បារាំង-កូវីដ១៩

កូវីដ​១៩នៅ​បារាំង៖ វិធាន​ការបិទខ្ទប់​​ប្រទេស​ទាំងស្រុង​​ជា​លើក​ទី៣ ត្រូវ​គេ​ជឿថា​ចៀស​មិនរួច

មនុស្ស​ពាក់ម៉ាសនៅទីលាន Trocadero ក្បែរ Tour Eiffel ក្រុងប៉ារីស
មនុស្ស​ពាក់ម៉ាសនៅទីលាន Trocadero ក្បែរ Tour Eiffel ក្រុងប៉ារីស REUTERS - GONZALO FUENTES
ដោយ៖ ម៉ម ពិសី
១១ នាទី

នៅប្រទេសបារាំង មានការព្រួយបារម្ភកាន់ខ្លាំងឡើងថា គេប្រហែលជាមិនអាចចៀសផុត ពី​ការបិទខ្ទប់​ប្រទេសទាំងស្រុង ​ជាលើកទី៣នោះទេ ដោយ​សារតែ​ការឆ្លងរាលដាលកូវីដ​១៩ នៅតែកើនខ្ពស់។ ជាងនេះទៀត អ្នកជំនាញ​សុខាភិបាល​បារាំង បានលើកឡើងថា ក្នុងរវាងប៉ុន្មានសប្តាហ៍ខាងមុខ កូវីដ១៩ទំរង់បំប្លែងខ្លួនថ្មី ​ដែលមានប្រភពចេញពី​អង់គ្លេសនោះ នឹងឆ្លងរាលដាលពាសពេញ​ប្រទេសបារាំង។

ផ្សាយពាណិជ្ជកម្ម

ចំនួន​អ្នកឆ្លងកូវីដ​១៩ថ្មី នឹងអ្នកជំងឺដែលត្រូវ​ការការសង្គ្រោះបន្ទាន់ បានកើនឡើងជាប្រចាំ នៅបារាំង។ មេរោគកូវីដ​១៩ ទម្រង់បំប្លែងខ្លួនថ្មី ដែលមាន​ប្រភព​ចេញពី​អង់គ្លេស កំពុងតែធ្វើ​ឲ្យ​ព្រួយ​បារម្ភបំផុត ព្រោះមានកម្លាំង​ឆ្លងរាលដាលលឿនខ្លាំង ហើយ​មានការសង្ស័យថា វាអាចមានកម្លាំងបង្កគ្រោះថ្នាក់ខ្ពស់ ដល់អ្នកជំងឺថែមទៀតផង។

លោក Jean-François Delfraissy ប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រ បានថ្លែងតាមទូរទស្សន៍ BFMTV ថា « ប្រហែលជា​ត្រូវតែ​បិទ​ប្រទេស​ទាំងស្រុងម្តងទៀតហើយ »។ លោក​បញ្ជាក់ថា បើបិទបានលឿនរហ័ស នោះវិធានការទប់ស្កាត់ការឆ្លងរាលដាល នឹងមានប្រសិទ្ធិភាព​ខ្ពស់ទៅតាមនោះដែរ។

ដោយឡែកលោកOlivier Véran រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បាន​លើកឡើង កាលពីថ្ងៃអាទិត្យ​ ថាសម្រាប់ពេលនេះ រដ្ឋាភិបាល​កំពុង​តែ​រងចាំ​ ពិនិត្យ​មើលតួលេខ នៃលទ្ធផល​ ដែលបានមក​ពី​វិធានបំរាមគោលចរ ហាមចេញដើរចាប់ពីម៉ោង​៦ល្ងាច។ លោកបញ្ជាក់ថា បើវិធានការនេះ មិនហុចផលវិជ្ជមាន ហើយមេរោគបំប្លែងខ្លួនថ្មី រីកឆ្លងរាលដាលពាសពេញប្រទេស នោះរដ្ឋាភិបាល ត្រូវតែសម្រេចដាក់ចុះនូវវិធានការថ្មីបន្ថែមទៀត។

យ៉ាងណាក៏ដោយ អ្នកវិភាគ​នយោបាយ និងអ្នកជំនាញ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ការបិទខ្ទប់ប្រទេសជាលើកទី៣ ប្រហែលជាមិនអាចគេចផុតនោះទេ។​ សំណួរនាពេលនេះ គឺថា តើវិធានការបិទខ្ទប់ប្រទេសជាលើកទី៣នេះ នឹងមានវិសាលភាព និងកម្រិតតឹងតែងប៉ុណ្ណា។ កាលពីសប្តាហ៍មុននេះ លោករដ្ឋមន្ត្រីក្រសួង​អប់រំបារាំង បានអះអាងថា លោក​មិនគាំទ្រគំនិតបិទសាលារៀនទេ ព្រោះកុមារសិស្សានុស្សិតត្រូវតែ​បន្តទទួលបាន​ការ​សិក្សារៀនសូត្រ ហើយមួយទៀត វាក៏អនុញ្ញាតឲ្យ​ឪពុកម្តាយ​អាចបន្តធ្វើការងារបាន។

នៅថ្ងៃពុធខាងមុខនេះ លោកប្រធានាធិបតី​​ម៉ាក្រុង នឹងចេញមកថ្លែងសារទៅកាន់​ប្រជាជន ជាថ្មីម្តងទៀត ដែលតាមការ​ស្មាន គឺ​ប្រហែលជាលោក នឹងប្រកាសអំពីវិធានការបិទខ្ទប់ប្រទេស​ ជាលើកទី​៣ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI