បារាំង-ភពផែនដី

មេ​ដឹក​នាំ​ពិភព​លោក​បើក​កិច្ច​ប្រជុំ​កំពូល​ “ភព​ផែន​ដី​តែ​មួយ​” នៅ​ថ្ងៃ​ចន្ទ​នេះ

រហូតមកដល់ពេលនេះ កិច្ចខិតខំប្រឹងប្រែងដើម្បីការពារនិងស្តារបរិស្ថានធម្មជាតិក្នុងសកលលោកជួបភាពបរាជ័យយ៉ាងខ្លាំង។
រហូតមកដល់ពេលនេះ កិច្ចខិតខំប្រឹងប្រែងដើម្បីការពារនិងស្តារបរិស្ថានធម្មជាតិក្នុងសកលលោកជួបភាពបរាជ័យយ៉ាងខ្លាំង។ AP - Leo Correa
ដោយ៖ អ៊ុង គឹមអ៊ាន់
១១ នាទី

បណ្តា​មេដឹកនាំ​ពិភពលោក​នឹង​ព្យាយាម​ធ្វើឱ្យ​កិច្ចការ​ទូត​បរិស្ថាន​អន្តរជាតិ​ចាប់​ផ្តើមមាន​សកម្មភាព​ឡើងវិញ​នៅថ្ងៃ​ចន្ទ​ ទី១១​ មករា​នេះ​ តាមរយៈ​កិច្ច​ប្រជុំ​កំពូល​ស្តីអំពី​ជីវចម្រុះ​។ ជំនួប​កំពូល​នេះ​គឺជា​ចំនុច​ផ្តើមដ៏​សំខាន់​មួយ​ក្នុង​ឆ្នាំ​ ២០២១​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​ធ្ងន់ធ្ងរ​បង្កឡើង​ដោយ​ការកើនឡើង​កម្តៅផែនដី​និង​ការ​បាត់បង់​ប្រភេទ​សត្វ​នានា​។

ផ្សាយពាណិជ្ជកម្ម

សន្ទុះ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​សម្រាប់​បុព្វហេតុ​អាកាសធាតុ​និង​ជីវចម្រុះ​ បាន​ជាប់​គាំង​ក្នុង​ឆ្នាំ​ ២០២០​ ដោយសារ​តែ​ការ​ឆ្លង​រាលដាល​ជា​សកល​នៃ​ជំងឺ​កូវីដ​១៩​។ កូវីដ១៩​ ដែល​ជា​វិបត្តិ​សុខភាព​សាធារណៈ​ និង​ដែល​ត្រូវ​អ្នក​ជំនាញ​និយាយ​ថា​ជា​លទ្ធផល​កើតចេញ​ពី​ការ​បំផ្លាញ​បរិស្ថាន​។

កិច្ច​ប្រជុំ​កំពូល​ “ភព​ផែនដីតែមួយ​” (The One Planet Summit) គឺជា​ព្រឹត្តិការណ៍​ដ៏ធំ​ដែល​រៀបចំ​ឡើង​ដោយ​ប្រទេស​បារាំង​ ក្នុង​ភាពជាដៃគូ​ជាមួយ​អង្គការ​សហប្រជាជាតិ​ និង​ធនាគារពិភពលោក​ ព្រមទាំង​មានការ​ចូលរួម​ពី​ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល​ ម៉ាក្រុង​ អគ្គលេខាធិកា​អ.ស.ប​ លោក​អង់តូនីញ៉ូ​ ហ្គូទែរស៍​ និង​លោកស្រី​ អួរស៊ូឡា វ៉ុនឌែរ ឡេយែន​ ប្រធាន​គណៈកម្មការអឺរ៉ុប​។

បារាំង​ដែល​ទទួល​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំថ្ងៃនេះ​ សង្ឃឹម​ថា​តាមរយៈ​ជំនួប​កំពូល​ភព​ផែន​ដី​តែ​មួយ​ មេដឹកនាំ​ពិភពលោក​នឹង​អាច​បង្កើត​ក្រប​ខ័ណ្ឌ​ថ្មី​មួយ​រួមគ្នា​ ដើម្បី​ឈានឆ្ពោះ​ទៅ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ និង​ប្រភេទ​សត្វ​ផ្សេងៗ​។

រហូត​មក​ដល់ពេលនេះ​ កិច្ចខិតខំប្រឹងប្រែង​ដើម្បី​ការពារ​និង​ស្តារ​បរិស្ថាន​ធម្មជាតិ​ក្នុង​សកល​លោក​ បាន​ជួប​ភាព​បរាជ័យ​យ៉ាងខ្លាំង​។ ភពផែនដី​ស្ថិតនៅ​លើ​ចំណុច​មួយ​ដែលកំពុង​ឈាន​ទៅដល់​ការផុតពូជ​ដ៏​ធំ​នូវ​ប្រភេទ​សត្វជាច្រើន​ ដែល​កំពុង​​បាត់​ខ្លួនជា​បន្ត​បន្ទាប់​គ្នា​។

ក្រុម​ប្រឹក្សាវិទ្យាសាស្ត្រ​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ជីវចម្រុះ​ បាន​ព្រមាន​នៅ​ក្នុង​របាយការណ៍​ឆ្នាំ​ ២០១៩​ ថា​ សត្វ​ចំនួន​ ១ លាន​ប្រភេទ​ ប្រឈមទៅ​នឹង​ការផុតពូជ​ ហើយ​ភាគច្រើន​គឺ​ដោយសារ​តែ​ការ​បាត់បង់​ទីជម្រក​និង​ការធ្វើអាជីវកម្ម​ហួសកម្រិត​។

របាយការណ៍ខាងលើ​ បាន​សន្និដ្ឋានថា​សកម្មភាព​របស់​មនុស្ស​បាន​បំផ្លាញយ៉ាងខ្លាំង​ លើផ្ទៃ​ដី​ដែល​គ្មាន​ទឹកកក​ចំនួន​ ៣ ភាគ ៤ នៅ​លើភពផែនដី​យើង​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI