បារាំង៖ជំងឺកូវីដ១៩ បានបង្កឲ្យមានការប្រជែងកម្លាំងគ្នាកាន់តែខ្លាំងនៅលើឆាកអន្តរជាតិ
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងប្រទេសបារាំង រដ្ឋមន្ត្រីក្រសួងការពារជាតិលោកស្រីវ្ល័ររ៉ង់ ប៉ាលីបញ្ជាក់ដោយមិនលាក់លៀមថា ជំងឺកូវីដ១៩ បានបង្កឲ្យមានការប្រជែងកម្លាំងគ្នាកាន់តែខ្លាំងនៅលើឆាកអន្តរជាតិ។ តាមប្រមុខការពារជាតិបារាំងលោកស្រីប៉ាលី អ្វីដែលគេបាន និងកំពុងឃើញកើតមានយ៉ាងផុសផុលដោយជំងឺកូវីដ១៩ គឺការប្រកួតប្រជែងដែលមានភាពតានតឹងកាន់តែខ្លាំងរវាងរដ្ឋ និងរដ្ឋ ការពង្រឹងអំណាចនៅក្នុងតំបន់ដូចដែលប្រទេសតួកគីបានធ្វើ ការវាយប្រហារតាមអ៊ីធ័រនែត និងកំណើននៃការផ្សព្វផ្សាយព័ត៌មានមិនពិត។
ប្រមុខការពារជាតិបារាំងលោកស្រីវ្ល័ររ៉ង់ ប៉ាលីបានបញ្ជាក់យ៉ាងដូចនេះនៅក្នុងបទបង្ហាញមួយស្តីពីការធ្វើបច្ចុប្បន្នភាពលើយុទ្ធសាស្រ្តបារាំង។ លោកស្រីប៉ាលីបានបន្ថែមថា ជំងឺកូវីដ១៩ ដែលពិភពលោកកំពុងជួបសព្វថ្ងៃមិនត្រឹមបានបញ្ជាក់នូវនិន្នាការដែលបារាំងបានកំណត់អត្តសញ្ញាណក្នុងឆ្នាំ ២០១៧ ទេ តែវាបានពង្រឹងបន្ថែម និងកំពុងមានសន្ទុះខ្លាំងទៀតផង។ អ្វីដែលលោកស្រីប៉ាលីចង់និយាយនេះ គឺការប្រជែងកម្លាំងកាន់តែធ្ងន់ធ្ងរឡើងនៅលើឆាកអន្តរជាតិ។ ក្នុងថ្ងៃអង្គារ ទី១៩ មករា ប្រធានាធិបតីបារាំងលោកម៉ាក្រុងធ្លាប់បានព្រមានប្រឆាំងនឹងកំណើននៃភាពតានតឹងអន្តរជាតិដោយសារតែការដកខ្លួនរបស់រដ្ឋបាលអាមេរិកក្នុងជំនាន់លោកដូណាល់ ត្រាំ។
លោកស្រីប៉ាលីបានរម្លឹកថាតាំងពីឆ្នាំ ២០១៧ មានការគំរាមកំហែងធំៗចំនួន ៣ ដែលត្រូវបានកំណត់អត្តសញ្ញាណ ទី១ ភេរវនិយម ពិសេសបង្កឡើងដោយពួកជីហាតអង្គការរដ្ឋអ៊ីស្លាម ទី២ ការសាយភាយនុយក្លេអ៊ែរដោយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង និងអ៊ីរ៉ង់ និងទី៣ គឺការពង្រឹងការប្រកួតប្រជែងរវាងមហាអំណាច ពិសេសយុទ្ធសាស្រ្តបំភិតបំភ័យរបស់ប្រទេសរុស្ស៊ី ឬមួយក៏ការបង្កើនអំណាចយោធារបស់ប្រទេសចិនតាមរយៈការដំឡើងថវិកាយោធាទ្វេដងតាំងពីឆ្នាំ ២០១២។ តែសមរភូមិថ្មីដែលកំពុងកើតមាននៅក្នុងសម័យកូវីដ១៩ និងដែលអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ គឺកំណើននៃការវាយប្រហារតាមអ៊ីធ័រនែតលើមន្ទីរពេទ្យ និងកំណើននៃការផ្សព្វផ្សាយព័ត៌មានមិនពិត។
បន្ទាប់មក លោកស្រីប៉ាលីបានលើកឡើងពីឥរិយាបទបង្កអស្ថិរភាពដើម្បីបង្កើនឥទ្ធិពលរបស់ប្រទេសខ្លះដោយរំលោភច្បាប់ និងដោយមិនខ្វល់នឹងអ្នកដទៃ។ នៅត្រង់ចំណុចនេះ លោកស្រីប៉ាលីបានចង្អុលមុខតួកគីដែលបានធ្វើសកម្មភាពប្រកបដោយគ្រោះថ្នាក់នៅក្នុងប្រទេសលីប៊ី នៅសមុទ្រមេឌីទែរ៉ាណេខាងកើត ឬនៅតំបន់កូកាស។ តែលោកស្រីប៉ាលីបានគូសបញ្ជាក់ថា ដើម្បីប្រឆាំងទប់នឹងការគំរាមកំហែងថ្មីទាំងនេះ បារាំងត្រូវការជំនួយពីសម្ព័ន្ធមិត្ត និងដៃគូរឹងមាំ ដូចយ៉ាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដោយសង្ឃឹមថា រដ្ឋបាលអាមេរិករបស់លោកបៃដិននឹងជួយផ្តល់សន្ទុះសម្ព័ន្ធអាត្លង់ទិកឡើងវិញ។
តែលោកស្រីប៉ាលីមិនភ្លេចបញ្ជាក់ទេថា បារាំងខ្លួនឯងនឹងប្រឹងប្រែងបន្ថែមទៀតដោយពង្រឹងបន្ថែមនូវសេវាស៊ើបការណ៍សម្ងាត់ សមត្ថភាពការពារក្នុងផ្នែកឌីជីថល និងទប់ស្កាត់ការវាយប្រហារតាមអ៊ីធ័រនែត រួមទាំងពង្រឹងការរៀបចំប្រតិបត្តិការរបស់កងទ័ពបារាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ