បារាំង-អាកាសធាតុ

លោក​ម៉ាក្រុង​គ្រោង​ធ្វើ​ប្រជាមតិ​ដាក់​ការ​ប្រយុទ្ធ​នឹង​បញ្ហា​ប្រែ​ប្រួល​អាកាស​ធាតុ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​បារាំង

ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុងថ្លែងសុន្ទរកថាក្នុងពេលបើកសមាជពលរដ្ឋស្តីពីអាកាសធាតុ នៅទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ទី១៤ ធ្នូ ឆ្នាំ២០២០។
ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុងថ្លែងសុន្ទរកថាក្នុងពេលបើកសមាជពលរដ្ឋស្តីពីអាកាសធាតុ នៅទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ទី១៤ ធ្នូ ឆ្នាំ២០២០។ AP - Thibault Camus

ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល​ ម៉ាក្រុង​ បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ចន្ទទី១៤ ធ្នូ​ម្សិលមិញថា​ លោក​គ្រោង​នឹង​រៀប​ចំ​ការ​បោះឆ្នោត​ប្រជាមតិ​មួយ​ដើម្បី​បញ្ចូល​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងការ​ប្រែ​ប្រួល​អាកាសធាតុ​ទៅក្នុង​រដ្ឋធម្មនុញ​បារាំង​។ កម្មវត្ថុ​នៃ​ការ​បោះឆ្នោត​ប្រជាមតិ​នេះ​ គឺដើម្បី​ការពារ​បរិស្ថាន​ធម្មជាតិ​ដែល​បាន​និង​កំពុង​រង​ការ​គំរាម​កំហែង​ខ្លាំង​។

ផ្សាយពាណិជ្ជកម្ម

ថ្លែង​ទៅកាន់​សមាជ​ពលរដ្ឋ​បារាំង​ដើម្បី​អាកាសធាតុ​ លោក​ប្រធានាធិបតី​ម៉ាក្រុង​ បាន​ឲ្យ​ដឹង​ថា​ ការ​ធ្វើប្រជាមតិនេះ​នឹង​ស្នើឲ្យដាក់​បញ្ចូល​បន្ថែម​ នូវការ​ប្រយុទ្ធប្រឆាំង​​នឹង​បញ្ហា​ប្រែប្រែអាកាសធាតុ​ទៅក្នុង​មាត្រាទី១ នៃ​រដ្ឋធម្មនុញ​។ មាត្រាទី១នេះ​ មាន​ចែង​អំពី​គោលការណ៍​គ្រឹះ​នៃ​សាធារណរដ្ឋបារាំង​។

យោងទៅតាមច្បាប់​របស់​ប្រទេសបារាំង​ ជាដំបូង​សំណើធ្វើប្រជាមតិ​ នឹង​ត្រូវ​បញ្ជូនទៅ​រដ្ឋ​សភា​ បន្ទាប់មកទៀត​ព្រឹទ្ធសភា​ ហើយនិង​ត្រូវ​បោះឆ្នោត​តាម​លក្ខខណ្ឌ​កំណត់ដូចគ្នា​។ នេះ​ គឺជាការ​បញ្ជាក់ប្រាប់ពី​លោក​ប្រមុខរដ្ឋបារាំង​។

គួរជម្រាបជូនថា​ សមាជពលរដ្ឋបារាំង​ដើម្បីអាកាសធាតុ​ មាន​សមាជិក​ទាំងអស់​ ១៥០ រូប​ និង​ត្រូវបានបង្កើតឡើង​ក្រោម​គំនិត​ផ្ចុងផ្តើម​របស់​លោកម៉ាក្រុង​ ក្នុងគោលបំណង​ឆ្លើយតប​ទៅនឹង​វិវាទ​ក្នុង​សង្គម​ពាក់ព័ន្ធនឹង​បញ្ហា​អាកាសធាតុ​-​បរិស្ថាន​។ ពួកគេ​ មាន​តួនាទី​លើក​ស្នើ​យោបល់​ពី​វិធី​ដែល​រដ្ឋាភិបាល​បារាំង​អាច​ប្រើ​ដើម្បី​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។

សមាជពលរដ្ឋបារាំង​ បាន​ដាក់សំណើ​ជាក់ស្តែង​ជាច្រើន​អំពី​វិធីសាស្ត្រ​ក្នុងការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័នពុល ​។ ក៏ប៉ុន្តែ​ រឿងរ៉ាវ​ទាក់ទង​នឹង​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ដោយ​ការ​ដាក់​បញ្ចូល​សកម្មភាព​បំផ្លាញ​ធម្មជាតិ​ជា​អំពើឧក្រិដ្ឋ​មួយ ឬដែល​ហៅជា​ភាសា​អង់គ្លេសថា​ “Ecocide” ទើប​តែ​មាន​នៅក្នុង​បញ្ជី​អាទិភាព​របស់​ពួកគេ​ក្នុង​ខែមិថុនា​នោះទេ​។

សំណើ​ធ្វើ​ប្រជាមតិ​ខាងលើ​ ទំនងជា​ងាយនឹង​ទទួលបាន​ការ​យល់ព្រមពី​សភាបារាំង​ដែល​មាន​សមាជិកភាគ​ច្រើន​ជា​តំណាងរាស្ត្រមកពី​គណបក្ស​របស់​លោក​ម៉ាក្រុង​។ ក៏ប៉ុន្តែ​ សំណើ​នេះ​អាចប្រឈមនឹង​ការប្រឆាំងជំទាស់​ ឬការ​ពន្យារពេល​នៅព្រឹទ្ធសភា។ ​

គួរជ្រាបថា​ ប្រមុខ​រដ្ឋាភិបាល​បារាំង​លោក​អេម៉ានុយអែល​ ម៉ាក្រុង​ មាន​អាយុ ៤២ ឆ្នាំ គឺ​ជា​អ្នកនយោបាយ​ម្នាក់​ដែល​ខំ​ខ្នះខ្នែងខ្លាំង​ក្នុងការ​ជំរុញ​ប្រទេស​នានាឲ្យ​ចូលរួម​កាត់បន្ថយ​ការ​បំភាយ​ឧស័ន្ម​កាបូនិក​ ស្របទៅ​តាម​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស ឆ្នាំ២០១៥។

តែទោះជាបែបនេះក៏ដោយ​ លោកម៉ាក្រុង​ នៅតែ​មាន​អ្នក​រិះគន់​ក្នុងប្រទេស​ដែល​ចោទ​ប្រកាន់​ថា​ ការ​ប្រឹងប្រែង​របស់​លោក​ចំពោះ​បុព្វហេតុ​បរិស្ថាន​មានតែលើ​បបូរមាត់​តែ​ប៉ុណ្ណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI