អាល្លឺម៉ង់-រុស្ស៊ី-បារាំង

បារាំង​និង​អាល្លឺម៉ង់ ខ្វែងគំនិត​គ្នា រឿង​បញ្ឈប់​គម្រោង​Nord Stream 2​ ដើម្បី​ដាក់​សំពាធ​​លើ​​រុស្ស៊ី​

ការដ្ឋានសាងសង់បំពង់បង្ហូរឧស្ម័ន Nord Stream 2 នៅក្នុងសមុទ្របាល់ទិក។
ការដ្ឋានសាងសង់បំពង់បង្ហូរឧស្ម័ន Nord Stream 2 នៅក្នុងសមុទ្របាល់ទិក។ REUTERS - OLIVER DENZER

កាលពីថ្ងៃទី​១កុម្ភៈ រដ្ឋាភិបាលបារាំង និងអាល្លឺម៉ង់ បានបង្ហាញ​ការខ្វែងគំនិត ទាក់ទិន​នឹងការ​ចាត់វិធានការ​ដាក់សំពាធ ​លើរដ្ឋាភិបាល​រុស្ស៊ី ឲ្យ​ដោះលែងលោក​អាឡិចសី ណាវ៉ាល់នី និងសកម្មជននយោបាយ​ផ្សេងទៀត។ បារាំង ចង់ឲ្យ​អាល្លឺម៉ង់ សម្រេច​បញ្ឈប់គម្រោង​សាងសង់​បំពង់បញ្ហូឧស្ម័នក្រោមសមុទ្រ ឈ្មោះគម្រោងNord Stream 2។ តែភាគីអាល្លឺម៉ង់ អះអាងថាគម្រោងបំពង់បង្ហូរឧស្ម័នរុស្ស៊ីនេះ នឹងនៅតែបន្ត ព្រោះវាជារឿងសេដ្ឋកិច្ច​​ មិនពាក់ព័ន្ធនឹង​នយោបាយ​ទេ។​

ផ្សាយពាណិជ្ជកម្ម

លោកស្រី Martina Fietz អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បានបញ្ជាក់ប្រាប់អ្នកកាសែត នៅរសៀលថ្ងៃទី​១កុម្ភៈថា រដ្ឋាភិបាលអាល្លឺម៉ង់ មិន​ផ្លាស់នូវ​គោលជំហរ ដែលគាំទ្រគម្រោង Nord Stream 2 ឡើយ ពោលគឺដំណើរការសាងសង់បំពង់បង្ហូរឧស្ម័នពីរុស្ស៊ី ចូលអាល្លឺម៉ង់ នឹងនៅតែបន្តដូចប្រក្រតី។​

ការអះអាងនេះ គឺជាការឆ្លើយតបទៅនឹង​ការលើកឡើង របស់​រដ្ឋលេខាធិការបារាំង ទទួលបន្ទុកកិច្ចការអឺរ៉ុប លោក Clément Beaune ដែលបាននិយាយនៅតាមវិទ្យុថា រដ្ឋាភិបាលបារាំង ចង់ឲ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់ ចាប់ផ្តើម​ពិចារណា ក្នុងការបញ្ឈប់គម្រោង Nord Stream 2 ​ដើម្បីដាក់សំពាធលើរដ្ឋាភិបាលរបស់លោកពូទីន ដែលបាន​ចាប់លោក អាឡិចសី ណាវ៉ាល់នី ដាក់ឃុំ និងបាន​ឃាត់ខ្លួនសកម្មជន​បាតុកររុស្ស៊ី​ ជាច្រើនពាន់នាក់ផ្សេងទៀត នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

គួរបញ្ជាក់ថា គម្រោង Nord Stream 2 ដែលមាន​តម្លៃប្រមាណ​ជាង​៩ពាន់លាន​អឺរ៉ូ គឺជាគម្រោងសាងសង់​បំពង់បង្ហូរឧស្ម័នពីរុស្ស៊ី ចូល​មក​អឺរ៉ុបខាងលិច ដោយឆ្លងកាត់សមុទ្រខាងជើង មុននឹងមកដល់​អាល្លឺម៉ង់។ តាមពិតគម្រោងដ៏ចម្រូងចម្រាស់នេះ ធ្លាប់ត្រូវបានគេរិះគន់អាល្លឺម៉ង់ ជាច្រើនដងមកហើយ។ សហរដ្ឋអាមេរិក បាន​សម្តែងការមិនពេញចិត្ត ដោយ​លើកឡើងថា គម្រោងនេះ នឹងធ្វើ​ឲ្យ​អឺរ៉ុបចាញ់ប្រៀប​ ត្រូវក្លាយ​​ជា​អ្នក​ពឹងផ្អែក​លើ​ថាមពល​របស់រុស្ស៊ី។ តែយ៉ាងណា រដ្ឋាភិបាលអាល្លឺម៉ង់ បានអះអាងច្រើនលើកច្រើនសា​ ថា​​គម្រោង​នេះ​គឺ​ជា​គម្រោងសេដ្ឋកិច្ច ដោយ​មិនអាច​យក​វាទៅឡូកឡំ នឹង​បញ្ហា​នយោបាយ​​បានទេ។

ក៏ប៉ុន្តែ​នៅក្រោយ​ការចាប់ខ្លួន​លោកអាឡិចសី ណាវ៉ាល់នី កាលថ្ងៃទី​១៧​មករា​ មានមតិបានលើកឡើងកាន់តែខ្លាំង ចង់ឲ្យ​អាល្លឺម៉ង់បោះបង់ចោលគំរោងនេះ ដើម្បី​ដាក់ទណ្ឌកម្ម​លើរុស្ស៊ី​។ យ៉ាងណាមិញ លោក Steffen Seibert​ អ្នកនាំពាក្យ​លោកស្រីមែរកិល បានទទួលស្គាល់កាលពីសប្តាហ៍​មុនថា មានប្រទេសអឺរ៉ុបច្រើនផ្សេង​ទៀត ដែលមិនពេញចិត្ត​គម្រោងនេះ។ ដូចគ្នាដែរ រដ្ឋលេខាធិការអាល្លឺម៉ង់​ ទទួលបន្ទុកកិច្ចការបរទេស បានលើកឡើងកាលពីចុងសប្តាហ៍មុន ថារដ្ឋាភិបាលអាល្លឺម៉ង់ កំពុងតែជជែកគ្នា​ដោយ​លំបាក ជាមួយ​ប្រទេសអឺរ៉ុបផ្សេងទៀត ទាក់ទិននឹងគម្រោងនេះ។

គួរបញ្ជាក់​ផងដែរថា ប្រមាណ២សប្តាហ៍មកហើយ ដែល​ប្រជាជនរុស្ស៊ីរាប់ម៉ឺននាក់ បានធ្វើបាតុកម្ម ទាម​ទារ​ឲ្យ​ដោះលែង​លោក​​អាឡិចសី ណាវ៉ាល់នី ព្រមទាំង​បរិហារ​អំពើ​ពុករលួយ​​របស់​​បក្ស​ពួក​​លោក​ពូទីន។ កាលពីថ្ងៃអាទិត្យ​ទី​៣១មករា អាជ្ញាធររុស្ស៊ីបានចាប់ខ្លួន​បាតុករ ប្រមាណ​៥០០០​នាក់។ នៅថ្ងៃទី១កុម្ភៈ រដ្ឋអាជ្ញារុស្ស៊ី បានប្រាប់ឲ្យដឹងថា គេចង់​ស្នើ ឲ្យ​ដាក់​លោកអាឡិចសី ណាវ៉ាល់នី នៅក្នុងឃុំ​ជា​រៀង​រហូត។​ លោក​Josep Borrell ប្រមុខការទូតអឺរ៉ុប បានបញ្ជាក់ថា លោកនឹងស្នើសុំ​ជួប​​លោក​អាឡិចសី ណាវ៉ាល់នី នៅក្នុងពេល​លោក​បំពេញទស្សនកិច្ច​នៅ​ក្រុងម៉ូស្គូ នៅរវាងថ្ងៃ​ទី​៤ ដល់​ទី​​៦​កុម្ភៈ​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI