អឺរ៉ុប-វ៉ាក់សាំងបង្ការកូវីដ១៩

នាយករដ្ឋមន្រ្តីអាល្លឺម៉ង់​ចង់​ឲ្យ​មាន​ការចែករំលែក វ៉ាក់សាំង​បង្ការកូវីដដោយស្មើភាពគ្នាក្នុងពិភពលោក

ដបវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩​របស់​ក្រុមហ៊ុន​pfizer សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង​នៅប្រទេស​អាល្លឺម៉ង់
ដបវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩​របស់​ក្រុមហ៊ុន​pfizer សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង​នៅប្រទេស​អាល្លឺម៉ង់ AP - Marijan Murat
ដោយ៖ ឈាង បុប្ផា
២៣ នាទី

ភ័យស្លន់ស្លោរ គ្មាន​វ៉ាក់សាំង​ចាក់គ្រប់គ្រាន់ តាមផែនការ ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​ព្រមាន នៅក្នុង​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក កាលពី​ថ្ងៃ​អង្គារ​ម្សិលមញថា អឺរ៉ុប នឹងតាមដាន​ត្រួតពិនិត្យ មើល​រាល់​ការនាំចេញ​វ៉ាក់សាំង ផលិតឡើង ក្នុង​ទឹកដី​អឺរ៉ុប ទៅកាន់​ប្រទេស​ទីបី។ នៅក្នុង​វេទិការ​សេដ្ឋកិច្ច ពិភពលោក ក្រុង​ដាវ៉ូសដែរ លោកស្រី នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ បានអំពាវនាវ​ឲ្យ​មានការបែងចែក វ៉ាក់សាំង បង្ការជំងឺកូវីដ ប្រកប​ដោយ​សមភាព រវាង​ប្រទេស​អ្នកមាន និង​ប្រទេស​អ្នកក្រ។ 

ផ្សាយពាណិជ្ជកម្ម

ការផ្គត់ផ្គង់​យឺតយ៉ាវ​របស់​ក្រុមហ៊ុន​ផលិតវ៉ាក់សាំង Pfizer និង AstraZeneca បាន​បង្ក​ឲ្យមានភាពជ្រួលច្របល់ និងការប្រកួតប្រជែង​ចង់​បាន​វ៉ាក់សាំង រវាងប្រទេស​នៅក្នុង​ពិភពលោក។ នៅក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅDavos កាលពី​ថ្ងៃ​អង្គារ ​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី អ៊ួស៊ូឡា វ៉ុនឌែរ ឡេយែន បាន​និយាយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផលិតវ៉ាក់សាំង គោរព តាម​កិច្ចសន្យា ក្នុង​ការផ្គង់ផ្គង់​វ៉ាក់សាំង​ឲ្យភាគី​អឺរ៉ុប។ អឺរ៉ុប ដែល​បាន​វិនិយោគ ច្រើន​មហាសាល ​ជាង ២៧០០លាន​អឺរ៉ូ សម្រាប់​កម្មវិធី ស្រាវជ្រាវ​ផលិតវ៉ាក់សាំង។

ផែនការ ចាក់វ៉ាក់សាំង នៅក្នុង​បណ្តាប្រទេស​អឺរ៉ុប​ត្រូវពន្យារ យឺត​ពេលវេលា បន្ទាប់ ក្រុមហ៊ុនផលិត​វ៉ាក់សាំង ​អាមេរិកាំង Pfizer​ប្រកាស​ពន្យារពេល បញ្ជូន​វ៉ាក់សាំង ទៅ​ឲ្យអឺរ៉ុប ចំណែក ក្រុមហ៊ុន​អង់គ្លេស AstraZenna ទើបជូនដំណឹងថា ខ្លួន​នឹង​កាត់បន្ថយ ចំនួន វ៉ាក់សាំង ទៅ​ឲ្យប្រទេស​សមាជិក​សហភាពអឺរ៉ុប។

តាម​ប្រធានគណៈកម្មការ​អឺរ៉ុប អឺរ៉ុប​នឹង​បង្កើត​យន្តការ​តម្លាភាពមួយសម្រាប់ តាមដាន មើល​ការនាំចេញ​វ៉ាក់សាំង​ដែល​ផលិត​នៅក្នុង​ទឹកដីអឺរ៉ុប។ ចំណាត់ការ​របស់អឺរ៉ុប នឹង​អាច​ប៉ះពាល់​ដល់ ប្រទេសមួយចំនួន ដូចជា​អង់គ្លេស អ៊ីស្រាអែល ឬ​អេមីរ៉ាអារ៉ាប់រួម ដែល​កំពុងនាំមុខ​គេ​ក្នុង​ការចាក់​វ៉ាក់សាំង ផលិត​ដោយ​ក្រុមហ៊ុន​Pfizer ដែលមាន​រោងចក្រ​ក្នុង​ប្រទេស​បែលហ្សិក។

សព្វថ្ងៃនេះ អ៊ីស្រាអែល នាំមុខគេ ខាង​មាន​ប្រជាជន​ចាក់វ៉ាក់សាំង បង្ការកូវីដ ១៩ ពោល គឺ​៤៤នាក់ ក្នុង​ចំណោម​មនុស្ស​១០០​នាក់ បានចាក់វ៉ាក់សាំង។ ចំណែក​ប្រទេស​មហាសេដ្ឋីប្រេង មាន​ប្រជាជន ១២នាក់ ក្នុង​១០០នាក់​បាន​ចាក់វ៉ាក់សាំង។ អង់គ្លេស ជាប្រទេស​នាំមុខគេ​នៅអឺរ៉ុប ដែល​មាន​មនុស្ស​ចាក់វ៉ាក់សាំងច្រើនជាងគេ។ នៅអង់គ្លេស មនុស្ស ៨នាក់ ក្នុង​ចំណោម​១០០​នាក់​បាន​ទទួល​វ៉ាក់សាំង គឺច្រើនជាង ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ដែលមាន​មនុស្ស​តែ ២នាក់ ក្នុង​១០០​នាក់ប៉ុណ្ណោះ ដែលបានទទួល​វ៉ាក់សាំង។

សម្រាប់​នាយករដ្ឋមន្រ្តីអាល្លឺម៉ង់​ដែល​បាន​ឡើង​ថ្លែង នៅក្នុង​វេទិការ​សេដ្ឋកិច្ច​ពិភពលោក​ដែរនោះ អ្វីដែល​សំខាន់ គឺ​ការបែងចែក ដោយស្មើភាព ជាពិសេស​នៅក្នុង​កាលៈទេសៈ ដែល​វ៉ាក់សាំង​មិនសំបូរ​យ៉ាងដូច្នេះ។ នយោបាយ​ការពារ​និយម​នឹង​មិន​ជួយ​ដោះស្រាយ​បញ្ហា​នោះទេ។ ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ បានលើកឡើង​ពីសារៈសំខាន់ នៃ​នយោបាយការទូត នៅពីក្រោយ ការទទួល​បាន​វ៉ាក់សាំង​ដោយស្មើភាពគ្នា ជាពិសេស​ក្នុង​កាលៈទេសៈ ប្រទេស​ចិន​បាន​ចែក និង​លក់​វ៉ាក់សាំង​ទៅកាន់​បណ្តាប្រទេស​កំពុងអភិវឌ្ឍន៍ និង​ប្រទេស​ក្រីក្រ ចំណែក​ប្រទេស​អ្នកមាន គិតសម្រុកតែ​ចង់បាន​វ៉ាក់សាំង សម្រាប់​ប្រជាជន​ខ្លួន។ សម្រាប់​លោកស្រីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ អ្នកដែល​បាន​ទទួលជំនួយ វ៉ាក់សាំង នៅក្នុង​ស្ថានភាពដ៏​អាសន្ន​បែបនេះ នឹង​ចងចាំច្បាស់ មិនភ្លេច។

ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង ដែល​មាន​វត្តមាននៅក្នុង​វេទិការសេដ្ឋកិច្ច​ពិភពលោក នៅថ្ងៃ​អង្គារ​ដែរនោះ​បាន​និយាយ​ចោទប្រកាន់​ក្រុមប្រទេស​អ្នកមាន​ថា បាន​ដណ្តើមវ៉ាក់សាំងគ្នា និងទិញ​លើស​ពីតម្រូវការ ចំណែក​ប្រទេស​ក្រីក្រ ត្រូវ​គេបំភ្លេចចោល។ ការចោទប្រកាន់ ដែល​ប្រធាន​អង្គការ​សុខភាព ពិភពលោក​យល់ស្រប និងអំពាវនាវ​ឲ្យឈប់​មាន​កម្មវិធី​នយោបាយ​ជាតិនិយម ក្នុងរឿង​ទិញវ៉ាក់សាំង។ តាម​អង្គការ​សុខភាព​ពិភពលោក ដោយសារ​ការប្រជែងគ្នា​ទិញ​វ៉ាក់សាំង មាន​ប្រទេស​ជាង ៦០​ដែលមាន​សមត្ថភាព​ទិញវ៉ាក់សាំង ចំណែក​ក្រុមប្រទេសកំពុង​អភិវឌ្ឍ ដូចជា អាហ្វ្រិក​ខាងត្បូង​ជាដើម ត្រូវ​ចំណាយលុយ​ទិញ​វ៉ាក់សាំង ថ្លៃជាង​ប្រទេស​សមាជិកអឺរ៉ុប ដល់​ទៅ ២ដងកន្លះ។

នៅក្នុងសិក្សា​មួយ របស់​សភាពាណិជ្ជកម្ម​អន្តរជាតិ អ្នកជំនាញ​ខាង​ជំងឺឆ្លង​បាន​វាយតម្លៃថាប្រសិន​បើ ប្រទេស​អ្នកមាន គិត​តែ​ពី​សម្រុក​ចាក់វ៉ាក់សាំង ឲ្យ​ប្រជាជន​ខ្លួន នោះ ហើយ​ប្រទេស​មិនសូវ​អភិវឌ្ឍ មិនបានទទួល​វ៉ាក់សាំង នោះ ប្រទេស​អ្នកមាន​នឹង​ខាតបង់​សេដ្ឋកិច្ច ដល់​ទៅ ៤ ៥០០​ពាន់​លាន​ដុល្លារ គឺ​ច្រើនជាង​ទឹកប្រាក់ ៣៨ពាន់​ដុល្លារ ដែល​គេ​អាច​ចំណាយ​សម្រាប់​ផលិត និង​ចែកចាយ​វ៉ាក់សាំង សម្រាប់ទាំងអស់គ្នា នៅក្នុង​ពិភពលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI