អាល្លឺម៉ង់ ៖ គណបក្សកាន់អំណាចអាល្លឺម៉ង់រកឃើញអ្នកស្នងលោកស្រីមែរកិល ?
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃសៅរ៍ទី ១៦មករា ២០២១ គណបក្សគ្រឹស្តសាសនិកប្រជាធិបតេយ្យអាល្លឹម៉ង់ CDU ដែលកំពុងកាន់អំណាច បានបោះឆ្នោតជ្រើសរើសមេដឹកនាំបក្សថ្មី។ គណបក្សបានសម្រេចចិត្តលោក អាមីន ឡាសសេត Armin Laschet ដែលជាអ្នកមានភក្តីភាពនឹងលោកស្រី ប្រមុខរដ្ឋាភិបាលអាល្លឹម៉ង់ អង់ហ្គឺឡា មែរកិលបំផុត។ ជោគជ័យនេះអាចរុញច្រានលោកឱ្យក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីអាល្លឺម៉ង់របស់បក្ស នាសម័យបោះឆ្នោតសភាខែកញ្ញា២០២១ផង។ តើលោក អាមីន ឡាសសេត ជានរណា ?
លោក អាមីន ឡាសសេត បានក្លាយជាប្រមុខដឹកនាំបក្សគ្រិស្តសានិកប្រជាធិបតេយ្យ CDUដោយបានទទួលសំឡេងគាំទ្រ ៥២,៨%។ ជាមួយជោគជ័យនេះ លោកឡាសសេត អាចនឹងក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សផង និងអាចជាអនាគតនាយករដ្ឋមន្ត្រីអាល្លឹម៉ង់បន្តពី លោកស្រី មែរកិល ដែលបានសម្រេចចិត្តមិនឈរឈ្មោះជាលើកទី៥ផង។
ក្នុងវ័យ៥៩ឆ្នាំ លោក អាមីន ឡាសសេត ជាឥស្សរជនដែលមានបទពិសោធន៍នយោបាយខ្ពស់។ ជាសមាជិកសភាអាល្លឺម៉ង់តាំងពីឆ្នាំ១៩៩៤ សមាជិកសភាអឺរ៉ុបតាំងពីឆ្នាំ១៩៩៩ ជាសមាជិកសភាតំបន់ ជារដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាល និងតាំងពីឆ្នាំ២០១៧មក លោកបានក្លាយជា អភិបាលរដ្ឋណ័រិនវ៉េសហ្វាឡែន រដ្ឋសហព័ន្ធដែលមានប្រជាជនរស់ច្រើនជាងគេបំផុត (២៣%ឬ១៨លាននាក់) និងមានសេដ្ឋកិច្ចខ្លាំងបំផុត (២២%) របស់ប្រទេសអាល្លឺម៉ង់។
ជាអ្នកស្តាំកណ្តាលនិយម ប្រធានគណបក្សគ្រឹស្តសានិកប្រជាធិបតេយ្យថ្មី មានភក្តីភាពនិងគាំទ្រលោកស្រីមែរកិល គ្រប់កាលៈទេសៈ និងគ្រប់ប្រធានបទ រាប់ទាំងសំណុំរឿងអន្តោប្រវេសន៍កាលពីឆ្នាំ២០១៥ ដែលលោកស្រីមែរកិលរងការរិះគន់ពីគ្រប់ទិសទីក៏ដោយ។ មានន័យថាក្រោមការដឹកនាំរបស់លោក ឡាសសេត អាល្លឺម៉ង់នឹងបន្តជំហរនយោបាយដដែលដូចដែលលោកស្រីមែរកិលបានត្រួសត្រាយដឹកនាំអស់រយៈពេល១៥ឆ្នាំកន្លងមក។
ថ្វីបើវិបត្តិកូវីដ១៩បានធ្វើឱ្យលោកធ្លាក់ប្រជាប្រិយភាពបន្តិច ហើយអំណាចរបស់លោកនៅផុយស្រួយក៏ពិតមែន ប៉ុន្តែលោកជាតំណាងអ្នកបង្រួមបង្រួម។ ដើម្បីកុំឱ្យមានរូបភាពជាស្រមោលរបស់លោកស្រីមែរកិលពេក លោកឡាសសេត បានប្រកាសចងសម្ព័ន្ធភាពជាមួយលោក Jens Spahn ចេន ស្តាន រដ្ឋមន្ត្រីក្រសួងសុខាភិបាល វ័យ៤០ឆ្នាំដែលជាក្មេងជាងលោកច្រើន និងដែលធ្លាប់ប្រឆាំងនឹងសំណុំរឿងអន្តោប្រវេសន៍របស់លោកស្រី មែរកិលយ៉ាងខ្លាំង។ សម្ព័ន្ធភាពនេះបានលើកប្រជាប្រិយភាពលោកនិងបានធ្វើឱ្យលោកឈ្នះឆ្នោតក្លាយជាប្រធានបក្សនៅថ្ងៃនេះ។
ប៉ុន្តែតើសម្ព័ន្ធនេះអាចនឹងនាំលោកឱ្យបានក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីដែរឬទេ ? តាំងពីកើតជាប្រទេសសហព័ន្ធអាល្លឺម៉ង់នៅឆ្នាំ១៩៤៩មក ប្រធានបក្សCDU តែងជាប់ជាបេក្ខជននាយករដ្ឋមន្ត្រីរហូត លើកលែងតែពីរដងគត់ (១៩៨០ និង២០០២) ដែលបេក្ខជននាយករដ្ឋមន្ត្រីត្រូវប្រគល់ទៅឱ្យគណបក្សស្តាំនិយម CSU ជាសម្ព័ន្ធមិត្ត សម្រាប់ទៅប្រកួតប្រជែងក្នុងការបោះឆ្នោតសភា ដែលត្រូវបរាជ័យទាំងពីរលើក។ តែសេណារីយោនេះអាចកើតមានម្តងទៀត ព្រោះបើតាមការស្ទង់មតិ អ្នកអភិរក្សនិយមអាល្លឺម៉ង់ពេញចិត្តប្រធានគណបក្សCSU ជាងលោក ឡាសសេត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ