កូវីដ១៩៖ ការយឺតយ៉ាវក្នុងការប្រគលវ៉ាក់សាំង កំពុងធ្វើឲ្យប្រទេសអឺរ៉ុបព្រួយបារម្ភខ្លាំង
ចុះផ្សាយនៅថ្ងៃ៖
នៅអឺរ៉ុប តំណឹងស្តីពីការយឺតយ៉ាង ក្នុងការផលិតនិងចែកចាយ នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់មន្ទីរពិសោធន៍ AstraZeneca កំពុងតែធ្វើឲ្យប្រទេសមួយចំនួន មានខឹងសម្បារ លាយឡំដោយក្តីព្រួយបារម្ភ ខណៈដែលការឆ្លងរាលដាលកាន់តែមានសន្ទុះខ្លាំងឡើងៗ។ ដោយសារតែការយឺតយ៉ាវនេះ ប្រទេសខ្លះ អាចនឹងទទួលបានវ៉ាក់សាំង តិចជាងអ្វីដែលកំណត់ទុក ដល់ទៅ៨០%។
កាលពីល្ងាចថ្ងៃសុក្រទី២២មករា មន្ទីរពិសោធន៍ AstraZeneca បានបញ្ជាក់ថា ខ្លួននឹងមិនអាចផលិត និងប្រគល់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ឲ្យបានគ្រប់ចំនួនកំណត់ ក្នុងតំណាក់កាលដំបូងឡើយ ដោយហេតុតែមានបញ្ហានៅទីតាំងផលិតមួយកន្លែង ដែលធ្វើឲ្យចុះថយ នូវចំនួនវ៉ាក់សាំងដែលអាចផលិតបាន។
ដំណឹងស្តីពីការយឺតយ៉ាវនេះ បានធ្វើឲ្យប្រទេសអឺរ៉ុបជាច្រើន សម្តែងការតវ៉ា និង ព្រួយបារម្ភផងដែរ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ កំពុងតែប្រព្រឹត្តិធ្វើទៅ ហើយខ្លាចក្រែងថា មិនអាចចាក់ទៅលើប្រជាជនឲ្យបានច្រើន ទាន់ពេលវេលា។ សូមបញ្ជាក់ថា សហភាពអឺរ៉ុប បានបញ្ជាទិញវ៉ាក់សាំង របស់មន្ទីរពិសោធន៍ AstraZeneca ចំនួន៤០០លានដូស ក្នុងជំហ៊ានដំបូង ហើយដែលគ្រោងនិងផ្តល់អាជ្ញាបណ្ណចែកចាយ នៅរវាងចុងខែមករានេះ។ តំណាងសុខាភិបាលអឺរ៉ុប បានសរសេរលើទំព័រ Twitter ថា កាលវិភាគប្រគល់វ៉ាក់សាំង ត្រូវតែគោរពឲ្យបាន ដូចអ្វីដែលបានកំណត់ទុក។
គួរកត់សំគាល់ថា ដោយហេតុតែការយឺតយ៉ាងនេះ ប្រទេសអឺរ៉ុបខ្លះ ដូចជាឡេតូនី នឹងបានទទួលវ៉ាក់សាំងតែចំនួន២០%ប៉ុណ្ណោះ នៅរវាងដើមខែកុម្ភៈ។ ប្រទេសអូទ្រីស ដែលនឹងត្រូវបានទទួលវ៉ាក់សាំងចំនួន ៥៦ម៉ឺនដូស និងបានទទួលតែប្រមាណ៣៤ម៉ឺនទេ។ អ៊ុយអែដវិញដែលសង្ឃឹមបានប្រមាណ១លានដូស នឹងបានតែ៧សែនដូសទេ។ ប្រទេសន័រវ៉េស មិនមែនសមាជិកសហភាពអឺរ៉ុប តែចូលរួមក្នុងការបញ្ជាទិញនេះដែរ នឹងអាចទទួលបានតែ២០ម៉ឺនដូស ខុសពីចំនួន១លាន១សែនដូស ដែលបានកំណត់។
ដោយឡែក បារាំង និងអាល្លឺម៉ង់ មិនសូវរងផលប៉ះពាល់ខ្លាំងដោយការយឺតយ៉ាវ របស់មន្ទីរពិសោធន៍ AstraZeneca នេះទេ។ តែយ៉ាងណា រដ្ឋាភិបាលប្រទេស២នេះ កំពុងព្យាយាមនិយាយពន្យល់ប្រជាពលរដ្ឋ ថាកុំឲ្យភ័យបារម្ភ ហើយថាកាលវិភាគចាក់វ៉ាក់សាំង និងអនុវត្តទៅតាមអ្វីដែលបានកំណត់ ឲ្យបានលឿនបំផុត។ ដោយឡែក ក្រុមប្រឹក្សាវិទ្យាសាស្ត្រជាន់ខ្ពស់របស់បារាំង ទើបបានចេញអនុសាសន៍ នៅថ្ងៃទៅ២៣មករា ថា ការចាក់វ៉ាក់សាំងដូសទី២ អាចធ្វើទៅបាន ក្រោយការចាក់លើកទី១ចំនួន៦សប្តាហ៍។ ការបន្ថែមគំលាតរយៈពេលនេះ នឹងអាចអនុញ្ញាត ឲ្យគេយកវ៉ាក់សាំងទៅចាក់លើមនុស្សផ្សេងទៀត ឲ្យបានច្រើន។
សូមរំលឹកថា កាលពីសប្តាហ៍មុន ដំណឹងយឺតយ៉ាវនៃការប្រគល់វ៉ាក់សាំងរបស់មន្ទីរពិសោធន៍ Pfizer បានធ្វើឲ្យប្រទេសអឺរ៉ុប ខឹងសម្បាររួចទៅហើយ។ រដ្ឋាភិបាលអ៊ីតាលី បានទាំងបញ្ជាក់ថា មានបំណងប្តឹងមន្ទីរពិសោធន៍ Pfizer ពីបទមិនគោរពកាតព្វកិច្ច ដែលមានចែងក្នុងកិច្ចសន្យា។ លោក Clément Beaune រដ្ឋលេខាធិការបារាំងទទួលបន្ទុកកិច្ចការអឺរ៉ុប បានលើកឡើងថា មន្ទីរពិសោធន៍ Pfizer ត្រូវតែផលិតនិងប្រគល់វ៉ាក់សាំងឲ្យបានគ្រប់ចំនួន ទៅតាមការសន្យា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ