ការស្ទង់មតិ ៖ ការប្រែប្រួលអាកាសធាតុ ជាភាពបន្ទាន់ពិភពលោក
ចុះផ្សាយនៅថ្ងៃ៖
កម្មវិធីដើម្បីការអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ហៅកាត់ថា PNUD បានដឹកនាំធ្វើអង្កេតមួយស្តីពីការប្រែប្រួលអាកាសធាតុ ក្នុងប្រទេសចំនួន៥០។ ហើយប្រទេសភាគច្រើនពុំដែលធ្លាប់បានបញ្ចេញមតិយោបល់សោះ តាមរយៈការស្ទង់មតិសាធារណៈទេ។ បើតាមលទ្ធផលចេញផ្សាយនៅថ្ងៃពុធទី ២៧មករា២០២១នេះ ពីរភាគបី នៃអ្នកដែលបានចូលរួមស្ទង់មតិ គិតថា ការប្រែប្រួលអាកាសធាតុ គឺជា “ភាពបន្ទាន់របស់ពិភពលោក”។
គឺជាការស្ទង់មតិទ្រង់ទ្រាយធំស្តីពី បញ្ហាអាកាសធាតុ ដែលប្រមូលបានអ្នកបញ្ចេញយោបល់១,២២លាននាក់ នៅទូទាំងពិភពលោក ដោយរាប់តាំងពី អូស្ត្រាលី ទៅសហរដ្ឋអាមេរិក ពីអាហ្វ្រិកខាងត្បូង ឡើងដល់រុស្ស៊ី និងពី អាហ្សង់ទីនទៅដល់ហ្វីលីពីន ព្រមទាំងពីអេហ្ស៊ីបទៅដល់តួកគី ហើយក្នុងនោះ ៥៥ម៉ឺននាក់ជាក្មេងអាយុក្រោម១៨ឆ្នាំ និងមានរស់នៅ ក្នុងប្រទេសអ៊ីរ៉ាក់ឬប៉ាគីស្ថានផង។ នេះបើតាមអង្គការកម្មវិធីដើម្បីការអភិវឌ្ឍន៍ដែលជាស្ថាប័នមួយរបស់អង្គការសហប្រជាជាតិ ដោយបន្ថែមទៀតថានៅក្នុងចំណោម៥០ប្រទេស មួយចំនួនធំពុំធ្លាប់មាននរណាមកអង្កេតសួរយោបល់សាធារណៈ ស្តីអំពីការប្រែប្រួលអាកាសធាតុទេពីមុនមក។
សហការធ្វើជាមួយសាកលវិទ្យាល័យ Oxford លទ្ធផលនៃការស្ទង់មតិ បានបង្ហាញថា ការព្រួយបារម្ភជុំវិញបញ្ហាប្រែប្រួលអាកាសធាតុមានទំហំធំធេងជាងអ្វីដែលអ្នកស្រាវជ្រាវបានគិតពីមុនទៅទៀត។
ជាសរុប ៦៤% នៃអ្នកចូលរួម គិតថាការប្រែប្រួលអាកាសធាតុជាភាពបន្ទាន់ពិភពលោក។
នៅអង់គ្លេស អ៊ីតាលី និងជប៉ុន ចំនួនអ្នកខ្វល់ខ្វាយបានឡើងដល់៨០%។ បន្ទាប់មកអត្រានៃការព្រួយបារម្ភបានធ្លាក់មកនៅត្រឹម ២/៣នៅអាមេរិក រុស្ស៊ី វៀតណាម និងប្រេស៊ីល។ ពោលគឺមនុស្សភាគច្រើនបានចាត់ទុកការប្រែប្រួលអាកាសធាតុជាភាពបន្ទាន់ហើយ ចង់បានវិធានការបន្ទាន់និងជារួមទៀត។ នេះបើតាមរបាយការណ៍ដដែល។
ជាទូទៅ ស្ត្រី គិតគូរអំពីបញ្ហាអាកាសធាតុជាងបុរស។ បើនិយាយអំពីអាយុវិញ ក្មេងមានទំនោរព្រួយបារម្ភអំពីបញ្ហាអាកាសធាតុខ្លាំងជាងគេ បន្ទាប់មកគឺមនុស្សវ័យកណ្តាល (៣៦-៥៩ឆ្នាំ)។ ចំណែកមនុស្សវ័យចំណាស់ ចាប់ពីអាយុ៦០ ព្រួយបារម្ភតិចជាងគេ។
នៅក្នុងចំណោមអ្នកចូលរួមស្ទង់មតិទាំង៥០ប្រទេស ៥៤% យល់ថា ដំណោះស្រាយទប់ស្កាត់ការប្រែប្រួលអាកាសធាតុដ៏ប្រសើរជាងគេ គឺ ការពារព្រៃឈើ ជម្រកធម្មជាតិ បន្ទាប់មកគឺការអភិវឌ្ឍន៍ថាមពលកើតឡើងវិញ បច្ចេកទេសកសិកម្មដែលគោរពបរិស្ថាន និងត្រូវបង្កើនការវិនិយោគក្នុងវិស័យសេដ្ឋកិច្ចបៃតង។ មានតែ៣០%ប៉ុណ្ណោះដែលយល់ថា ដើម្បីអាកាសធាតុត្រូវកុំបរិភោគសាច់សត្វ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ