វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

អង្គការ​សុខភាពពិភពលោក៖ វ៉ាក់សាំង​សម្រាប់ ប្រទេស​ក្រីក្រ នឹងចាប់មាន នៅ ត្រីមាសទី១ ដើមឆ្នាំ ២០២១

យន្តការកូវ៉ាក់​របស់​អង្គការសុខភាពពិភពលោក រួមជាមួយ​សម្ព័ន្ធដើម្បី​វ៉ាក់សាំង​បានអះអាងថា ប្រទេស​ក្រីក្រ និងកំពុង​អភិវឌ្ឍ​នឹងអាច​ទទួល​បានវ៉ាក់សាំង នៅត្រីមាស​ទី១ ឆ្នាំ ២០២១
យន្តការកូវ៉ាក់​របស់​អង្គការសុខភាពពិភពលោក រួមជាមួយ​សម្ព័ន្ធដើម្បី​វ៉ាក់សាំង​បានអះអាងថា ប្រទេស​ក្រីក្រ និងកំពុង​អភិវឌ្ឍ​នឹងអាច​ទទួល​បានវ៉ាក់សាំង នៅត្រីមាស​ទី១ ឆ្នាំ ២០២១ REUTERS - DADO RUVIC

អង្គការ​សុខភាព​ពិភពលោក ហើយនិង​ដៃគូ បាន​ប្រកាស នៅថ្ងៃ​សុក្រ​ម្សិលមិញ​ថា គេធានា​រក​បាន​វ៉ាក់សាំង​បង្ការជំងឺកូវីដ  ជិត ២ពាន់​លាន​ដូស សម្រាប់​ចែកចាយ ដល់​ប្រទេស​ប្រទេស​សមាជិក។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន កាលពី​ថ្ងៃ​សុក្រ អង្គការ​សុខភាព​ពិភពលោក និង​សម្ព័ន្ធ​ដើម្បី វ៉ាក់សាំង​សង្ឃឹម ចាប់ផ្តើម​ចែកចាយ​វ៉ាក់សាំង ទៅកាន់​ប្រទេស​ក្រីក្រ នៅត្រីមាស​ទី​១ ដើមឆ្នាំ​ក្រោយ។ អង្គការ​សុខភាព​ពិភពលោក​ចេញមុខ​មក​ប្រកាស​ដំណឹងនេះ នៅ​ពីរថ្ងៃ​ក្រោយ ការសិក្សា​បាន​បង្ហាញថា ប្រជាជន​ក្នុង​ប្រទេស​ក្រីក្រ​ត្រូវ​រង់ចាំ​រហូត​ដល់​ឆ្នាំ ២០២២ ទើបទទួល​បាន​ចាក់វ៉ាក់សាំង​បង្ការកូវីដ។ 

ផ្សាយពាណិជ្ជកម្ម

ខណៈពេល​ដែល​ក្រុមប្រទេស​អ្នកមាន ដូចជា​អាមេរិក អង់គ្លេស និង​កាណាដា ចាប់​ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការកូវីដ នៅក្នុង​ចំណោម​ប្រជាជន​របស់​ខ្លួន ក្រុម​ប្រទេស​ដែល​ចូលរួម​ក្នុង​យន្តការ​កូវ៉ាក់ ដែល​បង្កើតឡើង​ដោយ​អង្គការ​សុខភាព​ពិភពលោក និងសម្ព័ន្ធ​ដើម្បី វ៉ាក់សាំង នឹង​អាច​ទទួល​បាន​វ៉ាក់សាំង​បង្ការជំងឺកូវីដ នៅ​ដើម​ឆ្នាំក្រោយ។

នៅក្នុង​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃ​សុក្រ អង្គការ​សុខភាព​ពិភពលោក និងដៃគូ​បាន​អះអាងថា បន្ទាប់ពី​ធានា​រក​បាន​វ៉ាក់សាំង ជិត ២​ពាន់​លាន​ដូស សម្រាប់ពីពេលនេះ រហូត​ដល់​ចុងឆ្នាំ ២០១២១ គេ​នឹងអាច​ចាប់ផ្តើម​ចែកចាយ​វ៉ាក់សាំង នៅ​ត្រីមាស​ទី​១ ដើម​ឆ្នាំ​២០២១ ដោយ​ដំណាក់កាល​ចែកចាយ​ដំបូង នឹង​គ្រប់គ្រាន់ សម្រាប់ ការពារ អ្នកដែលធ្វើការ​ក្នុងផ្នែក​សុខភាព និង​សេវា​សង្គម។ ការចែកចាយ​ដំណាក់កាល​ទី ២ នឹង​ធ្វើឡើង នៅអំឡុង​ឆមាស​ទី១ សម្រាប់​ក្រុមប្រទេស​សមាជិក​របស់​យន្តការ​កូវ៉ាក់ ដែល​កុម្ម៉ង់​ចង់បាន​វ៉ាក់សាំង នៅ​មុន​ពាក់កណ្តាល​ឆ្នាំ​ក្រោយ។

គោលដៅ​របស់​អង្គការ​សុខភាព​ពិភពលោក គឺ ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាជន​ប្រមាណ ២០ភាគរយ​នៃបណ្តា​ប្រទេស​ដែល​ចូលរួម​ក្នុង យន្តការ​កូវ៉ាក់ បានទទួល​វ៉ាក់សាំង បង្ការកូវីដ ពីពេលនេះ រហូត​ដល់​ចុងឆ្នាំ ២០២១។ សម្រាប់​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក ដើម្បីយកឈ្នះ ទាំងស្រុង​លើជំងឺរាតត្បាត​កូវីដ គេ​ត្រូវការ បិទបញ្ចប់​ការឆ្លងរាលដាល នៅ​គ្រប់ទីកន្លែង ក្នុង​ពេលតែមួយ។ មាន​ន័យ​ថា វា​សំខាន់ណាស់ ដែល​គេ​ចាក់វ៉ាក់សាំង មនុស្ស​តែប៉ុន្មាន​នាក់ នៅ​ក្នុង​គ្រប់​ប្រទេស ជាជាង ចាក់មនុស្ស​ដ៏ច្រើន ក្នុង​ប្រទេស​តែមួយ។

អង្គការ​សុខភាព​ពិភពលោក​បាន​ចរចា ចុះ​កិច្ចព្រមព្រៀង​ជាមួយ ក្រុមហ៊ុន​ផលិត​ឱសថ ចំនួន បី ដូចជា Astrazeneca Novavax និង​Sanofi GSK​ដើម្បី ធានា​រក​ឲ្យ​បាន​វ៉ាក់សាំង  ប្រមាណ ២ពាន់លាន​ដូស ដែល​នៅក្នុងនោះ ​មាន​ជិត​ពាក់កណ្តាល​សម្រាប់ ប្រជាជន​ក្នុង ​ប្រទេស​ ចំនួន ៩២ ដែល​ក្រីក្រជាង​គេ​ក្នុងលោក។ នៅ​ថ្ងៃ​សុក្រ អគ្គនាយក​របស់​អង្គការ​សុខភាពពិភពលោក​បាន​ប្រកាសថា សាមគ្គីភាព បានជួយឲ្យ​ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ​ប្រមូលបាន​ថវិកា ២ពាន់លាន​ដុល្លារសម្រាប់ឆ្នាំ ២០២០ ប៉ុន្តែ គេ​នៅតែ​ត្រូវការ យ៉ាងតិច ជាង ៤ពាន់លាន​ដុល្លារ សម្រាប់​ឆ្នាំ ២០២១។

យន្តការ​កូវ៉ាក់ ដែល​អង្គការ​សុខភាព​ពិភពលោក និង​សម្ព័ន្ធ​ដើម្បីវ៉ាក់សាំង បង្កើតឡើង​នៅ​ខែ​កក្កដា​កន្លងទៅ បានធានា​ឲ្យ​មាន​វ៉ាក់សាំង បង្ការ​កូវីដ ជិត​២ពាន់លានដូស។ ប៉ុន្តែ បញ្ហាចោទ គឺ នៅត្រង់​ការផ្តល់សិទ្ធិ​អនុញ្ញាតិ​ឲ្យប្រើប្រាស់ ហើយ​និង​ការដឹកជញ្ជូន។ ត្រូវដឹងថា រហូតមកដល់​ពេលនេះ វ៉ាក់សាំង​ដែល​អង្គការ​សុខភាពពិភពលោក ចុះកិច្ចសន្យា ទទួល សម្រាប់ យន្តការ​កូវ៉ាក់ សុទ្ធសឹង​ជា​បេក្ខជន​វ៉ាក់សាំង ដែល​មិនទាន់​បញ្ចប់​ដំណាក់កាល​សាកល្បង ចុងក្រោយដូចជា​វ៉ាក់សាំង Sanofi  ឬ​ក៏​ជា​វ៉ាក់សាំង​ដែល​មិនទាន់​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់ ផ្លូវការ ដូចជា​វ៉ាក់សាំង របស់ ក្រុមហ៊ុន Astrazeneca វ៉ាក់សាំង​របស់​ចិន Novovaxជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI