ន័រវែសបើកការស៊ើបអង្កេត បន្ទាប់ពីមានស្លាប់មនុស្សចាស់ជរា២៣នាក់ ក្រោយចាក់វ៉ាក់សាំងកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖
ប្រទេសមួយចំនួន បានចាប់ផ្តើមចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ ទៅលើប្រជាជនគេ ដោយភាគច្រើន គឺចាប់ផ្តើមចាក់ទៅលើមនុស្សវ័យចំណាស់ ព្រោះមនុស្សវ័យចំណាស់ អាចប្រឈមខ្លាំងនឹងគ្រោះថ្នាក់ដល់ជីវិត ក្នុងករណីឆ្លងកូវីដ១៩។ ដោយឡែកនៅប្រទេសន័រវែស អាជ្ញាធរសុខាភិបាល បានបើកការស៊ើបអង្កេត បន្ទាប់ពីមានមនុស្សចាស់ជរាចំនួន២៣នាក់ បានស្លាប់ ក្រោយទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩។
មានមនុស្សចាស់ជរា អាយុជាង៨០ឆ្នាំ ចំនួន២៣នាក់ បានស្លាប់នៅប្រទេសន័រវែស បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ មិនបានប៉ុន្មានថ្ងៃ។ ក្រោយករណីនេះ អាជ្ញាធរសុខាភិបាលន័រវែស សហការជាមួយមន្ទីពិសោធន៍ Pfizer បានបើកការអង្កេតស្រាវជ្រាវ ស្តីពីផលវិបាកនៃវ៉ាក់សាំងកូវីដ១៩ ទៅលើមនុស្សចាស់ជរា ដែលមានសុខភាពទ្រុឌទ្រោម។
យោងតាមការសង្ស័យជាបឋម ករណីស្លាប់ទាំងនេះ អាចបណ្តាលមកពីផលវិបាក បង្កឡើងជាទូទៅដោយវ៉ាក់សាំង ដូចជាការប្រតិកម្មអាលែកហ្ស៊ី ឬគ្រុនក្តៅខ្លួនជាដើម។ អ្នកជំនាញបានលើកឡើងថា ធម្មតាថ្នាំវ៉ាក់សាំងទោះប្រភេទអ្វីក៏ដោយ គឺតែងតែបង្កផលលំបាកទៅលើសុខភាពរបស់មនុស្ស នៅក្រោយពេលចាក់បញ្ចូលទៅក្នុងសរីរាង្គ។ ជាក់ស្តែង គេតែងសង្កេតឃើញករណីកុមារគ្រុនក្តៅខ្លួន មួយថ្ងៃ ឬ២ថ្ងៃ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងនានា។ នេះជាសញ្ញាបង្ហាញថា វ៉ាក់សាំងកំពុងចូលជ្រាប់ក្នុងសរីរាង្គ ហើយរាងកាយកំពុងបង្កើតប្រព័ន្ធអង់ទីក័រដើម្បីទប់ទល់។
ដោយប្រការទាំងនេះ អាជ្ញាធរសុខាភិបាលន័រវ៉េស កំពុងពិចារណា ផ្លាស់ប្តូរយុទ្ធសាស្ត្រ ព្រោះការចាក់វ៉ាក់សាំងកូវីដ១៩ ទៅលើមនុស្សចាស់ជរា ដែលមានជំងឺ និងសុខភាពទ្រុឌទ្រោមខ្លាំងនោះ អាចមិនផ្តល់ផលវិជ្ជមានទេ។ មនុស្សចាស់ជរាខ្លាំង ដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងរស្រាប់ទៅហើយ អាចប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ បើសិនជាធ្លាក់ខ្លួនឈឺ គ្រុនក្តៅ ឬអាលែកហ្ស៊ី បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងកូវីដ១៩។ តែយ៉ាងណា មិនមែនមានន័យថា មនុស្សស្លាប់ដោយសារតែវ៉ាក់សាំងកូវីដ១៩នោះទេ។
គួរកត់សំគាល់ថា ថ្មីៗនេះ មានពាក្យចចាមអារ៉ាម និងព័ត៌មានកុហក ប្រឌិតជាច្រើន នៅតាមបណ្តាញសង្គម ដែលលើកឡើងថា វ៉ាក់សាំងប្រឆាំងកូវីដ១៩ បានបណ្តាលឲ្យមនុស្សស្លាប់។ នៅបារាំង អាជ្ញាធរកំពុងតែតាមវែករកមុខជនម្នាក់ ដែលបានបង្ហោះសារតាមណ្តាញសង្គម ដោយប្រឌិតព័ត៌មានថា ស្ត្រីវ័យចំណាស់ឈ្មោះ Mauricette ដែលបានទទួលការចាក់វ៉ាក់សាំងកូវីដ១៩មុនគេនៅបារាំងនោះ បានស្លាប់បាត់ទៅហើយ។ ការចាក់វ៉ាក់សាំងកូវីដ១៩ ទ្រង់ទ្រាយធំ ទៅលើមនុស្សវ័យចំណាស់ជាទូទៅ បានចាប់ផ្តើមនៅបារាំង ចាប់ពីថ្ងៃចន្ទទី១៨មករា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ