វ៉ាក់សាំងកូវីដ១៩

កូវីដ ៖ អាល្លឺម៉ង់​គំរាម​ប្តឹង​ទៅ​តុលាការ​ រឿង​ប្រគល់​ថ្នាំ​វ៉ាក់សាំង​យឺតយ៉ាវ

ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ Angela Merkel
ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ Angela Merkel AP - Sean Gallup

នៅ​អាល្លឺម៉ង់ ក៏​ដូច​ជា​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ប្រព្រឹត្ត​ទៅ​មិនបានលឿនដូច​គម្រោង​របស់​រដ្ឋាភិបាល​ចង់​ទេ។ មូលហេតុ​គឺ​ខ្វះ​ថ្នាំ។ ក្រុមហ៊ុន​ផលិត​ថ្នាំ​មិន​គោរព​តាម​កាលបរិច្ឆេទ​នៃ​ការ​ប្រគល់​ថ្នាំ​តាមការ​បញ្ជាទិញ។ អាល្លឺម៉ង់​គំរាម​ចង់​ប្តឹង​ទៅ​តុលាការ និង​ត្រៀម​បើក​​ជំនួប​កំពូល​ស្តី ​អំពី​បញ្ហា​នេះ ​នៅ​ថ្ងៃ​ចន្ទ​ទី ១កុម្ភៈ​ ២០២១។

ផ្សាយពាណិជ្ជកម្ម

“ពេ​លនេះ​យើង​មិន​អាច​ចាក់​ថ្នាំ​បង្ការ​ជូន​ប្រជាពលរដ្ឋ​ ដោយ​ពេញ​ទំហឹង​បាន​ទេ”។ បើ​តាមប្រធាន​សហព័ន្ធ​ក្រុង​អាល្លឺម៉ង់ ​​ស្ថានភាព​ចាក់​ថ្នាំ​ប្រឆាំង​កូវីដ១៩​នៅប្រទេស​អាល្លឺម៉ង់ ​ប្រព្រឹត្ត​ទៅ​​ដោយ​មិន​រលូន​សោះ។ ថ្នាក់​ដឹកនាំនិង​តំណាង​តំបន់​ ​ទាមទារ​​ថ្នាំបង្ការបន្ថែម​ទៀត​ផង និង​ទាមទារចង់​ដឹង​ច្បាស់​លាស់​ថា​តើ​ថ្ងៃ​ណា​​​ថ្នាំ​បង្ការដឹកមក​ដល់​ផង ដើម្បី​ងាយ​រៀប​ចំចាត់​ចែង​កម្មវិធី​ចាក់​ថ្នាំ។

បន្ទាប់​ពីមាន​បញ្ហា​ផលិត​មិន​ទាន់​ក្នុង​​ក្រុមហ៊ុន BioNtech/Pfizer ​ ដល់​វេន​ក្រុមហ៊ុន Moderna ​ ម្តង​ដែល​បាន​ប្រកាស​ថា​មិនអាចផលិត​​ថ្នាំបង្ការ​ប្រឆាំង​កូវី​ដ១៩​ឱ្យ​អឺរ៉ុប បាន ​គ្រប់​ចំនួន​ទាំង​ស្រុង នៅ​ខែ​កុម្ភៈ ដូច​ពាក្យ​សន្យា​ទេ។ កាលពី​ថ្ងៃ​សៅរ៍ ក្រសួង​សុខាភិបាល​អាល្លឺម៉ង់ បាន​ត្រឹម​​ធានា​អះអាងថា​ ក្រុមហ៊ុន BioNtech ​ និង AstraZeneca ​ នឹង​ដឹកប្រគល់​ថ្នាំ​វ៉ាក់សាំងឱ្យ​​តែ​ប្រមាណ​១,៨​លានដូស​ឱ្យ​បន្ថែម​ប៉ុណ្ណោះ នៅ​ខែ​កុម្ភៈ។

នៅក្នុង​បទ​សម្ភាសន៍​មួយ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​អាល្លឺម៉ង់ បាន​គំរាម​ប្តឹង​ទៅ​តុលាការ​តែ​ម្តង​​ប្រសិន​បើ​ក្រុមហ៊ុន​ណាមិន​គោរពតាម​កាតព្វកិច្ច​ផលិត​និង​ប្រគល់​ថ្នាំ​មក​ឱ្យ​អឺរ៉ុប​ដូច​បាន​កំណត់​​ទេ។ ភាព​យឺ​តយ៉ាវ ​ដែល​បាន​និង​កំពុង​បង្ក​ភាព​​តាន​​តឹង​​ខ្លាំង​ជាង​គេ​ គឺជាមួយ​​​ក្រុមហ៊ុន​អង់គ្លេស AstraZeneca។

មាន​បញ្ហា​យឺតយ៉ាវ​​ហើយ​ថ្នាំ​បង្ការ​របស់​ក្រុមហ៊ុន​នេះ ទើប​ត្រូវ​បាន​​គណៈកម្មការ​​ជាតិ​គ្រប់គ្រងថ្នាំបង្ការអាល្លឹម៉ង់​សម្រេច​មិន​ឱ្យ​ចាក់​ជូន​ពលរដ្ឋ​អាយុ​លើស​ពី​៦៥​ឆ្នាំទេ។ ដូច្នេះ​​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​កាន់​តែ​ជួប​ការ​លំបាកមួយ​កំរិត​បន្ថែម​ទៀត។

ប្រឈម​នឹង​ស្ថានការណ៍​បែប​នេះ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អាល្លឺម៉ង់ បានអះអាង​នៅ​ថ្ងៃអាទិត្យ​ទី ៣១​មករា​នេះ ថា​បើក​ភ្លើង​ខៀវឱ្យ​ប្រើប្រាស់​ថ្នាំ​បង្ការ​ផលិត​ដោយ​ក្រុមហ៊ុនរុស្ស៊ី និង​ចិន ប្រសិនបើថ្នាំបង្ការ​នេះ​បាន​ទទួល​ការ​អនុញ្ញាត​ពី​​អាជ្ញាធរ​ឱសថ​អឺរ៉ុប​ ឱ្យ​ធ្វើ​ចរារណ៍​លើ​ទីផ្សារ។ នៅ​ថ្ងៃ​ចន្ទ​ អាល្លឺម៉ង់​នឹងបើក​ជំនួប​កំពូលមួយ ដែល​ប្រមូល​ផ្តុំ​ដោយ​អ្នក​ទទួល​ខុស​ត្រូវ​តំបន់ និង​អ្នក​ផលិត​ថ្នាំបង្ការ​ ក្រោម​អធិបតីភាព​របស់​លោក​ស្រីប្រមុខ​រដ្ឋាភិបាល អង់ហ្គឺឡា មែរកិល ដើម្បី​សាកល្បង​រកស្តារ​​ស្ថានការណ៍​​បច្ចុប្បន្ន​ឱ្យ​បាន​ប្រសើរ​ឡើង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI