ហុងគ្រីទិញវ៉ាក់សាំងបង្ការកូវីដ១៩ របស់រុស្ស៊ីចំនួន ២លានដូស និងរបស់ចិនចំនួន ១លានដូស
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃសុក្រ ទី២២ មករា រដ្ឋាភិបាលនៃប្រទេសហុងគ្រីបានប្រកាសពីការកម្ម៉ង់ទិញវ៉ាក់សាំងបង្ការកូវីដ១៩ របស់ប្រទេសរុស្ស៊ីឈ្មោះ Spoutnik V ចំនួន ២លានដូស។ ពិធីចុះហត្ថលេខាលើការកម្ម៉ង់ទិញនេះបានធ្វើឡើងនាឱកាសដំណើរទស្សនកិច្ចរបស់ប្រមុខការទូតហុងគ្រីលោកភីធ័រ ហ្ស៊ីហ្សារតូក្នុងទទីក្រុងមូស្គូ។ លោកហ្សីហ្សារតូបានបញ្ជាក់នៅក្នុងសន្និសីទកាសែតជាមួយសមភាគីរុស្ស៊ីលោកស៊ែរហ្កី ឡាវរ៉ូសថា វ៉ាក់សាំងរុស្ស៊ីចំនួន ២លានដូសនេះនឹងអនុញ្ញាតចាក់លើពលរដ្ឋហុងគ្រីចំនួន ១លាននាក់។ ហុងគ្រីជាប្រទេសសមាជិកអឺរ៉ុបទី១ ដែលបានសម្លឹងឃើញពីអត្ថប្រយោជន៍របស់ Spoutnik V។ ក្រៅពីរុស្ស៊ី ហុងគ្រីក៏បានកម្ម៉ង់ទិញវ៉ាក់សាំងបង្ការកូវីដ១៩ របស់ចិនចំនួន ១លានដូសពីមន្ទីរពិសោធន៍ Sinopharm ដែរ។
ការកម្ម៉ង់ទិញវ៉ាក់សាំងបង្ការកូវីដ១៩ របស់រុស្ស៊ី Spoutnik V ចំនួន ២លានដូសពីហុងគ្រីពេលនេះបានធ្វើឡើង បន្ទាប់ពីមានការអនុញ្ញាតឲ្យប្រើប្រាស់ពីទីភ្នាក់ងារឱសថហុងគ្រីក្នុងសប្តាហ៍នេះ។ តែគេត្រូវរង់ចាំភ្លើងខៀវពីក្រសួងសុខាភិបាលទៀតទើបអាចប្រើជាផ្លូវការបាន។ តាមពិតទៅ ហុងគ្រី និងប្រទេសផ្សេងដែលជាសមាជិកសហភាពអឺរ៉ុបត្រូវប្រើវ៉ាក់សាំងបង្ការកូវីដ១៩ ណាដែលមានការអនុញ្ញាតពីទីភ្នាក់ងារឱសថអឺរ៉ុប។ តែប្រទេសសមាជិកនីមួយៗក៏អាចអនុញ្ញាតបន្ទាន់ឲ្យប្រើវ៉ាក់សាំងបង្ការកូវីដ១៩ ណាដែលទីភ្នាក់ងារឱសថអឺរ៉ុបមិនអនុញ្ញាតឲ្យប្រើដែរ។ នៅក្នុងករណីនេះ គឺប្រទេសសមាជិកនោះជាអ្នកទទួលខុសត្រូវដោយខ្លួនឯងពីផលវិបាកផ្សេងៗ ដូចយ៉ាងគុណភាព ប្រសិទ្ធិភាព និងសុវត្ថិភាពរបស់វ៉ាក់សាំង។
សូមរម្លឹកថា សហភាពអឺរ៉ុបបានចេញមុខជាអ្នកកម្ម៉ង់ទិញវ៉ាក់សាំងបង្ការកូវីដ១៩ សម្រាប់សមាជិកទាំង ២៧ប្រទេស។ តែភាពយឺតយ៉ាវ និងការនៅមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់បានធ្វើឲ្យប្រទេសសមាជិកខ្លះ ដូចយ៉ាងហុងគ្រីផ្តើមចាត់វិធានការដាច់ដោយឡែករបស់ខ្លួន។ នាយករដ្ឋមន្រ្តីហុងគ្រីលោកវិកទ័រ អកបានដែលបានចូលរួមនៅក្នុងជំនួបកំពូលអឺរ៉ុបតាមអនឡាញក្នុងថ្ងៃព្រហស្បតិ៍ ទី២១ មករាបានបញ្ជាក់ជាថ្មីក្នុងថ្ងៃសុក្រ ទី២២ មករាថា លោកមិនអាចបន្តរង់ចាំវ៉ាក់សាំងពីសហភាពអឺរ៉ុបបានទៀតឡើយ។ « បើគ្មានវ៉ាក់សាំងពីសហភាពអឺរ៉ុបទេ។ យើងយកវ៉ាក់សាំងអ្នកផ្សេង។ វាមិនអាចទៅរួចទេដែលពលរដ្ឋហុងគ្រីស្លាប់ដោយរង់ចាំវ៉ាក់សាំងពីសហភាពអឺរ៉ុប » នេះជាការថ្លែងរបស់លោកអកបាន។
គណៈកម្មការអឺរ៉ុបបានទទួលយកការសម្រេចចិត្តរបស់ហុងគ្រី ហើយអ្នកនាំពាក្យម្នាក់បានគូសបញ្ជាក់ថា ប្រទេសសមាជិកអឺរ៉ុបអាចចុះកិច្ចសន្យាទិញវ៉ាក់សាំងបង្ការកូវីដ១៩ ជាមួយមន្ទីរពិសោធន៍ផ្សេងដែលមិនស្ថិតក្នុងបញ្ជីរបស់សហភាពអឺរ៉ុប។ អ្នកនំាពាក្យរូបនេះដដែលបានរម្លឹកថា វ៉ាក់សាំងដែលទីភ្នាក់ងារឱសថអឺរ៉ុបបានអនុញ្ញាតឲ្យប្រើត្រូវបានសិក្សា វិភាគល្អិតល្អន់ពីគុណភាព ប្រសិទ្ធិភាព និងសុវត្ថិភាព។ រដ្ឋាភិបាលរុស្ស៊ីបានអះអាងថា វ៉ាក់សាំង Spoutnik V របស់ខ្លួនមានប្រសិទ្ធិភាពជាង ៩០% និងបានដាក់ពាក្យសុំឲ្យមានការអនុញ្ញាតប្រើនៅក្នុងសហភាពអឺរ៉ុប។ តែទីភ្នាក់ងារឱសថអឺរ៉ុបនៅមិនបានផ្តើមធ្វើការសិក្សា វិភាគនៅឡើយទេ។ គួរបញ្ជាក់ថាមកទល់ពេលនេះ Spoutnik V ត្រូវបានអនុញ្ញាតឲ្យប្រើដោយប្រទេសស៊ែរប៊ី អាល់ហ្សេរី អាហ្សង់ទីន វ៉េណេស៊ុយអេឡា ឬមួយក៏តួកមេនីស្ថាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ