អឺរ៉ុប-ចិន

សភាអឺរ៉ុបរិះគន់លើកិច្ចព្រមព្រៀងវិនិយោគរវាងសហភាពអឺរ៉ុប និងប្រទេសចិន

សភាអឺរ៉ុបរិះគន់លើកិច្ចព្រមព្រៀងវិនិយោគរវាងសហភាពអឺរ៉ុប និងប្រទេសចិន
សភាអឺរ៉ុបរិះគន់លើកិច្ចព្រមព្រៀងវិនិយោគរវាងសហភាពអឺរ៉ុប និងប្រទេសចិន AFP - FRANCISCO SECO
១៤ នាទី

សភា​អឺរ៉ុប​បាន​យល់​ឃើញ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២១ មករា​ថា កិច្ចព្រមព្រៀង​វិនិយោគ​រវាង​សហភាពអឺរ៉ុប និង​ប្រទេស​ចិន​បង្ក​គ្រោះថ្នាក់​ដល់​តម្លៃ និង​ភាព​ជឿជាក់​របស់​អឺរ៉ុប​ក្នុង​រឿង​សិទ្ធិមនុស្ស។ នៅ​ក្នុង​សេចក្តីសម្រេច​មួយ​ដែល​អនុម័ត​នៅ​ក្នុង​ជំនួបកំពូល​តាម​អនឡាញ សភា​អឺរ៉ុប​បាន​ថ្កោលទោស​ចិន​ពី​បទ​បង្រ្កាប​លើ​ក្រុម​សកម្មជន​អ្នកប្រជាធិបតេយ្យ​នៅ​ហុងកុង ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​ក្នុង​ខេត្ត​ស៊ីនជាំង និង​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​ទីបេ។

ផ្សាយពាណិជ្ជកម្ម

សភា​អឺរ៉ុប​មិន​បាន​ជំទាស់​នឹង​កិច្ចព្រមព្រៀង​វិនិយោគ​រវាង​សហភាពអឺរ៉ុប និង​ប្រទេស​ចិន​ទេ។ តែ​ចង់​ឲ្យ​សមាជិក​អឺរ៉ុប​ទាំង ២៧ប្រទេស​កុំ​ភ្លេច​គិតគូរ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ចិន ពោល​កុំ​ផ្តោត​ខ្លាំង​តែ​រឿង​សេដ្ឋកិច្ច។ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ចិន​ដែល​សភា​អឺរ៉ុប​ចង់​និយាយ គឺ​ការ​បង្រ្កាប​របស់​រដ្ឋអំណាច​ចិន​លើ​ក្រុម​សកម្មជន​អ្នក​ប្រជាធិបតេយ្យ​នៅ​ហុងកុង ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជនជាតិ​ភាគតិច​ចិន​អ៊ុយហ្គួរ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ដែល​រស់​ក្នុង​ខេត្ត​ស៊ីនជាំង និង​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​ទីបេ។ សភា​អឺរ៉ុប​យល់​ថា នៅ​ពេល​ដែល​សហភាពអឺរ៉ុប​មិន​ចាប់​អារម្មណ៍ ឬ​មិន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​រឿង​សិទ្ធិមនុស្ស​នៅ​ចិន​នឹង​បង្ក​គ្រោះថ្នាក់​ដល់​តម្លៃ និង​ភាព​ជឿជាក់​របស់​អឺរ៉ុប​ក្នុង​រឿង​សិទ្ធិមនុស្ស​នេះ។

នៅ​ក្នុង​សេចក្តីសម្រេច​មួយ​ដែល​បាន​អនុម័ត​នា​ជំនួបកំពូល​តាម​អនឡាញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២១ មករា សភា​អឺរ៉ុប​បាន​ជំរុញ​សមាជិក​អឺរ៉ុប​ទាំង ២៧ប្រទេស​ឲ្យ​ពិចារណា​ឆាប់​រហ័ស​ពី​ការ​ដាក់​ទណ្ឌកម្ម​ផ្ទាំងស៊ីប​ប្រឆាំង​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ហុងកុង និង​នៅ​ចិនដីគោក។ នៅ​ហុងកុង សេចក្តីសម្រេច​របស់​សភា​អឺរ៉ុប​បាន​លើក​ឈ្មោះ​ប្រមុខ​ដឹកនាំ​លោកស្រី​ការី ឡាំ និង​សមាជិក​ផ្សេង​ទៀត​ក្នុង​រដ្ឋាភិបាល​ហុងកុង​ដែល​ស្មោះស្ម័គ្រ​នឹង​ចិន​ដីគោក។ គួរ​បញ្ជាក់​ថា កិច្ចព្រមព្រៀង​វិនិយោគ​ដែល​សហភាពអឺរ៉ុប និង​ចិន​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី៣០ ធ្នូ ឆ្នាំ ២០២០ នឹង​ត្រូវ​ដាក់​ឲ្យ​សភា​អនុម័ត​នា​ពេល​ខាង​មុខ។

ទំរាំ​ទទួល​បាន​កិច្ចព្រមព្រៀង​មួយ​នេះ សហភាព​អឺរ៉ុប និង​ចិន​បាន​ជួប​ចរចា​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។ សហភាព​អឺរ៉ុប​បាន​ចេញ​មុខ​ការពារ​លើ​កិច្ចព្រមព្រៀង​វិនិយោគ​ជាមួយ​ចិន​ដោយ​បញ្ជាក់​ថា ចិន​បាន​សន្យា​ប្រឹងប្រែង​គោរព​តាម​សន្ធិសញ្ញា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ស្តីពី​ការងារ​ដោយ​បង្ខំ។ តាម​រយៈ​កិច្ចព្រមព្រៀង​មួយ​នេះ សហភាព​អឺរ៉ុប​សង្ឃឹម​ទទួល​បាន​សមភាព​ជាមួយ​ចិន​នៅ​ក្នុង​វិស័យ​វិនិយោគ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI