បារាំង-រុស្ស៊ី-សិទ្ធិសេរីភាព

ប្រមុខការទូត​បារាំង ថាព្រួយ​​បារម្ភអំពី​ ភាព​​កាន់តែ​ផ្តាច់ការ​​ខ្លាំងឡើង ​របស់​រដ្ឋាភិបាល​​លោក​ពូទីន

សមត្ថកិច្ចកំពុងលើកដំបងវាយសំពងលើក្រុម​បាតុករ នៅទីក្រុងម៉ូស្គូ ថ្ងៃទី​២៣ មករា ២០២១
សមត្ថកិច្ចកំពុងលើកដំបងវាយសំពងលើក្រុម​បាតុករ នៅទីក្រុងម៉ូស្គូ ថ្ងៃទី​២៣ មករា ២០២១ REUTERS - MAXIM SHEMETOV
ដោយ៖ ម៉ម ពិសី
១៥ នាទី

មួយថ្ងៃក្រោយ​បាតុកម្ម​យ៉ាងផុសផុល នៅ​ប្រទេសរុស្ស៊ី ដើម្បីទាមទារឲ្យ​ដោះលែង​លោក​អាឡិចសី ណាវ៉ាល់នី លោក​ប្រមុខការទូតបារាំង បាននិយាយលើកឡើងថា ការចាប់ខ្លួន​សកម្មជន​ប្រឆាំង និង​បាតុករ ដោយ​កំរោលពីសំណាក់សមត្ថកិច្ចរុស្ស៊ី គឺជារឿងពិបាក​យកភ្នែកមើលណាស់។ លោក​ប្រមុខការទូតបារាំង ក៏បានឆ្លៀតបរិហារផងដែរ អំពីទំនោរកាន់តែផ្តាច់ការឡើង នៃរដ្ឋាភិបាលរុស្ស៊ី ដឹកនាំដោយ​លោកពូទីន។

ផ្សាយពាណិជ្ជកម្ម

ឆ្លើយទៅកាន់អ្នកសំភាសន៍ តាមវិទ្យុ​ France Inter លោក Jean Yves Le Drian រដ្ឋមន្ត្រីការបរទេសបារាំង បានលើកឡើងថា ទំនោរកាន់តែផ្តាច់ការនៃរដ្ឋាភិបាលរុស្ស៊ី នាពេលបច្ចុប្បន្ន គឺធ្វើ​ឲ្យ​លោកមានការព្រួយ​បារម្ភខ្លាំងណាស់។ លោក​ថា ការចាប់ខ្លួនមនុស្សរាប់រយនាក់ នៅមុនថ្ងៃ​ធ្វើបាតុកម្ម ដោយ​យកលេសថា ដើម្បី​ទប់ស្កាត់សកម្មភាពបាតុកម្ម ប្រឆាំងរដ្ឋាភិបាល វាគឺជារឿងមួយ​ពិបាកទ្រាំបើកភ្នែកមើលណាស់។

លោក​ប្រមុខការទូតបារាំង បានឆ្លៀតលើកឡើងថា លោកមានការកោតសរសើរ ចំពោះប្រជាជនរុស្ស៊ីដែលហ៊ានធ្វើបាតុកម្ម មិនខ្លាច​ការបង្រ្កាប​ ហើយ​ជាពិសេស លោក​សូមកោតសរសើរ ចំពោះលោក អាឡិចសី ណាវ៉ាល់នី ដែលមានសេចក្តីក្លាហាន ហ៊ានត្រលប់ចូលប្រទេសរុស្ស៊ីវិញ ទាំងដឹងថាខ្លួនប្រាកដជាត្រូវគេចាប់ដាក់ឃុំ យ៉ាងណាក្តី។

ទាក់ទិននឹងគោលជំហរបារាំង ជាមួយ​នឹងរដ្ឋាភិបាលរុស្ស៊ី លោក​ប្រមុខការទូតបារាំង បញ្ជាក់ថា រុស្ស៊ីជា​ប្រទេសជិតខាងជាមួយ​បារាំង និងសហភាពអឺរ៉ុប ដែល​មានចំណែក​សំខាន់ក្នុង​កិច្ចការសន្តិសុខរួមនៃតំបន់។ លោកបន្តថា តែយ៉ាងណាក៏ដោយ បារាំង ត្រូវតែប្រកាន់ជំហរម៉ឺងម៉ាត់ រឹងមាំ ក្នុងការជជែក​ជាមួយ​រុស្ស៊ី។

សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ​ទី​២៣មករា ប្រជាជនរុស្ស៊ីរាប់ម៉ឺននាក់ បានធ្វើបាតុកម្មនៅតាមទីក្រុងធំៗជាង​៦០ ទូទាំងប្រទេស ដើម្បីទាមទារឲ្យ​ដោះលែងលោកអាឡិចសី ណាវ៉ាល់នី សកម្មជននយោបាយ ​​ដែលហ៊ាន​រិះគន់អំពើពុករលួយ​របស់​រដ្ឋាភិបាល និងបក្សពួក​លោក​ពូទីន។ យោងតាម​អង្គការ ​OVD-Info មានបាតុករយ៉ាងហោច ៣៥០០នាក់ ត្រូវបានចាប់ខ្លួន​ ដោយ​ក្នុងនោះ ១៣៦០នាក់ នៅក្រុង​ម៉ូស្គូ និង​៥២៣នាក់ នៅក្រុងសាំងប៉េតេសបួរ។

ដោយឡែក លោក Dmitri Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយ​បន្ទោស ក្រសួងការបរទេសអាមេរិក ថា​បានលូកដៃក្នុងកិច្ចការផ្ទៃក្នុងរុស្ស៊ី តាមរយៈការ​ផ្សព្វផ្សាយទីតាំងជួបជុំបាតុកម្ម។ ជាការចោទដែលស្ថានទូតអាមេរិកប្រចាំក្រុងម៉ូស្គូ បានច្រានចោល ដោយលើកឡើងថា វាជានីតិវិធីធម្មតា ដែល​ស្ថានទូតអាេមរិក នៅគ្រប់ប្រទេសទាំងអស់ ត្រូវប្រកាសកុំឲ្យ​ប្រជាជនអាមេរិក ទៅកាន់កន្លែង​អាចប្រឈមគ្រោះថ្នាក់ជាយថាហេតុណាមួយ។ ទោះយ៉ាងនេះក្តី អ្នកនាំពាក្យ រដ្ឋាភិបាលរុស្ស៊ី បាន​លើកឡើងថា បាតុកម្មកាលពី​ថ្ងៃទី​២៣មករា គ្មានអ្វីអស្ចារ្យទេ ព្រោះថាអ្នកធ្វើបាតុកម្មមានតែបន្តិចនាក់ រីឯអ្នកបោះឆ្នោតជូនលោកពូទីនវិញ មាន​ដល់ទៅ​៧៦% នៃចំនួន​ប្រជាជនរុស្ស៊ីឯណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI