កូវីដ១៩

អ្នក​ជំនាញ ៖ មិន​ទាន់​ហួស​ពេល​ ​ខ្ទប់​ការ​បំប្លែង​ខ្លួន​របស់​កូវីដ១៩​ទេ !

លោកស្រី​ Emma Hodcroft ថា "យើង​អាច​ខ្ទប់​ការ​បំផ្លែង​ខ្លួន​របស់​កូវីដ១៩​បាន"
លោកស្រី​ Emma Hodcroft ថា "យើង​អាច​ខ្ទប់​ការ​បំផ្លែង​ខ្លួន​របស់​កូវីដ១៩​បាន" Kenzo TRIBOUILLARD AFP/File

ការ​បំប្លែង​ខ្លួន​នៃ​មេរោគ​កូវីដ១៩ បាន​ជំរុញ​ឱ្យ​ប្រទេស​ជា​ច្រើន​ដក​ខ្លួន​ឱ្យ​ឆ្ងាយ​ពី​​​អង់គ្លេស​មួយ​រយៈ​ ដើម្បី​ជា​កិច្ចការ​ពារ​កុំ​ឱ្យ​​មាន​ការ​ឆ្លង​រាតត្បាត​ខ្លាំង។ ប៉ុន្តែបើ​តាម​​លោកស្រី អេម៉ា ហុដក្រុហ្វ  Emma Hodcroft ​បណ្ឌិតផ្នែក​រោគ​រាតត្បាត​ ឯកទេស​ខាងមេរោគ​​បំផ្លែង គេ​អាច​កំរិត​ការ​បំប្លែងខ្លួន​របស់​កូវីដ​១៩ បាន ព្រោះ​នៅ​មិន​ទាន់​ហួស​ពេលទេ។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​បទសម្ភាសន៍​ជាមួយ​ភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP លោកស្រី អេម៉ា ហុដក្រុហ្វ  Emma Hodcroft ​បណ្ឌិត​ផ្នែក​រោគ​រាតត្បាត នៅ​សាកល​វិទ្យាល័យ​ក្រុង​ ប៊ែន​ប្រទេស​ស្វ៊ីស បាន​អំពាវនាវ​ឱ្យ​ពិភពលោក​អភិវឌ្ឍ​វិធី​កត់ត្រាតាម​លំដាប់​លំដោយ​នៃ​ការ​ប្រែប្រួល​ហ្សែន​របស់​វីរុស​ Sars-CoV-2 បង្ក​ជំងឺ​កូវីដ​១៩ ដើម្បីងាយ​​តាមដាន​ការ​បំប្លែង​ខ្លួន​របស់​មេរោគ​។ លោកស្រី​បាន​សហការ​បង្កើត​កម្មវិធី​ Nextstrain ដែល​មាន​កម្មវត្ថុ​ប្រមូល​ព័ត៌មាន​និង​​ទិន្នន័យ​ទាក់ទង​នឹងការ​ប្រែប្រួល​​ហ្សែន​របស់​មេរោគ ដោយ​ជាក់ស្តែងភ្លាមៗ គ្រប់​ពេល។ ធ្វើ​ដូច្នេះ​ទើប​គេ​បាន​ដឹង​ថា​តើ​វីរុស​កូវីដ​១៩ បំប្លែង​ខ្លួន​ នៅ​ទីណា ? តើ​វីរុស​បំប្លែង​ខ្លួនក្នុង​​ទម្រង់ណា ? ហើយ​ទម្រង់​មួយណា​អាច​បង្ក​គ្រោះ​ថ្នាក់ ដូច​ជា​ឆ្លង​ខ្លាំង ឬធុន​នឹង​ថ្នាំ​វ៉ាក់សាំង ឬ​ បង្ក​ឱ្យមាន​ជំងឺ​​ធ្ងន់ធ្ងរ។

គ្មាន​អ្វី​​អាច​ឃាត់​​វីរុស​មិន​ឱ្យ​បំប្លែង​ខ្លួន​បាន​ទេ តែ​យើង​កំរិត​ការ​ចម្លង​ពីមនុស្ស​ម្នាក់​ទៅមនុស្ស​ម្នាក់​បាន តាម​រយៈ​ការ​គោរព​ក្បួន​ការ​ពារ រារាំង​ការ​ចម្លង​មេរោគ ដូច​ជា​ ពាក់​ម៉ាស់ រក្សាគម្លាត​ កាត់​បន្ថយ​ការ​ជួបជុំ ... នេះ​បើ​តាម​ការ​ពន្យល់​​របស់​លោកស្រី អេម៉ា ហុដក្រុហ្វ  Emma Hodcroft ដោយ​បញ្ជាក់​ថាមេរោគ​បំប្លែង​អាច​មាន​ហានិភ័យ​បង្កគ្រោះថ្នាក់​ជាង​មេរោគ​ដើម តែមេរោគនឹង​​​មិន​សូវ​បំប្លែង​ខ្លួន​ បើ​មិន​សូវមាន​​ការ​ចម្លង​មេរោគ​ទៅ​មនុស្ស​ផ្សេង។ ដូច្នេះ​ គេ​ត្រូវ​ចាត់​វិធានការ​ទប់ស្កាត់​កុំ​ឱ្យ​មេរោគកូវីដ១៩​បំប្លែងនៅ​អង់គ្លេស ​ឆ្លង​មក​រាល​ដាល​កំរិត​អន្តរជាតិ​និង​អឺរ៉ុបទាន់ ព្រោះ​នៅមិន​ទាន់​ហួស​ពេល​​ទេ​ពេល​នេះ។  ​លោកស្រី យល់​ថា យើង​នៅ​មាន​ឱកាស​ខ្ទប់​ការ​បំប្លែង​ខ្លួន​របស់​កូវីដ​១៩​បាន ដោយ​ត្រូវ​ចូល​រួម​ធ្វើ​ទាំង​អស់​គ្នា និង​ភ្លាម​ៗ ដោយ​មិន​អាច​បង្អង់​បាន​ឡើយ។

កាដូ​ដ៏​ប្រសើរ​បំផុត​សម្រាប់​គ្រួសារ​នា​ឱកាស​បុណ្យ​ណូអែល និង​ដាច់​ឆ្នាំ​នេះ គ្មាន​អ្វី​ក្រៅ​អំពីប្រកាន់​ឥរិយាបថ​ណា​ដែល​​​ទប់​កុំ​ឱ្យ​មេរោគ​កូវីដ១៩​បំប្លែង​ខ្លួន​​រីករាលដាល​ទេ។ ​​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ ជា​ការ​កាត់បន្ថយ​ការចម្លង​នៃ​វីរុស និង​ការ​បំប្លែង​ខ្លួន​នៃ​វីរុស !​ ការ​ធ្វើ​ដំណើរ​ពេល​វិស្សមកាល​រដូវ​ក្តៅ បាន​នាំកូវីដ​១៩ និង​​វីរុស​បំប្លែង​នៅ​អេស្ប៉ាញ​ មក​ចែក​ចាយ​ចម្លង​ពេញ​អឺរ៉ុប។ នេះ​ជា​មេរៀន​ជាក់ស្តែង​ដែល​មិន​ត្រូវ​ឱ្យកើត​មាន​ជា​លើក​ទីពីរ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI