អង់គ្លេស-វីគីលិក​

តុលាការ​អង់គ្លេស​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ជូលៀន​ អាសាញ

អ្នកគាំទ្រលោកជូលៀន អាសាញកាន់រូបភាពឈរនៅខាងក្រៅតុលាការ Westminster Magistrates ខណៈដែលសវនាការស្តីអំពីសំណើសុំនៅក្រៅឃុំរបស់លោកកំពុងប្រព្រឹត្តធ្វើឡើងនៅឯតុលាការក្នុងទីក្រុងឡុងដ៍នាថ្ងៃពុធទី៦ខែមករា ឆ្នាំ២០២១។
អ្នកគាំទ្រលោកជូលៀន អាសាញកាន់រូបភាពឈរនៅខាងក្រៅតុលាការ Westminster Magistrates ខណៈដែលសវនាការស្តីអំពីសំណើសុំនៅក្រៅឃុំរបស់លោកកំពុងប្រព្រឹត្តធ្វើឡើងនៅឯតុលាការក្នុងទីក្រុងឡុងដ៍នាថ្ងៃពុធទី៦ខែមករា ឆ្នាំ២០២១។ AP - Matt Dunham
ដោយ៖ អ៊ុង គឹមអ៊ាន់
១៦ នាទី

តុលាការ​អង់គ្លេស​បានបដិសេធ​ចំពោះ​សំណើ​សុំ​នៅ​ក្រៅឃុំ​ដោយ​ការ​បង់​ប្រាក់​ធានា​របស់​ស្ថាបនិក​គេហទំព័រវីគីលិក​ (Wikileaks) លោក​ជូលៀន​ អាសាញ ​នៅ​ថ្ងៃពុធ​ ទី៦ មករា​។ ចៅក្រម​ម្នាក់​បាន​មាន​ប្រសាសន៍​ថា​ការ​បន្ត​ឃុំឃាំង​លោក​អាសាញ​ត្រូវ​តែ​បន្ត​ធ្វើ​ ខណៈ​​អាមេរិក​កំពុង​ប្តឹង​ប្រឆាំង​ទៅនឹង​ការ​សម្រេច​របស់​តុលាការ​អង់គ្លេស​ដែល​មិន​ព្រម​បញ្ជូន​លោកអាសាញទៅ​ឲ្យ​អាមេរិក​ដើម្បី​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ទម្លាយ​ឯកសារ​សម្ងាត់​របស់​អាមេរិក​។

ផ្សាយពាណិជ្ជកម្ម

លោកស្រី​វ៉ានណេសា​ បារ៉េតហ្សឺ​ (Vanessa Baraitser) ដែលជា​ចៅ​ក្រម​អង់គ្លេស​ម្នាក់​បាន​ប្រាប់​តុលាការ​ Westminster Magistrates ថា​ប្រសិនបើ​ត្រូវ​បាន​ដោះលែង​ ស្ថាបនិក​គេហទំព័រវីគីលិក លោក​ជូលៀន អាសាញ​ អាចនឹង​អវត្តមាន​ពី​សវនាការ​កាត់​ក្តី​នា​ពេល​អនាគត​។ ហើយ​ប្រសិន​បើ​លោក​អាសាញ​ បាត់ខ្លួន​ក្នុង​អំឡុង​ពេល​ដំណើរ​ការក្តី​ នោះ​តុលាការ​អង់គ្លេស​នឹង​បាត់បង់​ឱកាស​ក្នុងការ​ស្វែង​រក​យុត្តិធម៌​។

នៅ​ខាង​ក្រៅ​តុលាការ​ មេធាវី​ Stella Morris​ ដែល​ត្រូវ​ជា​គូដណ្តឹង​របស់​លោក​អាសាញ​ និងជា​អ្នក​ម្តាយកូនពីរ​ បាន​ហៅ​សេចក្តី​សម្រេច​របស់​តុលាការ​អង់គ្លេស​នេះ​ថា​គឺជា​រឿង​គួរ​ឲ្យ​ខកចិត្ត​ជាទីបំផុត​ ហើយបាន​ជំរុញផងដែរ​ឲ្យ​ក្រសួង​យុត្តិធម៌​អាមេរិក​ទម្លាក់​ចោល​នូវ​បទ​ចោទេ​ប្រកាន់ប្រឆាំង​នឹង​លោកអាសាញ​។

ចំណែក​នៅ​មុន​នេះ​បន្តិច​ មេធាវី​របស់​រដ្ឋាភិបាល​អាមេរិក​បាន​ជំរុញ​ឲ្យ​ចៅក្រុម​អង់គ្លេស​កុំ​ដោះលែង​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​សញ្ជាតិ​អូស្ត្រាលី​រូបនេះ​ឲ្យសោះ​ និង​បាន​លម្អិត​ប្រាប់​ផងដែរ​អំពី​វិធី​ ដែល​ខ្លួន​គ្រោង​នឹង​ធ្វើ​ដើម្បីប្រឆាំង​ទៅនឹង​ការសម្រេច​របស់​តុលាការ​អង់គ្លេស​។ តុលាការ​អង់គ្លេស​ដែល​កាល​ពី​ថ្ងៃ​ចន្ទ​ ទី៤​ មករា ​បាន​សម្រេច​មិន​បញ្ជូន​លោក អាសាញ​ទៅ​ឲ្យ​សហរដ្ឋអាមេរិក​ទេ​ក្រោមហេតុផល​សុខភាព​ផ្លូវចិត្ត​។

“ក្នុងនាម​ជា​តំណាងឲ្យ​សហរដ្ឋអាមេរិក​ យើងគិតថា​វា​មាន​ឧបសគ្គ​ជាច្រើន​ដែល​មិន​អាច​ប្រកែក​បាន​ ប្រសិន​បើ​ស្ថាបនិក​គេហទំព័រ​វីគីលិក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅក្រៅឃុំ​។ នេះគឺជា​ប្រសាសន៍​មេធាវី​របស់​អាមេរិក​លោកស្រី​ក្លែរ​ ដូបប៊ីន​ (Clair Dobbin) ដោយ​បន្ថែម​ទៀត​ថា​ គ្មានអ្វី​អាច​ធានា​អះអាង​បាននោះ​ទេថា​ លោកអាសាញ​ នឹងមិន​​រត់គេច​ពី​ការ​ចូលខ្លួន​ក្នុង​សវនាការ​ជំនុំ​ជម្រះក្តី​នា​ពេល​អនាគត​។

យ៉ាងណាក៏ដោយ​ មេធាវី​របស់​លោកជូលៀន​ អាសាញ​ បាន​លើក​ឡើងថា​ វា​គ្មាន​គ្រោះ​ថ្នាក់នោះទេ ​ក្នុងការ​អនុញ្ញាត​ឲ្យ​កូនក្តី​លោកស្រី​​នៅក្រៅឃុំ​ និង​ថា​លោក​នឹង​មិន​រត់​គេច​​ខ្លួន​ពីការ​ចូល​បំភ្លឺ​រឿង​ក្តី​នាពេលអនាគត​ឡើយ​។

គួរ​រំឭក​ជូន​ថា​ មានអាយុ​ ៤៩ ឆ្នាំ​ ស្ថាបនិក​វីគីលិក​លោក​អាសាញ​ បាន​ចាប់​មាន​ឈ្មោះ​ល្បី​នៅក្នុង​ពិភពលោក​ក្នុង​ឆ្នាំ​២០១០ បន្ទាប់​ពី​បាន​ផ្សព្វផ្សាយ​ឯកសារ​ជាង​៧០ម៉ឺន​ស្តីពី​សកម្មភាព​យោធា និង​កិច្ចការ​ទូត​អាមេរិក​។

រដ្ឋបាល​អាមេរិក​បាន​ចោទ​លោក​អាសាញ​ពី​បទចារកម្ម​ និងបាន​ខ្នះខ្នែង​យ៉ាង​ខ្លាំង​ធ្វើ​យ៉ាង​ណា​នាំយក​ស្ថាបនិក​គេហទំព័រ​វីគីលិក​រូបនេះ​ទៅ​កាត់​ទោស​​នៅ​លើ​ទឹកដី​អាមេរិកឲ្យបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI