វេទិកាកំពូលដំបូងបង្អស់ ស្តីពីវិធានការសម្របខ្លួន និងទប់ទល់ជាមួយការប្រែប្រួលអាកាសធាតុ
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃចន្ទទី២៥មករានេះ ប្រទេសហូឡង់នឹងដឹកនាំ ការចាប់ផ្តើមវេទិកាកំពូលអន្តរជាតិមួយ ដើម្បីពិភាក្សាគ្នា រៀបចំវិធានការសម្របខ្លួន និងទប់ទល់ជាមួយនឹងបម្រែបម្រួលអាកាសធាតុ។ នេះជាលើកទីមួយហើយ ដែលមានវេទិកាអន្តរជាតិ ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហានេះ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ព្រមទាំងប្រមុខរដ្ឋប្រទេសធំៗជាច្រើន នឹងមានវត្តមានពីចំងាយ តាមប្រព័ន្ធវីស្យូខុនហ្វឺរិនស៍ ដើម្បីលើកជាយោបល់ ក៏ដូចជាការសន្យានានា ដើម្បីជួយប្រទេស ឬតំបន់រងគ្រោះ ក្នុងការទប់ទល់ជាមួយគ្រោះធម្មជាតិ។
មេដឹកនាំអន្តរជាតិធំៗ មានលោកអង់តូនីញ៉ូ ហ្គូដតេស លោកបាន គីមូន លោកម៉ាក្រុង លោកបូរីស ចនសុន និងលោកស្រី មែរកិល ជាដើម នឹងមានវត្តពីចំងាយ នៅក្នុងការចាប់ផ្តើមបើកវេទិកាអន្តរជាតិជាលើកទីមួយ ដែលមានខ្លឹមសារផ្តោត ទៅលើការរកវិធីសម្របខ្លួន និងទប់ទល់ជាមួយនឹងបម្រែបម្រួលអាកាសធាតុ។ មិនត្រឹមតែរកវិធីសម្របខ្លួននោះទេ គឺត្រូវឆក់ឱកាសថ្មី ដែលហុចឲ្យដោយបម្រែបម្រួលអាកាសធាតុ ដូចជារដូវលូតលាស់ដែលវែងជាមុន ឬការរីកបន្ថែមនូវតំបន់ដាំដុសបានជាដើម។
គួរកត់សំគាល់ថា នេះជាលើកទីមួយហើយ ដែលមានវេទិកាអន្តរជាតិ ផ្តោតការយកចិត្តទុកដាក់លើបញ្ហានេះ។ កន្លងមក គឺគេបានតែនិយាយជជែកគ្នាអំពីការប្រយុទ្ធប្រឆាំង នឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយឧស្ម័នពុល ឬកាត់បន្ថយកំដៅផែនដីជាដើម។ តែលើកនេះ គឺគេនឹងពិភាក្សាគ្នា លើកជាយុទ្ធសាស្ត្រ និងបេសកកម្ម ដើម្បីរកវិធីជួយប្រទេស ឬតំបន់ដែលប្រឈមខ្លាំង ឲ្យអាចមានលទ្ធភាពសម្របខ្លួន ទប់ទល់ ជាមួយបញ្ហាអាកាសធាតុ ដែលមានដូចជាការឡើងកំពស់ទឹកសមុទ្រ គ្រោះធម្មជាតិទឹកជំនន់ ខ្យល់ព្យុះ និងការចុះថតនូវទិន្នផលកសិកម្មជាដើម។
យោងតាមគេហទំព័រ របស់អង្គការសហប្រជាជាតិ វេទិកាកំពូលនេះ នឹងផ្តោតផងដែរអំពីយុទ្ធសាស្ត្រជំរុញការបោះទុនវិនិយោគថ្មីៗ ដើម្បីជួយកសិករ ដែលប្រឈមខ្លាំងនឹងកត្តាប្រែប្រួលអាកាសធាតុ។ គេនឹងជំរុញការស្រេាវជ្រាវផ្នែកកសិកម្ម បណ្តុះបណ្តាលកសិករ និងវិធីសាស្ត្រគ្រប់គ្រងគ្រោះមហន្តរាយ។
លោក Mark Rutte នាយករដ្ឋមន្ត្រីហូឡង់ ដែលជាអ្នកដឹកនាំវេទិកានេះ បានលើកឡើងថា ប្រទេសហូឡង់ មានបទពិសោធន៍ជាច្រើនសតវត្សមកហើយ នៅក្នុងការប្រយុទ្ធ ទប់ទល់ជាមួយនឹងការឡើងកំពស់ទឹកសមុទ្រ ព្រោះថា១ភាគ៣នៃដែនដីហូឡង់ គឺទាបជាងកំពស់ទឹកសមុទ្រ។ លោកបន្ថែមថា បើសិនជាយើងទាំងអស់គ្នា មិនរិះរកវិធីសម្របខ្លួន ទប់ទល់ជាមួយកត្តាអាកាសធាតុដែលប្រែប្រួលនេះទេ គឺផលប៉ះពាល់វិនាស នឹងមានទំហំធំក្រៃទៅលើមនុស្ស។
ដោយឡែក នៅថ្ងៃចន្ទនេះដែរ របាយការណ៍មួយ របស់អង្គការ Germanwatch បានលើកឡើងថា ប្រមាណ២០ឆ្នាំចុងក្រោយនេះ មានមនុស្សប្រមាណកន្លះលាននាក់ បានស្លាប់ដោយគ្រោះធម្មជាតិធ្ងន់ធ្ងរ ហើយប្រទេសដែលរងគ្រោះខ្លាំងបំផុត គឺប្រទេសក្រីក្រ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ