សហភាពអឺរ៉ុប រន្ធាន់ឲ្យរុស្ស៊ី ត្រូវដោះលែងលោកណាវ៉ាល់នី ពុំនោះទេនឹងរងទណ្ឌកម្ម
ចុះផ្សាយនៅថ្ងៃ៖
លោក អាឡិចសី ណាវ៉ាល់នី សកម្មជននយោបាយប្រឆាំងរុស្ស៊ី ត្រូវបានអាជ្ញាធររុស្ស៊ីចាប់ខ្លួនភ្លាម កាលពីថ្ងៃអាទិត្យកន្លងទៅ បន្ទាប់ពី លោកបានធ្វើដំណើរទៅដល់ទីក្រុងម៉ូស្គូ។ ក្រោយការចាប់ខ្លួននេះ សហគមអន្តរជាតិ មានសហភាពអឺរ៉ុប និងអង្គការអូតង់ បានរន្ធាន់ ឲ្យរុស្ស៊ីត្រូវដោះលែងលោកណាវ៉ាល់នីជាបន្ទាន់។ សហភាពអឺរ៉ុបកំពុងតែពិចារណា ដាក់ទណ្ឌកម្មលើរុស្ស៊ី ទាក់ទិននឹងបញ្ហានេះ។
លោកស្រី Ursula von der Leyen ប្រធានគណកម្មការអឺរ៉ុប បានថ្លែងថ្កោលទោស និងបានរន្ធាន់ឲ្យអាជ្ញាធររុស្ស៊ី ត្រូវដោះលែងលោកអាឡិចសី ណាវ៉ាល់នី និងត្រូវការពារសន្តិសុខសុវត្ថិភាពរបស់លោកឲ្យបាន។ លោកស្រីប្រធានគណកម្មការអឺរ៉ុប បានបន្ថែមថា ការចាប់ខ្លួនលោកអាឡិចសី ណាវ៉ាល់នី គឺជាការធ្វើផ្ទុយទៅនឹងការសន្យាប្រឹងប្រែងរបស់រុស្ស៊ី នៅក្នុងសហគមអន្តរជាតិ។
ការចាប់ខ្លួនលោកអាឡិចសី ណាវ៉ាល់នី ក៏ត្រូវបានថ្កោលទោសផងដែរ ដោយលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប។ លោក David Sassoli ប្រធានសភាអឺរ៉ុប បានលើកឡើងថា រដ្ឋាភិបាលរុស្ស៊ីកំពុងតែធ្វើផ្គើនសហគមអន្តរជាតិ ដែលបានប្រឹងប្រែងសង្គ្រោះជីវិតលោកណាវ៉ាល់នី ពីការប៉ុនប៉ងសម្លាប់ដោយថ្នាំបំពុល។
ដូចគ្នាដែរ លោក Jens Stoltenberg អគ្គលេខាធិការអង្គការអូតង់ បានថ្លែងថ្កោលទោស និងបានហៅឲ្យរដ្ឋាភិបាល ត្រូវដោះលែងលោកណាវ៉ាល់នី និងមនុស្សផ្សេងទៀត។ លោកអគ្គលេខាធិការអង្គការអូតង់ បានសង្កត់បន្ថែមថា អាជ្ញាធររុស្ស៊ីត្រូវតែបកស្រាយ បង្ហាញការពិតជុំវិញរឿងរ៉ាវដាក់ថ្នាំបំពុលលោកណាវ៉ាល់នី។
ដោយឡែក លោកJosep Borrell ប្រមុខការទូតសហភាពអឺរ៉ុប បានលើកឡើងថា សហភាពអឺរ៉ុប បានអំពាវនាវឲ្យអាជ្ញាធររុស្ស៊ី ត្រូវដោះលែងផងដែរ នូវមនុស្សជាច្រើននាក់ផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនជាមួយលោកអាឡិចសី ណាវ៉ាល់នី ក្នុងនោះមានអ្នកកាសែតជាច្រើននាក់ ដែលបានទៅចាំជួបលោកណាវ៉ាល់នី នៅឯព្រលានយន្តហោះ។
សូមរំលឹកថា លោកណាវ៉ាល់នី បានរងគ្រោះដោយការដាក់ថ្នាំបំពុលនៅរុស្ស៊ី ហើយត្រូវបានគេដឹកទៅសង្គ្រោះបន្ទាន់នៅទីក្រុងប៊ែរឡាំង។ បន្ទាប់ពីបានសម្រាកព្យាបាលបាន៥ខែ លោកណាវ៉ាល់នី បានសម្រេចចិត្តត្រលប់ទៅទីក្រុងម៉ូស្គូវិញ កាលពីថ្ងៃអាទិត្យទី១៧មករា។ អាជ្ញាធររុស្ស៊ីបានចាប់ខ្លួនលោកនៅព្រលានយន្តហោះ ដោយចោទពីបទបំពាននឹងលក្ខខណ្ឌដោះលែងឲ្យនៅក្រៅឃុំ ដែលតុលាការរុស្ស៊ីបានសម្រេចកាលពីឆ្នាំ២០១៤។
អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បានលើកឡើងថា ការចាប់ខ្លួនលោកណាវ៉ាល់នី គឺជាអំពើអត្តនោម័ត គ្មានហេតុផលតុលាការត្រឹមត្រូវទេ។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ទង្វើនេះនឹងធ្វើឲ្យប៉ះពាល់ ដល់ទំនាក់ទំនងរវាងអាល្លឺម៉ង់ និងរុស្ស៊ី។ លោក Edgars Rinkevics ប្រមុខការទូតឡេតូនី បានលើកឡើងថា បើលោក ណាវ៉ាល់នី មិនត្រូវបានដោះលែងភ្លាមៗនោះទេ ប្រទេសសហភាពអឺរ៉ុប និងពិចារណាដាក់ទណ្ឌកម្មលើរុស្ស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ