ព្រៃអាម៉ាហ្សូន-តុលាការព្រហ្មទណ្ឌអន្តរជាតិ

ជនជាតិភាគតិច​នៅព្រៃអាម៉ាហ្សូន​ប្តឹង​ប្រធានាធិបតី ប្រេស៊ីល​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ

លោកRaoni Metuktire មេកុលសម្ព័ន្ធ​​ដែលជា​សកម្ម​ការពារ​ព្រៃអាម៉ាហ្សូន​ដ៏ចេញ​មុខ បាន​ដាក់​ពាក្យ​បណ្តឹង ប្តឹង​ប្រធានាធិបតី​ប្រេស៊ីល លោក​បុលសូណារ៉ូ ទៅ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​នៅថ្ងៃទី ២២​មករា ២០២១
លោកRaoni Metuktire មេកុលសម្ព័ន្ធ​​ដែលជា​សកម្ម​ការពារ​ព្រៃអាម៉ាហ្សូន​ដ៏ចេញ​មុខ បាន​ដាក់​ពាក្យ​បណ្តឹង ប្តឹង​ប្រធានាធិបតី​ប្រេស៊ីល លោក​បុលសូណារ៉ូ ទៅ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​នៅថ្ងៃទី ២២​មករា ២០២១ AP - Francisco Seco
ដោយ៖ ឈាង បុប្ផា
២០ នាទី

មេដឹកនាំ​ក្រុមកុលសម្ព័ន្ធ ដែល​ល្បីឈ្មោះ​ខាងការពារ​ព្រៃអាម៉ាហ្សូន​ ​លោក​Raoni Matuktire បាន​ដាក់ពាក្យ​បណ្តឹង​ទៅកាន់ ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុង​ទីក្រុង​ឡាអេ ដើម្បី​សុំ​ឲ្យ​តុលាការ​ស៊ើបអង្កេត​លើ​ប្រធានាធិបតី ប្រេស៊ីល សម្រាប់​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ នៅក្នុង​ពាក្យបណ្តឹង​ផ្ញើទៅកាន់​ការិយាល័យ​រដ្ឋអាជ្ញា​របស់​តុលាការ​ក្រុង​ឡាអេ មេដឹកនាំ​ក្រុមជនជាតិភាគតិច បាន​ចោទប្រកាន់​ប្រមុខរដ្ឋាភិបាល​ប្រេស៊ីល​ថា ​បាន​ធ្វើ​ទុក្ខបុកម្នេញ ប្រជាជន​ភាគតិច តាមរយៈ ការដុតបំផ្លាញ ជំរក និង​រំលោភសិទ្ធិ​ជា​មូលដ្ឋាន​របស់​ជនជាតិភាគតិច ដែល​រស់នៅ​ក្នុង​តំបន់​ព្រៃអាម៉ាហ្សូន។

ផ្សាយពាណិជ្ជកម្ម

“ចាប់តាំង​ពី​លោកហ្សាអៀរ បុលសូណារ៉ូ ស្បថចូល​កាន់តំណែង​ជា​ប្រធានាធិបតី ប្រេស៊ីល នៅ ដើម​ឆ្នាំ ២០១៩ ការបំផ្លាញ​ព្រៃឈើ នៅ​តំបន់ព្រៃអាម៉ាហ្សូន បានបោះសម្ទុះ​លឿន​ជាងពេលណា​ទាំងអស់។ ការកាប់បំផ្លាញ​ព្រៃឈើ​បាន​កើនឡើង ប្រមាណ ៣៤% ក្នុង​រយៈពេល​តែមួយឆ្នាំ។ អត្រា​ធ្វើឃាត សម្លាប់​មេកុលសម្ព័ន្ធ បាន​កើនឡើងខ្ពស់ ចំណែក ទីភ្នាក់ងារ ឬ​សកម្មជន​ការពារ​បរិស្ថាន​បាន​រង​ការគំរាមកំហែង​កាន់តែ​ខ្លាំងឡើងៗ”។ នេះជា​ខ្លឹមសារ​សង្ខេប​របស់​ក្រុមមេដឹកនាំ​ជនជាតិភាគតិច នៅ​ព្រៃអាម៉ាហ្សូន នៅក្នុង​ពាក្យបណ្តឹង ដែល​ពួកគេ​បាន​ដាក់ទៅ​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ កាលពី​ថ្ងៃ​សុក្រ។

សម្រាប់​មេដឹកនាំ​កុលសម្ព័ន្ធ Kayapo លោក​Roani Matuktire ដែល​ល្បីឈ្មោះ​ខាងការពារ​ព្រៃ​អាម៉ាហ្សូន លោក​ប្រធានាធិបតី​បុលសូណារ៉ូ តែង​ជំរុញ​ឲ្យមាន​ការប្រព្រឹត្ត​អំពើហិង្សា​លើ​ប្រជាជន​ភាគតិច។

នៅក្នុង​ពាក្យ​បណ្តឹង​ដែល​សំដៅ​ប្តឹង​បរិហារ ទាំង​លោក​ប្រធានាធិបតី បុលសូណារ៉ូ និង​រដ្ឋមន្រ្តីប្រេស៊ីល ជនជាតិ​ភាគតិច​នៅព្រៃ​អាម៉ាហ្សូន បាន​ចោទប្រកាន់ រដ្ឋាភិបាល​របស់​លោក​បុលសូណារ៉ូ ថា បាន​អនុវត្ត​កម្មវិធី នយោបាយ ដក​ចោល​រាល់​ឧបសគ្គ ដើម្បីលួចប្លន់ ទ្រព្យសម្បត្តិ​របស់​ព្រៃអាម៉ាហ្សូន ដូចជា​បើកដៃ ឲ្យ​គេដុត កាប់ឆ្ការព្រៃ ដើម្បី ពង្រីកដី​កសិកម្មជាដើម។ នយោបាយ​របស់​ប្រធានាធិបតី​ស្តាំនិយមជ្រុល​ត្រូវ​បាន​គេមើល​ឃើញថា បាន​ ជំរុញ ឲ្យ​មាន​ការលួចធ្វើឃាត ជនជាតិភាគតិច​ដែលចេញមុខ​ប្រឆាំង នឹង​ការឈ្លានពាន​ដីព្រៃ អាម៉ាហ្សូន។ នៅ​ក្នុង​ឆ្នាំ ២០១៩ ជនជាតិ​ភាគតិច ៩នាក់​ត្រូវ​គេ​សម្លាប់ ដែលនៅក្នុងនោះ ​៧នាក់ ជា​មេដឹកនាំ​កុលសម្ព័ន្ធ។ សម្រាប់​ក្រុមជនជាតិភាគតិច នយោបាយ​របស់​រដ្ឋាភិបាល​បុលសូណារ៉ូ ដែល​បាន​លើកទឹកចិត្ត​ឲ្យ​មាន​ការសម្លាប់​ជនជាតិភាគតិច ការបង្ខំ​ឲ្យផ្លាស់ទី​កន្លែង​រស់នៅ និង​ការធ្វើ​ទុក្ខ​បុកម្នេញ គឺ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដែល​មានចែង នៅក្នុង​លក្ខន្តិកៈ​ក្រុងរ៉ូម​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

ពាក្យបណ្តឹង​កម្រាស ៥០ទំព័រ ដែល​ជួយ​ចងក្រង​ដោយ​មេធាវី​ជាតិបារាំង ក្នុង​ទីក្រុង​ប៉ារីស មាន​ប្រមូលផ្តុំ​ពាក្យចោទប្រកាន់​របស់​អង្គការ ក្នុង​ស្រុក និង​បរទេស​ជាង ១០ ស្ថាប័ន​អន្តរជាតិ និង​អ្នកវិទ្យាសាស្រ្ត​ជំនាញ​ខាង​អាកាសធាតុ ដែល​បាន​បរិហារ​រិះគន់ រដ្ឋាភិបាល​ប្រេស៊ីល ថា បាន​លុប​តំបន់​ព្រៃអភិរក្ស​របស់​ក្រុមជនជាតិភាគតិច បង្កើតច្បាប់ សម្រាប់​ពង្រីកដីកសិកម្ម និង​អាជីវកម្មជីកយករ៉ែមាស និង​កាត់បន្ថយ​ប្រាក់ឧបត្ថម្ភសម្រាប់​ទីភ្នាក់ងារ​ការពារ​បរិស្ថានជាដើម។

ជារួម ម្ចាស់ដើមបណ្តឹង ប្តឹងលោក​ប្រធានាធិបតី បុលសូណារ៉ូ បាន​ទាញក្តីសន្និដ្ឋានថា ​ការកាប់បំផ្លាញព្រៃឈើអាម៉ាហ្សូន ដែល​ដើរតួនាទី​ចាំបាច់​សម្រាប់​អាកាសធាតុ លើ​ផែនដី មិនត្រឹម​តែ​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​ប្រជាជន​ប្រេស៊ីល ជាពិសេស ប្រជាជនភាគតិច​ដែល​រស់ពឹង​អាស្រ័យលើ​ព្រៃ​អាម៉ាហ្សូនតែប៉ុណ្ណោះទេ ប៉ុន្តែ វា​នឹង​គ្រោះថ្នាក់​ផងដែរ ដល់​មនុស្សជាតិ​ទាំងមូល​នៅលើ​ផែនដី។

សូមបញ្ជាក់ថា នៅខែ កក្កដាឆ្នាំ ២០២០ បុគ្គលិក​ពេទ្យ ប្រេស៊ីល​បាន​ដាក់ពាក្យ​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដើម្បី​សុំ​ឲ្យ​បើក​ការស៊ើបអង្កេតលើ​ប្រធានាធិបតី ប្រេស៊ីល សម្រាប់​បទឧក្រិដ្ឋ ប្រឆាំង​មនុស្ស​ជាតិ នៅក្នុង​រឿងគ្រប់គ្រង​វិបត្តិកូវីដ នៅប្រេស៊ីល៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI