បារាំងប្រកាសដាក់ចេញនូវវិធានការតឹងរ៉ឹងថ្មីដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ
ចុះផ្សាយនៅថ្ងៃ៖
ប្រឈមនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដប្រភេទថ្មីដែលបានបំប្លែងខ្លួនពីមេរោគចាស់ រដ្ឋាភិបាលបារាំងបានប្រកាសដាក់ចេញនូវវិធានការរឹតត្បិតចំនួនពីរកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១៤ មករា ឆ្នាំ២០២១។ វិធានការរឹតត្បិតទាំងនោះរួមមាន ការរឹតបន្តឹងបម្រាមគោចរ និងការរឹតត្បិតលើអ្នកដំណើរមកពីក្រៅប្រទេស។
ដើម្បីទប់ស្កាត់រលកចម្លងដ៏លឿនរហ័សរបស់មេរោគកូវីដប្រភេទថ្មី នាយករដ្ឋមន្ត្រីបារាំងលោកហ្សង់ កាស្តិច (Jean Castex) បានប្រកាសដាក់ចេញបំរាមគោចរចាប់ពីម៉ោង ៦ល្ងាចនៅទូទាំងប្រទេសចាប់ពីថ្ងៃសៅរ៍ទី ១៦ មករានេះតទៅ យ៉ាងតិចរយៈពេល ១៥ ថ្ងៃ។
នៅបារាំង អត្រាអ្នកឆ្លងកូវីដត្រូវបានគេរាយការណ៍ថាជាមធ្យមមានចំនួន ១ ៨០០០ ករណីថ្មីជារៀងរាល់ថ្ងៃ។ អត្រានេះ មានកម្រិតខ្ពស់ឆ្ងាយណាស់ពីគោលដៅដែលកំណត់ដោយរដ្ឋាភិបាលរបស់លោកម៉ាក្រុងដែលចង់ទម្លាក់ករណីឆ្លងប្រចាំថ្ងៃជាមធ្យមឲ្យចុះត្រឹម ៥០០០ ករណី។
បណ្តាមន្ទីរពេទ្យនៅក្នុងប្រទេសនៅតែបន្តទទួលរងសម្ពាធពីចំនួនអ្នកជំងឺកូវីដដែលនៅតែមានចំនួនច្រើន។ ដោយមើលឃើញបែបនេះ លោកនាយករដ្ឋមន្ត្រីកាស្តិច បានមានប្រសាសន៍ថា រដ្ឋាភិបាលត្រូវតែចាត់វិធានការរឹតត្បិតខ្លាំងជាងមុនដើម្បីអាចគ្រប់គ្រងជំងឺកូវីដប្រកបដោយប្រសិទ្ធភាព។
ក្រៅពីនេះ ដើម្បីកាត់ផ្តាច់សង្វាក់ចម្លងដ៏ខ្លាំងរបស់មេរោគកូរ៉ូណាប្រភេទថ្មី អាជ្ញាធរបារាំងក៏បានដាក់ចេញផងដែរនូវចំណាត់ការរឹតបន្តឹងលើការធ្វើដំណើរមកពីក្រៅប្រទេស។
មេរោគកូវីដដែលបានបំប្លែងខ្លួន មានសមត្ថភាពចម្លងខ្លាំងណាស់។ ដូច្នោះហើយ រដ្ឋាភិបាលក្រុងប៉ារីសបានប្រកាសថាចាប់ពីថ្ងៃចន្ទសប្តាហ៍ខាងមុខនេះតទៅ រាល់អ្នកដំណើរដែលមកពីគ្រប់ទីកន្លែងទាំងអស់ក្រៅពីសហភាពអឺរ៉ុបដែលឥឡូវនេះរួមបញ្ចូលទាំងចក្រភពអង់គ្លេសផង ត្រូវមានឯកសារបញ្ជាក់ថាអវិជ្ជមានកូវីដ ទើបអនុញ្ញាតឲ្យចូលទឹកដីនៃប្រទេសបារាំងបាន។ យ៉ាងណាក៏ដោយ សាលារៀននៅតែបើកឲ្យដំណើរការដដែលនាខណៈពេលនេះ។
គួរជ្រាបថា ជំងឺកូវីដប្រភេទថ្មី ដែលមានប្រភពចេញមកពីប្រទេសអង់គ្លេសរួមចំណែក្នុងការចម្លងមេរោគចំនួន ១,៤ % នៅក្នុងប្រទេសបារាំងបច្ចុប្បន្ននេះ។ នេះបើតាមរដ្ឋមន្រ្តីសុខាភិបាលបារាំងលោក Olivier Véran។
តែទោះជាបែបនេះក្តី លោកនាយករដ្ឋមន្ត្រីហ្សង់ កាស្តិច បានប្រកាសឲ្យដឹងដែរថានឹងមិនមានការដាក់ចេញនូវវិធានការបិទខ្ទប់ប្រទេសជាថ្មីនោះទេសម្រាប់បច្ចុប្បន្ននេះ។ ប៉ុន្តែ ក្នុងករណីដែលរដ្ឋាភិបាលលែងអាចគ្រប់គ្រងកូវីដបាន នោះការបិទទ្វារចាក់សោប្រទេស ប្រាកដណាស់គឺជារឿងដែលមិនអាចជៀសបានឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ