អានតួអត្ថបទ
អាកាសធាតុ-ជីវចម្រុះ

របាយការណ៍ ៖ ក្រុម​ហ៊ុន​លើ​លោក​គិត​ច្រើន​ពី​​អាកាសធាតុ តែ​កម្រនឹកដល់​បញ្ហា​ជីវចម្រុះ

ក្រុមហ៊ុនសហគ្រាស​លើ​លោក​កម្រ​គិត​គូរ​ដល់​បញ្ហា​ជីវចម្រុះណាស់
ក្រុមហ៊ុនសហគ្រាស​លើ​លោក​កម្រ​គិត​គូរ​ដល់​បញ្ហា​ជីវចម្រុះណាស់ © rfiimages
ដោយ៖ អៀង សុខម៉ិញ
១៦ នាទី

ដើម្បី​ការ​ពារ​​ផលប្រយោជន៍​ហិរញ្ញវត្ថុ ​ក្រុមហ៊ុន​សហគ្រាស​ធំៗនៅ​លើ​​​ពិភពលោក ភាគ​ច្រើន​បាន​តែ​ង​គិត​បញ្ចូល​អំពី​គ្រោះ​ហានិភ័យ​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ។ ក្រុមហ៊ុន​ខ្លះ​​គិត​គូរ​ដល់​បញ្ហា​អាកាសធាតុ​ខ្លាំង ខ្លះ​ក៏​តិច។ ប៉ុន្តែ​បើតាម​របាយការណ៍​របស់​​ការិយាល័យ​សវនកម្ម​អន្តរជាតិ KPMG International – KMPG Global ទើប​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទទី ១១​មករា ២០២១នេះ កម្រ​មាន​ក្រុមហ៊ុន​ណា​ខ្វល់​ខ្វាយ​អំពី​ការ​​ធ្លាក់​ចុះ​នៃ​ប្រព័ន្ធ​ជីវចម្រុះ​ណាស់។

ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​២៥០​ក្រុមហ៊ុន​សហគ្រាស​ធំ​ដ៏​ជាង​បំផុត​លើកលោក មាន​បីភាគ​បួនបាន​កំណត់​ផែនការ​អភិវឌ្ឍ​ក្រុមហ៊ុន​ដោយ​ភ្ជាប់ជាមួយ​នូវ​កម្មវត្ថុ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​។ ៨០%​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ក្រុមហ៊ុន​ទាក់​ទង​វិស័យ​អភិវឌ្ឍន៍​​ស្អាត ទល់​នឹងត្រឹម​តែ​​១២%​ប៉ុណ្ណោះ​កាលពី​៣០​មុន។ នេះ​បើ​តាម​​របាយការណ៍​អង្កេត​របស់​ការិយាល័យ​សវនកម្មអន្តរជាតិ ​KPMG ដែល​តែង​ចេញ​ផ្សាយការ​អង្កេត​​ស្តី​ពីការអភិវឌ្ឍន៍​មិន​ចេះ​រីងស្ងួត​ ​​​ជា​រៀង​រាល់​ឆ្នាំ តាំង​ពី​ឆ្នាំ​១៩៩៣មក។ នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ការិយាល័យ​សនវកម្ម​បាន​សិក្សា​អង្កេត​ក្នុង​ក្រុមហ៊ុន​ចំនួន​៥២០០ ពោល​គឺ​ក្រុមហ៊ុន​ធំ​បំផុត​១០០​គេ​ដំបូង​ ក្នុង​៥២ប្រទេស​​។

បើ​តាម​ការ​លម្អិត​របស់​របាយការណ៍ ៤៣%​នៃ​ក្រុមហ៊ុន​ (៥៦%​នៃ​ក្រុមហ៊ុន​ធំជាង​២៥០​ដំបូង) បាន​ទទួល​ស្គាល់​អំពី​ហានិភ័យ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ចំពោះ​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន  ហើយ​ពីរភាគ​បី​មាន​កម្មវត្ថុ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់។ ​តៃ​វ៉ាន់​ជាប់​លំដាប់​ទី​មួយ ដោយមាន​ក្រុមហ៊ុន​សហគ្រាស​ចំនួន​ដល់​ទៅ​​៩២%​បាន​បញ្ចូល​ហានិភ័យ​អាកាស​ធាតុ​ក្នុង​ការរក​ស៊ី​របស់​ខ្លួន បារាំង​ជាប់​លំដាប់​ទីពីរ (៨៧%) បន្ទាប់​មក​គឺ​អង់គ្លេស​(៦៩%) ហូឡង់(៦៨%) អាហ្វ្រិក​ខាង​ត្បូង​(៦៧%) ជប៉ុន​(៦៤%)។

ជា​សរុប គឺ​ក្រុមហ៊ុន​ធំៗ​​ចាប់​អារម្មណ៍​និង​និយាយ​អំពី​បញ្ហា​អាកាសធាតុ ព្រមទាំង​យល់​អំពី​ឥទ្ធិពល​នៃ​បញ្ហាហិរញ្ញវត្ថុ​ចំពោះ​​​អាកាសធាតុ សង្គមនិង​អភិបាល​កិច្ច​ព្រមទាំង​តម្លៃ​របស់​ក្រុមហ៊ុន។ គ្រាន់​តែ​ក្រុមហ៊ុន​ខ្លះ​ចាប់​អារម្មណ៍​ខ្លាំង​ និង​មាន​សកម្មភាព​ជាក់ស្តែង ឯ​ខ្លះ​ទៀត​លំៗ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​តំណាង​ការិយាល័យ​សវនកម្មអន្តរជាតិ​ប្រចាំ​ប្រទេស​បារាំង។

ប៉ុន្តែ​ក្រុមហ៊ុន​សហគ្រាសពិភពលោក​ មិន​សូវ​ចាប់​អារម្មណ៍​នឹង​ហានិភ័យ​ហិរញ្ញវត្ថុ​បង្ក​ឡើង​ដោយ​ការ​បាត់​បង់​និង​ធ្លាក់​ចុះ​នៃ​ប្រពន្ធ​ជីវចម្រុះ​ទេ។ មាន​ក្រុមហ៊ុនក្នុង​វិស័យ​ប្រឈម​​មិន​ដល់​មួយភាគ​បួន​ផង​ ដែលបាន​គិត​គូរ​អំពី​គ្រោះ​ហានិភ័យ​មួយ​នេះ​។ ​ក្រុមប្រទេស​អាមេឡាទីន យល់​អំពី​បញ្ហាធ្លាក់​ចុះ​នៃ​​ជីវចម្រុះ​ខ្លាំង​ជាង​គេ ឯ​អាមេរិក​ខាង​ជើង​ស្ពឹក​ខ្លាំង​ជាង​គេ​បង្អស់។ នេះ​​បើ​តាម​របាយការណ៍ ដែល​បញ្ជាក់​ថា​ពិភពលោក​កំពុង​បាត់​បង់​ប្រព័ន្ធ​ជីវចម្រុះ​របស់​ខ្លួន​ យ៉ាង​អាសន្ន​បំផុត​។ ក្រុមហ៊ុន​សហគ្រាស​មិន​អាច​ធ្វើ​មិន​ដឹង​មិន​ឮ​បាន​ទៀត​ទេ។ យូរឬ​ឆាប់​ក្រុមហ៊ុន​នឹង​ត្រូវ​រង​គ្រោះ​ដោយ​ខ្លួន​ឯង​បើ​មិន​ព្រម​ចូល​រួម​ចំណែក​គិត​គូរ​ដល់​ជីវចម្រុះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ