កូវីដ១៩ ៖ ភ្នាក់ងារអឺរ៉ុប អនុញ្ញាត ឱ្យប្រើថ្នាំវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna
ចុះផ្សាយនៅថ្ងៃ៖
ភ្នាក់ងារឱសថអឺរ៉ុប បានអនុម័តនៅថ្ងៃពុធទី ៦មករា២០២១ យល់ព្រមឱ្យអឺរ៉ុបធ្វើចរាចរណ៍ថ្នាំបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាមេរិក។ នេះជាថ្នាំវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ទីពីរ ដែលបានទទួលការអនុញ្ញាតឱ្យប្រើប្រាស់។ ជាមួយនឹងសេចក្តីសម្រេចនេះ អឹរ៉ុបសង្ឃឹមថា យុទ្ធនាការចាក់ថ្នាំបង្ការនៅអឺរ៉ុបដ៏យឺតយ៉ាវបើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិកឬអង់គ្លេសនោះ អាចនឹងត្រូវពន្លឿនបានច្រើនជាងមុន។
ភ្នាក់ងារឱសថអឺរ៉ុប យល់ព្រមផ្តល់អនុសាសន៍ឱ្យប្រើថ្នាំវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ដើម្បីជួយបង្ការមនុស្សចាស់ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ពីជំងឺកូវីដ១៩។ ថ្នាំបង្ការនឹងផ្តល់លទ្ធភាពឱ្យអឺរ៉ុបយកឈ្នះភាពបន្ទាន់សុខភាពបង្កឡើងកូវីដ១៩។ នេះជាសេចក្តីថ្លែងការណ៍របស់អាជ្ញាធរគ្រប់គ្រងឱសថអឺរ៉ុបដែលមានទីស្នាក់ការនៅទីក្រុងអាំស្ទែរដាំ ប្រទេសហូឡង់។ ភ្នាក់ងារបានអះអាងថា ក្រុមអ្នកជំនាញបានធ្វើការយ៉ាងលំបាកលំបិនណាស់ទម្រាំទទួលបានការបំភ្លឺច្បាស់លាស់ពីក្រុមហ៊ុន ដើម្បីជម្រះអស់ចម្ងល់ទាំងឡាយ។ តែទីបំផុត ភ្នាក់ងារអាចផ្តល់សេចក្តីសម្រេចបានមួយសប្តាហ៍មុនការគ្រោងទុក។
ថ្នាំបង្ការ Moderna របស់ក្រុមហ៊ុនអាមេរិក មានប្រសិទ្ធភាពការពារជំងឺកូវីដ១៩បាន៩៤,១% និងត្រូវចាក់ពីរដង ដោយឃ្លាតគ្នា២៨ថ្ងៃ។
បានការអនុញ្ញាតដែលមានសុពលភាពមួយ១ឆ្នាំនេះហើយ គេត្រូវរង់ចាំសេចក្តីសម្រេច ជាផ្លូវការពីគណៈកម្មការអឺរ៉ុបសិន មុនអាចដាក់ឱ្យប្រើប្រាស់ជាទូទៅបាន។ តែប្រធានក្រុមប្រឹក្សាអឺរ៉ុបានប្រកាសកាលពីថ្ងៃអង្គារថាថ្នាំបង្ការ Moderna អាចនឹងទទួលបានការអនុញ្ញាតឱ្យនៅប៉ុន្មានក្រោយ ហើយគណៈកម្មការអឺរ៉ុបនឹងរៀបចំជំនួបកំពូលនៅចុងខែមករាដើម្បីដោះស្រាយវិបត្តិសុខភាព។ លោកស្រីប្រមុខដឹកនាំសហភាពអឺរ៉ុប ក៏បានធានាថាអឺរ៉ុបនឹងធ្វើការឱ្យបានពេញទំហឹងដើម្បីចែកចាយថ្នាំបង្ការដល់គ្រប់រដ្ឋជាសមាជិក។
សូមបញ្ជាក់ថា ប្រទេសជាសមាជិកសហភាពអឺរ៉ុប បានដាក់គំនាបលើភ្នាក់ងារឱសថខ្លាំងណាស់ ឱ្យភ្នាក់ងារឆាប់ផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំបង្ការរបស់ Moderna មួយបន្ថែមទៀត ព្រោះពេលនេះអឺរ៉ុបកំពុងប្រឈមនឹងរលកចម្លងកូវីដ១៩ខ្លាំងជាថ្មី។
អឺរ៉ុបបានចាប់ផ្តើមយុទ្ធនាការចាក់ថ្នាំបង្ការរបស់ក្រុមហ៊ុនPflizer /BioNtech តាំងពីនៅថ្ងៃទី ២៧ធ្នូ ២០២០ ប៉ុន្តែក្នុងល្បឿនយឺតខ្លាំងណាស់។ ប្រទេសហូឡង់ទើបតែអាចចាប់ផ្តើមចាក់នៅថ្ងៃពុធមុនតែប៉ុណ្ណោះ។ នៅសហរដ្ឋអាមេរិកយុទ្ធនាការចាក់ថ្នាំបង្ការកូវីដ១៩ មានដំណើរការទៅលឿន ដោយប្រើថ្នាំពីរប្រភេទ គឺ Pfizer BioNTech និង Moderna។ នៅអង់គ្លេស អាជ្ញាធរទើបផ្តល់ការអនុញ្ញាតឱ្យចាក់ថ្នាំបង្ការរបស់ក្រុមហ៊ុន AstraZeneca មួយបន្ថែមទៀត។ ប៉ុន្តែសម្រាប់អឺរ៉ុប ភ្នាក់ងារឱសថដែលជាស្ថាប័នឯករាជ្យ បានអះអាងរួចហើយថាថ្នាំបង្ការផលិតដោយក្រុមហ៊ុនអង់គ្លេស AstraZeneca សហការជាមួយសកលវិទ្យាល័យ Oxford មិនទាន់អាចអនុញ្ញាតឱ្យប្រើប្រាស់ក្នុងអឺរ៉ុបបាននៅខែមករា២០២១នេះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ