វ៉ាក់សាំងកូវីដ១៩

អឺរ៉ុប​ចង់​គ្រប់គ្រង​ការនាំ​​ចេញ​ថ្នាំ​បង្ការកូវីដ​របស់​ក្រុមហ៊ុន AstraZeneca

អឺរ៉ុប​ចង់​ត្រួតពិនិត្យ​ការនាំ​ចេញ​វ៉ាក់សាំង​របស់AstraZeneca
អឺរ៉ុប​ចង់​ត្រួតពិនិត្យ​ការនាំ​ចេញ​វ៉ាក់សាំង​របស់AstraZeneca Oli SCARFF AFP/Archivos
ដោយ៖ អៀង សុខម៉ិញ
១៨ នាទី

ប្រឈម​នឹង​ការ​ខ្វះវ៉ាក់សាំង និង​ការ​បញ្ជូន​វ៉ាក់សាំង​មិនគ្រប់ទៅតាម​ការ​បញ្ជាទិញ សហភាព​អឺរ៉ុប​ពិចារណា​ចាត់វិធានការ​គ្រប់គ្រង​ការនាំចេញ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ដែល​ជា​ក្រុមហ៊ុន​អឺរ៉ុប។ ក្នុងពេល​ជាមួយគ្នា ក្រុមហ៊ុន Sanofi របស់​បារាំង ដែល​បរាជ័យ​មិន​អាច​ស្រាវជ្រាវ​រក​វ៉ាក់សាំង​ដោយ​ខ្លួនឯងបាន ប្រកាស​សុខចិត្ត​ចូល​រួម​ជួយ​ផលិត​វ៉ាក់សាំង​ឲ្យ​ក្រុមហ៊ុន Pfizer ជា​គូប្រជែង ដើម្បី​ពន្លឿន​ដំណើរការ​ផលិត។

ផ្សាយពាណិជ្ជកម្ម

តាំងពី​បាន​ឮ​សេចក្តីប្រកាស​​របស់​ក្រុមហ៊ុន AstraZeneca ​ ស្តី​ការ​បញ្ជូន​ថ្នាំ​វ៉ាក់សាំង​មិន​គ្រប់​ទៅ​តាម​ការ​បញ្ជា​ទិញ សហភាព​អឺរ៉ុប​បាន​បង្កើន​គំនាប​ដាក់​លើ​ក្រុមហ៊ុន​ភ្លាម។ សហភាព​អឺរ៉ុប​បានទៅ​ជួប​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​ពីរ​លើក​ ផ្ញើ​លិខិត​មួយ ហើយ​លោកស្រី​ប្រធានគណៈកម្មការ​អឺរ៉ុប​បាន​​​ទូរស័ព្ទ​ទៅ​ជួប​អគ្គនាយក​ក្រុមហ៊ុន​ផ្ទាល់​ទៀត។ ហើយ​ពេល​នេះ អឺរ៉ុបបាន​ផុស​គំនិត​ចង់​បង្កើត​យន្តការ​តម្លាភាពគ្រប់គ្រង​​ការ​នាំ​ចេញ​ចេញ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ AstraZeneca តែម្តង។

ជា​គោលការណ៍​ អឹរ៉ុប​នឹង​ត្រួត​ពិនិត្យ​បញ្ជី​នាំ​ចេញ​ថ្នាំ​បង្ការ​កូវីដ​ទៅ​ប្រទេស​ផ្សេង ក្រៅ​សហភាព​អឺរ៉ុប។ ក្រុមហ៊ុន​ត្រូវ​ប្រាប់​អាជ្ញាធរ​អឺរ៉ុប នៅ​ពេល​ចង់​នាំ​ចេញ​ លើកលែង​តែការនាំចេញដើម្បី​មនុស្ស​ធម៌​ទេ។ សហភាព​អឺរ៉ុប​មាន​អំណាច​ចាត់​វិធានការ​បែប​នេះ បាន​ព្រោះ​សហភាព​បាន​ផ្តល់​មូលនិធិវិនិយោគ​ច្រើន​ណាស់​ដល់​ក្រុមហ៊ុន សម្រាប់​ការ​ស្រាវជ្រាវ​និង​ផលិត​ថ្នាំ​វ៉ាក់សាំង​ឱ្យ​បាន​ឆាប់។ ដូច្នេះ​ ក្រុមហ៊ុន​ត្រូវ​​ ផ្គត់ផ្គង់​​អឺរ៉ុប និង​​បំពេញកាតព្វកិច្ចឱ្យ​បាន​ត្រឹម​ត្រូវ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកស្រីអួរស៊ូឡា វ៉ុនឌែរ ឡេយែនប្រធានគណៈកម្មការ​អឺរ៉ុប។

ជា​ចម្លើយ​តប អគ្គនាយក​ក្រុមហ៊ុន​ AstraZeneca បាន​អះអាង​ថា​ ក្រុមហ៊ុន​មិនបាន​យកថ្នាំ​វ៉ាក់សាំង​អឺរ៉ុប​ទៅ​លក់​ឱ្យ​អ្នកផ្សេង​បាន​ដើម្បី​បានចំណេញ​ជាង​ទេ។ ការ​យឺតយ៉ាវ​បណ្តាល​មក​ពីយន្តការ​ចាប់​ផ្តើមចែកចាយ​ជួប​ការលំបាក​ពី​ដំបូង​បន្តិច ទើប​ត្រូវ​យឺត​តៗ​គ្នា​។ អឺរ៉ុប​ដែល​តំណាង​៥%​នៃ​ពលរដ្ឋ​ពិភពលោកនឹង​ទទួល​បាន​ថ្នាំ​បង្ការ​ចំនួន​១៧%​ពី​ក្រុមហ៊ុន​ដូច​សន្យា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អគ្គនាយក​ក្រុមហ៊ុន​AstraZeneca។

សូម​បញ្ជាក់​ថា​អាជ្ញាធរអឺរ៉ុប​ត្រូវ​ផ្តល់​​សេចក្តី​សម្រេច​ឱ្យ​ប្រើ​ឬ​អត់​​ថ្នាំ​បង្ការ​កូវីដ​របស់​AstraZeneca ​នៅ​ថ្ងៃ​សុក្រ​ទី ២៩​មករា២០២១​នេះ​។ អឺរ៉ុប​រំពឹងខ្លាំង​លើ​ថ្នាំបង្ការ​នេះ ព្រោះ​វា​ផលិត​ដោយ​ក្រុមហ៊ុនអឺរ៉ុប​ផង និង​មានតម្លៃ​ថោក ព្រមទាំង​មិន​ពិបាក​រក្សា​ទុក​ដល់​-៧០​អង្សារ​ដូច​ថ្នាំវ៉ាក់សាំងរបស់​Pfizer/BioNtech និង​ Moderna​ទេ។

ទន្ទឹម​​គ្នា​នេះ ដើម្បី​ពន្លឿន​ផលិតកម្មថ្នាំ​បង្ការប្រឆាំង​នឹង​កូវីដ​១៩ ក្រុមហ៊ុន​ផលិតឱសថ​បារាំង Sanofi នឹង​​ចូលរួម​ចំណែក​ផលិត​ថ្នាំ​បង្ការរបស់ Pfizer/BioNtech ​។ នេះ​ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិ​ឧស្សាហកម្ម​ឱសថ​ដែល​ក្រុមហ៊ុន​ជា​គូប្រជែង​គ្នា​សហការ​គ្នា​ផលិត​ថ្នាំ​ដូច្នេះ។ ចាប់​ពី​ខែមិថុនាទៅ ក្រុមហ៊ុន​Sanofi នឹង​ទទួល​បន្ទុក​ លើ​វគ្គ​ចុងក្រោយ នៃ​​ការ​ផលិត​ថ្នាំ​ ដើម្បី​ផ្គត់ផ្គង់​ឱ្យ​អឺរ៉ុប​នូវ​ថ្នាំ​បង្ការ​ចំនួន​១២៥​លានដូស។ តែ​ក្រុមហ៊ុនមិនបោះបង់​ការ​​សិក្សា​ស្រាវជ្រាវ​រក​ថ្នាំ​បង្ការ​កូវីដដោយ​ប្រើ​បច្ចេកវិទ្យា​របស់​Sanofiផ្ទាល់​ទេ។ ថ្នាំ​វ៉ាក់សាំង​របស់​ Sanofi អាច​នឹង​សម្រេច​លទ្ធផល​នៅ​ចុង​ឆ្នាំ​២០២១ ដោយ​អាច​ថែម​ទាំង​មានប្រសិទ្ធភាព​លើ​មេរោគកូវីដ​បំប្លែង​ខ្លួន​ផង។ នេះ​បើ​តាមការបញ្ជាក់​របស់​ប្រធាន​ក្រុមហ៊ុន​សាណូហ្វី​បារាំង លោក Olivier Bogillot ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI