បារាំង-កូវីដ១៩

កូវីដ១៩ ៖ យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការបារាំង​យឺត​យ៉ាវ​ខ្លាំង

យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​កូវីដ​១៩ នៅ​បារាំង​យឺតយ៉ាវ​ខ្លាំង​
យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​កូវីដ​១៩ នៅ​បារាំង​យឺតយ៉ាវ​ខ្លាំង​ REUTERS - CHARLES PLATIAU

ហេតុ​អ្វី​បាន​ការ​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ មាន​ការ​យឺតយ៉ាវ​ខ្លាំង​ ? នេះ​ជា​សំណួរ​ដែល​ចោទ​សួរ​កាន់​តែ​ខ្លាំង​ឡើង ព្រោះ​សន្ទុះ​នៃ​ការ​ឆ្លង​រាតត្បាត​ហាក់​កំពុង​ហក់​ឡើង​ជា​ថ្មីផង។ ប្រឈម​នឹង​ការ​រិះគន់​ រដ្ឋាភិបាល​បារាំង​បាន​ចេញ​មុខ​មក​បញ្ជាក់​និងសន្យា​ពន្លឿន​​ការ​ចាក់​ថ្នាំ ព្រមទាំង​​ផ្តល់​តួលេខ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​តម្លាភាព។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បញ្ហា​ម៉ាស់ បញ្ហា​ធ្វើ​តេស្ត​រក​កូវីដ​១៩ ឥលូវ​អាជ្ញាធរ​បារាំងត្រូវ​ជួប​រឿង​អាស្រូវ​ជុំ​វិញ​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ទៀត។ អាជ្ញាធរ​ប្រុង​ប្រយ័ត្ន​ជ្រុល ឬ​មាន​ទស្សនៈ​អវិជ្ជមាន​ជ្រុល ?

កាលពី​មុន​សេចក្តី​សម្រេច​របស់​អាជ្ញាធរ​ឱសថ​អនុញ្ញាត​ឱ្យ​ប្រើថ្នាំ​វ៉ាក់សាំង​ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បារាំង លោក អូលីវីយ៉េ វេរ៉ង់ បាន​ប្រកាសបើក​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​​សម្រុក​ ដោយ​ចាប់​ចាក់​ជា​ដំបូង​ជូន​មនុស្ស​ចាស់​នៅមណ្ឌល​ចាស់​ជរា បន្ទាប់​មក​ក្រុមគ្រូពេទ្យ  ក្រោយ​មក​ទៀត​សម្រាប់​មនុស្ស​ចាស់​ចាប់​ពី​អាយុ​៦៥​ឆ្នាំ​ឡើង​ទៅ និង​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ចាប់​ពី​ខែ​មេសា​ទៅ។

តែ​នៅ​ពេល​ យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​ប្រឆាំង​នឹង​កូវីដ​១៩ បាន​ចាប់​ផ្តើម ដោយ​ជាក់​ស្តែង ​ជា​ផ្លូវ​ការ​និង​ទន្ទឹម​គ្នា​ជាមួយ​បណ្តា​ជា​សមាជិក​សហភាព​អឺរ៉ុប​ផ្សេង​ទៀតមក បារាំង​ទើប​ចាក់​ថ្នាំ​ជូន​ពលរដ្ឋ​បាន​ប្រមាណ​ជាង៥១៦​នាក់​ប៉ុណ្ណោះ (គិត​ចាប់​ពី​ថ្ងៃទី ១​មករាមក)​​។ ចំណែក​នៅអាល្លឺម៉ង់​វិញ​ ចំនួន​អ្នក​ទទួល​បាន​ថ្នាំបង្ការ​បាន​ឡើងដល់​បី​បួន​សែន​​នាក់​ទៅ​ហើយ។

ហេតុ​អ្វី​បារាំង​យឺតយ៉ាវជាង​គេ​យ៉ាង​ដូច្នេះ ? តើមក​ពី​​គ្មាន​ថ្នាំ​បង្ការ​គ្រប់គ្រាន់​ឬ ចំណាត់ការ​គ្មានប្រសិទ្ធភាព ? បើ​តាម​អ្នក​នាំពាក្យ​រដ្ឋាភិបាល​បារាំង​បាន​ទទួល​ថ្នាំ​បង្ការ​ចំនួន​៥សែន​ដូស​រួច​មក​ហើយ និង​បាន​៥សែន​ដូស​ទៀត​នៅរៀង​រាល់​ដើម​​សប្តាហ៍នីមួយៗ។

ប្រឈមនឹង​កំណើន​នៃការ​រាត​ត្បាត​ស្ទុះ​ឡើង​ខ្លាំង​ជា​ថ្មី​នៅភាគ​ខាងកើត​និង​ខាង​ត្បូង​ប្រទេស និង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ពីគ្រប់ទិស​ទី ពី​សំណាក់​​ក្រុម​អ្នក​វិទ្យាសាស្ត្រផង និង​តំណាង​រាស្ត្រ​ផង ​លោកប្រធានាធិបតី​បារាំង បាន​ឆ្លៀត​ ​ពន្យល់​និង​តម្រែតម្រង់​ទិស​នយោបាយ នាឱកាសថ្លែង​សារ​ជូន​ពរ​ពលរដ្ឋ​ថា “មិន​បណ្តោយ​ឱ្យ​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ បន្ត​អូស​ជើង​យឺតយ៉ាវ​ដោយ​គ្មាន​ហេតុផល​ទៀត​ទេ”។ ​ តាំង​ពី​ចុង​សប្តាហ៍​​នេះ​មក រដ្ឋាភិបាល​បាន​ប្តូរ​សារ​។

រដ្ឋមន្ត្រី​ពាក់ព័ន្ធ​បាន​បង្ហាញ​ខ្លួន​ម្នាក់​ម្តង​ៗបន្តបន្ទាប់​គ្នា​តាម​កញ្ចក់​ទូរទស្សន៍​ដើម្បី​ពន្លត់​ចម្ងល់​ និងពាក្យ​រិះគន់។ ការ​ប្តូរ​ផ្លាស់​គួរ​ឱ្យកត់​សម្គាល់ គឺ​យុទ្ធនាការ​ចាក់ថ្នាំ​បង្ការ​ប្រឆាំង​កូវីដ​១៩​ចាប់​ផ្តើម​បង្កើន​ល្បឿន​ ជា​ពិសេស​គឺ​ការ​ផ្តល់​ថ្នាំ​បង្ការ​ជូន​បុគ្គលិក​ពេទ្យ​ បាន​ឆាប់​ជាង​គម្រោងការ​ដំបូង។ ចំណែក​មនុស្ស​ចាស់​ចាប់ពី អាយុ​៧៥​ឆ្នាំ​ឡើង​ទៅ​ (ដែលមិនរស់នៅ​តាម​មណ្ឌលចាស់ជរា) នឹង​អាច​ទទួល​ថ្នាំ​បង្ការ​នៅ​ចុង​ខែមករា​នេះ។ នេះ​បើ​តាមការ​បញ្ជាក់​បន្ថែមរបស់​លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI