កូវីដ១៩-អាកាសចរណ៍

កូវីដ បាន​បញ្ចុះ​ចរាចរណ៍​ផ្លូវអាកាស៦០% នៅ​ឆ្នាំ​២០២០

ចរាចរណ៍ផ្លូវអាកាស៦០% នៅឆ្នាំ២០២០
ចរាចរណ៍ផ្លូវអាកាស៦០% នៅឆ្នាំ២០២០ GIUSEPPE CACACE AFP
ដោយ៖ អៀង សុខម៉ិញ
១៥ នាទី

ដោយហេតុ​មាន​ជំងឺ​រាតត្បាត​នៃជំងឺកូវី១៩ ចំនួនអ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​​បាន​ធ្លាក់​ចុះអស់​ចំនួន៦០% នៅ​ឆ្នាំ​២០២០។ ហើយ​សម្រាប់​អនាគត​ដ៏​ខ្លី​ខាងមុខ ពិភពលោក​គ្មានទស្សនៈ​វិស័យ​ល្អ​ក្នុង​វិស័យ​នេះ​ទេ។ នេះ​បើតាមការ​ព្រមាន​របស់​ភ្នាក់ងារ​អាកាសចរណ៍ស៊ីវិល​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា (OACI)។

ផ្សាយពាណិជ្ជកម្ម

នៅ​ឆ្នាំ​២០២០ ចំនួនអ្នក​ដំណើរ​តាម​យន្តហោះ បានធ្លាក់​ចុះ​ខ្លាំង ត្រលប់​ទៅ​មានកំរិត​ដូចកាលពី​ឆ្នាំ​២០០៣ ដោយ​រាប់ឃើញ​មាន​អ្នក​ធ្វើ​ដំណើរ​តែ​១៨០០លាននាក់​ ទល់​នឹង​៤៥០០​លាននាក់​កាលពីឆ្នាំ​២០១៩។ ចរាចរណ៍ផ្លូវ​អាកាស​​ក្នុង​ស្រុក បានធ្លាក់​ចុះ​អស់​៥០% និង​ដល់​ទៅ​៧៤% សម្រាប់​ការ​ហោះហើរ​អន្តរជាតិ។ នេះ​បើ​តាម​ការលម្អិត​ក្នុង​របាយការណ៍​របស់​អង្គការ​អាកាសចរណ៍​ស៊ីវិល​អង្គការ​សហប្រជាជាតិ ដែលមាន​ទី​ស្នាក់ការ​នៅ​ម៉ុងរ៉េអាល់​ ប្រទេស​កាណាដា។

ការ​ធ្វើ​ដំណើរ​ផ្លូវ​អាកាស​មាន​សកម្មភាព​ខ្លាំង​និង​ពេញ​ទំហឹង​តែមួយ​ខែ​មករា​ដើមឆ្នាំ​២០២០​ និង​សម្រាប់​តែ​ប្រទេស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។ ចាប់​ពី​ចុងខែមីនា​២០២០​មក ចរាចរណ៍​ហោះហើរ​ត្រូវ​គាំងស្តូក​ស្ទើរ​ទូទាំង​ពិភពលោក។ នៅ​ខែមេសា​ ភ្នាក់ងារ កត់ត្រា​ឃើញ​មាន​ការ​ហោះហើរ​ធ្លាក់​ចុះ​៩២% បើ​ប្រៀប​ទៅខែ​មេសា​ឆ្នាំ​២០១៩។ វិស័យ​អាកាសចរណ៍​ចាប់​រើប​សកម្មភាព​ខ្លះ​ឡើង​វិញ​នៅរដូវ​ក្តៅ សម្រាប់​តំបន់​អឌ្ឍគោល​ខាង​ជើង តែចំនួន​អ្នកធ្វើ​ដំណើរ​ចាប់​ធ្លាក់ចុះ​វិញ ​ចាប់​ពី​ខែ​កញ្ញា​ ២០២០។

បើតាមភ្នាក់ងារ​ជំនាញ​ផ្នែកអាកាសចរណ៍​ស៊ីវិល ចំនួន​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​នឹងបន្ត​ធ្លាក់​ចុះ​​ទៀត និង​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​ខ្លាំង​ថែម​ទៀត​ នៅ​ត្រីមាសទីមួយ​ឆ្នាំ​២០២១​នេះ។ ជាផលវិបាក​ក្រុមហ៊ុនអាកាសចរណ៍​បានស្គាល់​ការ​ខាត​បង់​សរុប​អស់​៣៧០​ពាន់​លានដុល្លារ​អាមេរិក។ អាកាសយានដ្ឋាន និង​ក្រុមហ៊ុនផ្គត់ផ្គង់​សេវា​ហោះហើរ រងការខាតបង់​ម្នាក់ៗ​អស់​១១៥ និង​១៣​ពាន់​លាន​ដុល្លារ។ ការ​ខាត​បង់ដ៏ធ្ងន់ធ្ងរ​នេះ ជា​បញ្ហា​ចោទខ្លាំងដល់​​ផ្នែក​សុវត្ថិភាពហិរញ្ញវត្ថុ​របស់​ឧស្សាហកម្មអាកាសចរណ៍​ផង​ និង​ជា​ការ​គំរាមកំហែង​បាត់​បង់ការងារ​របស់​បុគ្គលិក​រាប់​លាន​នាក់​នៅ​លើ​ពិភពលោក​ផង។ ហើយ​ដោយ​ហេតុ​ទេសចរ​ចំនួន​ពាក់កណ្តាលជិះយន្តហោះ​ទៅ​កាន់ទិសដៅ​កំសាន្តរបស់​ខ្លួន ទីផ្សារ​ទេសចរណ៍​ ក៏បានក្លាយ​ជា​ជនរងគ្រោះ​ខ្លាំង​ជាង​គេបំផុត​មួយ។

វិស័យ​អាកាសចរណ៍នឹងអាច​ងើប​ឡើង​វិញ​នៅ​ត្រីមាសទីពីរ​ឆ្នាំ​២០២១ តែ​វា​អាស្រ័យ​ទាំងស្រុង​ទៅ​លើប្រសិទ្ធភាព​នៃ​យុទ្ធនាការ​​​ចាក់​ថ្នាំ​បង្ការ​ដែល​ក្រុមប្រទេស​អ្នកមាន​កំពុង​ចាប់​ផ្តើម។ នេះ​បើ​តាម​ភ្នាក់ងារ​អាកាសចរណ៍ស៊ីវិល​អង្គការសហប្រជាជាតិ​ដែល​បាន​កត់​សម្គាល់​បន្ថែមទៀត​ថា អាកាសចរណ៍​ក្នុង​ស្រុក​ធុន​នឹង​វិបត្តិកូវីដ១៩​ បាន​ជាង​អាកាសចរណ៍អន្តរជាតិ ជាពិសេសនៅ​ប្រទេស​ចិន និង​រុស្ស៊ី សកម្មភាពធ្វើ​ដំណើរនិង​ហោះហើរ​​​បាន​វិលមករក​ភាពធម្មតា​ ស្មើកំរិត​មុន​​វិបត្តិ​វិញ​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI