លិខិត​ចំហរ​ទៅកាន់​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ វិធានការ​បិទប្រទេស​មួយផ្នែក បិទហាងទំនិញ នៅក្នុង​រដូវ​បុណ្យណូអែល ជាពិសេស នៅប៉ុន្មាន​ថ្ងៃ​ដែល​គេត្រូវ​ទិញ វេចខ្ចប់​កាដូ សម្រាប់​ណូអែល យ៉ាងដូច្នេះ នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច ប្រាក់ចំណូល​ដ៏ធំសម្បើម​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI