WHO-អឺរ៉ុប-កូវីដ១៩

មេរោគកូវីដ១៩ បំប្លែងខ្លួន៖អង្គការសុខភាពពិភពលោកអំពាវនាវឲ្យអឺរ៉ុបពង្រឹងវិធានការបន្ថែមទៀត

នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុបលោកហាន គ្លូ
នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុបលោកហាន គ្លូ AFP/Archivos
១៥ នាទី

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ មករា នាយក​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អឺរ៉ុប​លោក​ហាន គ្លូ​បាន​អំពាវនាវ​ឲ្យ​អឺរ៉ុប​ពង្រឹង​វិធានការ​ឲ្យ​បាន​ច្រើន​ជាង​សព្វថ្ងៃ​ដើម្បី​ប្រឈម​ទប់​នឹង​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូវីដ១៩ បំប្លែងខ្លួន។ តាម​លោក​ហាន គ្លូ តំបន់​អឺរ៉ុប​កំពុង​ប្រឈម​នឹង​សន្ទុះ​កំណើន​ឆ្លង​នៃ​មេរោគ​កូវីដ១៩ បំប្លែង​ខ្លួន។ គួរ​បញ្ជាក់​ថា មេរោគ​កូវីដ១៩ បំប្លែងខ្លួន​ដែល​មាន​ប្រភព​ចេញ​ពី​ប្រទេស​អង់គ្លេស​ជា​វីរុស​ដែល​ឆ្លង​ខ្លាំង​ជាង​វីរុស​កូវីដ១៩ ធម្មតា​ទៅ​ទៀត។ ក្រៅ​ពី​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អឺរ៉ុប មេរោគ​កូវីដ១៩ បំប្លែងខ្លួន​នេះ​ក៏កំពុង​ឆ្លង​ចូល​ប្រទេស​អាស៊ី និង​អាមេរិកដែរ។

ផ្សាយពាណិជ្ជកម្ម

ការ​អំពាវនាវ​របស់​លោក​ហាន គ្លូ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទកាសែត​តាម​អនឡាញ​ដោយ​លោក​បញ្ជាក់​ថា វីរុសកូវីដ១៩ បំប្លែងខ្លួន​អាច​ស្គាល់​កំណើន​ឆ្លង​កាន់​តែ​លឿន​នៅ​ក្នុង​តំបន់​អឺរ៉ុប​ដូច​បាន​សង្កេត​ឃើញ​នៅ​ក្នុង​ប្រទេស​អង់គ្លេស និង​កាន់​តែ​ច្រើន​នៅ​ក្នុង​ប្រទេស​ដាណឺម៉ាក។ តាម​នាយក​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អឺរ៉ុប​រូប​នេះ​ដដែល មាន ៥២ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​បូក​នឹង​ប្រទេស​រុស្ស៊ី​កំពុង​មាន​វិជ្ជមាន​វីរុសកូវីដ១៩ បំប្លែងខ្លួន។ ផ្អែក​តាម​អង្គការ​សុខភាពពិភព​លោក ល្បឿន​នៃ​ការ​ឆ្លង​ខ្លាំង​របស់​វីរុសកូវីដ១៩ បំប្លែងខ្លួន​អាច​បង្ក​ឲ្យ​មាន​កំណើន​ករណី​ធ្ងន់ធ្ងរ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​សុខាភិបាល​ជួប​ការ​កកស្ទះ។

« ជា​ស្ថានការណ៍​មួយ​បារម្ភ​ក្រៃលែង​ដែល​យើង​ត្រូវ​ប្រឹងប្រែង និង​ពង្រឹង​វិធានការ​សុខភាព សង្គម​បន្ថែម​ទៀត​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល » នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ហាន គ្លូ។ វិធានការ​ដែល​លោក​ហាន គ្លូ​ចង់​ឲ្យ​ប្រឹងប្រែង និង​ពង្រឹង​ទប់ទល់​នឹង​វីរុសកូវីដ១៩ បំប្លែង​ខ្លួន គឺ​ដូច​គ្នា​នឹង​វិធានការ​ទប់​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុសកូវីដ១៩ ធម្មតា រួម​មាន ពាក់ម៉ាស​ជា​លក្ខណៈ​ទូទៅ កម្រិត​ចំនួន​ការ​ជួបជុំ​ក្នុង​សង្គម រក្សា​គម្លាត​សុវត្ថិភាព លាងដៃ​ឲ្យ​បាន​ញឹកញាប់ រួម​ទាំង​បង្កើន​ការ​ធ្វើ​តេស្តិ៍​រក​វីរុស និង​ធ្វើ​ចត្តាឡីសក​ចំពោះ​អ្នក​ដែល​មាន​វិជ្ជមាន​វីរុសកូវីដ១៩ ឬ​វីរុសកូវីដ១៩ បំប្លែង​ខ្លួន។

លោក​ហាន គ្លូ​បាន​រម្លឹក​ថា វីរុសកូវីដ១៩ បំប្លែង​ខ្លួន​នៅ​តែ​ជា​វីរុសកូវីដ១៩ ដោយ​គ្មាន​ការ​ផ្លាស់ប្តូរ​ធម្មជាតិ​ពិត​នៃ​ជំងឺ​ទេ និង​ថា កូនក្មេង​ហាក់​មិន​សូវ​ប្រឈម​ឡើយ។ ដោយឡែក អង្គការ​សុខភាព​ពិភពលោក​ផ្តល់​អនុសាសន៍​មិន​ឲ្យ​បិទសាលារៀន​ទេ តែ​ក៏​មិន​ជំទាស់​នឹង​ការ​បិទ​ដែរ បើ​ការ​បិទ​នោះ​អាច​ចូលរួម​ជួយ​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល​នៃ​វីរុសកូវីដ១៩ ឬ​វីរុសកូវីដ១៩ បំប្លែង​ខ្លួន។ ទាក់ទង​នឹង​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ត្រូវ​បាន​គេ​សន្និដ្ឋាន​ក្នុង​ជំហាន​ដំបូង​ថា ក៏​មាន​ប្រសិទ្ធិភាព​បង្ការ​នឹង​វីរុសកូវីដ១៩ បំប្លែង​ខ្លួន​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI