វេទិកាសេដ្ឋកិច្ចពិភពលោក៖ចិនតាំងខ្លួនជាជើងឯកពហុភាគីនិយម និងព្រមានប្រឆាំងនឹងសង្រ្គាមត្រជាក់ថ្មី
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃចន្ទ ទី២៥ មករា ប្រធានាធិបតីចិនលោកស៊ី ជីនពីងបានតាំងខ្លួនជាអ្នកការពារលើគោលការណ៍ពហុភាគីនិយម និងព្រមានប្រឆាំងនឹងសង្រ្គាមត្រជាក់ថ្មី។ លោកស៊ី ជីនពីងបានថ្លែងដូចនេះនៅក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកតាមអនឡាញ។ តែសម្តីតាំងខ្លួនជាជើងឯកពហុភាគីនិយមរបស់លោកស៊ីត្រូវបានរងការរិះគន់ពីនាយកអង្គការសិទ្ធិមនុស្ស Human Rights Watch លោក Kenneth Roth។ លោក Roth បានស្តីបន្ទោសលោកស៊ីក្នុងរឿងជំងឺកូវីដ១៩ ពិសេសមិនបានសហការដោយតម្លាភាពជាមួយក្រុមអ្នកស៊ើបអង្កេតអន្តរជាតិដើម្បីស្វែងរកអត្តសញ្ញាណ និងប្រភពដើមរបស់វីរុសកូវីដ១៩។
ថ្លែងនាឱកាសវេទិកាសេដ្ឋកិច្ចតាមអនឡាញក្នុងថ្ងៃចន្ទ ទី២៥ មករា ប្រធានាធិបតីចិនលោកស៊ី ជីនពីងបានព្រមានថា ការបង្កើតបក្ខពួក ឬការបញ្ឆេះសង្រ្គាមត្រជាក់ថ្មី ការទាត់ចោល ការគំរាមកំហែង និងការបំភិតបំភ័យអ្នកដទៃ ការធ្វើឲ្យក្រឡាប់ចាក់នូវសង្វាក់ផ្គត់ផ្គង់ ឬមួយក៏ការដាក់ទណ្ឌកម្មដើម្បីធ្វើឲ្យប្រទេសណាឯកោ គឺជាទង្វើដែលនឹងជំរុញពិភពលោកទៅរកការបែកបាក់ និងការប្រឈមមុខដាក់គ្នា។ ទោះបីជាលោកស៊ី ជីនពីងមិនបាននិយាយចំឈ្មោះប្រទេសណាមួយក៏ដោយក៏គេដឹងថាលោកចង់និយាយសំដៅសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកក្នុងជំនាន់ប្រធានាធិបតីលោកដូណាល់ ត្រាំរយៈពេល ៤ឆ្នាំ លោកត្រាំបានជ្រើសយកផ្លូវប្រឈមមុខទល់នឹងចិន ពិសេសក្នុងសំណុំរឿងពាណិជ្ជកម្ម។ តែលទ្ធផលដែលលោកត្រាំទទួលបានហាក់នៅឆ្ងាយពីក្តីសង្ឃឹមរបស់លោក ព្រោះនៅ ៤ឆ្នាំក្រោយមក កម្រិតឱនភាពពាណិជ្ជកម្មដែលសហរដ្ឋអាមេរិកមានចំពោះចិននៅតែមានច្រើនដដែល។ សករាជលោកដូណាល់ ត្រាំបានគិតប្រយោជន៍អាមេរិកជាអាទិភាពបានបិទបញ្ចប់ហើយ តែមិនច្បាស់ថាសករាជលោកចូ បៃដិននឹងមានជំហរផ្ទុយស្រឡះពីលោកត្រាំនោះទេ។
ក្នុងថ្ងៃចន្ទ ទី២៥ មករា លោកបៃដិនបានចុះហត្ថលេខាលើក្រឹត្យមួយដោយជំរុញរដ្ឋបាលសហព័ន្ធឲ្យទិញផលិផល និងសេវាកម្មរបស់ក្រុមហ៊ុន រោងចក្រអាមេរិកជាជាងរបស់បរទេស។ ជំហររបស់លោកបៃដិននេះអាចនឹងបង្កឲ្យមានកំហឹងពីដៃគូពាណិជ្ជកម្មមួយចំនួនរបស់សហរដ្ឋអាមេរិក។ សុន្ទរកថាតាំងខ្លួនជាអ្នកការពារពហុភាគីនិយមរបស់ប្រធានាធិបតីចិនលោកស៊ី ជីនពីងត្រូវបាននាយកអង្គការសិទ្ធិមនុស្ស Human Rights Watch លោក Kenneth Roth យល់ថា គ្រាន់ជាទ្រឹស្តីប៉ុណ្ណោះ។ លោក Rioth បានស្តីបន្ទោសចិនពីបទគ្មានតម្លាភាពពាក់ព័ន្ធនឹងជំងឺកូវីដ១៩ និងមិនបានរួមសហការពេញទំហឹងជាមួយក្រុមអ្នកជំនាញអន្តរជាតិដើម្បីស៊ើបអង្កេតស្វែងរកអត្តសញ្ញាណ និងប្រភពដើមរបស់វីរុសកូវីដ១៩៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ