បារាំង-អាកាសធាតុ

​ឧតុនិយម​បារាំង ៖ ​​កម្តៅសីតុណ្ហភាព​ ឡើង​ជាមធ្យម ​៤អង្សា​នៅ​ចុងសតវត្សរ៍

ទន្លេ​ Loiret រីក​ស្ងួត​ប្រេះ​ក្រហែង​នៅ​ខែ​សីហា ២០២០
ទន្លេ​ Loiret រីក​ស្ងួត​ប្រេះ​ក្រហែង​នៅ​ខែ​សីហា ២០២០ AFP - SEBASTIEN SALOM-GOMIS

ប្រសិន​បើ​គ្មាន​ចំណាត់​ការ​​ឱ្យ​លឿន​រហ័ស​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ទេ ប្រទេស​បារាំង​នឹង​ជួប​គ្រោះ​​​ក្តៅ​ហួត​ហែង​ខ្លាំង និង​ភាព​រាំងស្ងួត​ កាន់​តែ​ញយ​។ ចំណែក​សីតុណ្ហភាព​ នឹង​កើន​ឡើង​ ជា​មធ្យម​ ជិត​៤​អង្សារ​ និង​នៅ​តំបន់​​ខ្លះ​ សីតុណ្ហភាព​អាច​ឡើង​ដល់​ទៅ៦​អង្សាតែម្តង​នៅ​ដំណាច់​សតវត្សរ៍។ នេះ​បើ​តាម​ការ​ព្យាករណ៍​របស់​ស្ថាប័ន​ឧតុនិយម​បារាំង ចេញ​ផ្សាយ​នៅ​ថ្ងៃចន្ទ​ទី ១​កុម្ភៈ២០២១។

ផ្សាយពាណិជ្ជកម្ម

តំបន់​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​បារាំង នឹង​រង​គ្រោះ​ មាន​កម្តៅ​សីតុណ្ហភាព​ឡើង​ខ្លាំង​ជាង​គេ។ កម្តៅ​សីតុណ្ហភាព​នឹង​ឡើង​ជា​មធ្យម​៤​អង្សា តែ​​រវាង​ពីតំបន់​ភាគ​ឦសាន​ ទៅ​តំបន់​ភាគ​ពាយ័ព្យ​ សីតុណ្ហភាពអាច​​ឡើង​ខុស​ត្រូវ​គ្នា​ជា​មធ្យម​១អង្សា។  ​នៅ​តំបន់​ជួរ​ភ្នំ Alpes និង Pyrénéés កន្លែង​ខ្លះមាន​កំណើន​​សីតុណ្ហភាពដល់​ទៅ​៦​អង្សា​តែម្តង នៅ​ឆ្នាំ​២១០០។ ជា​សេណារីយោ​ដ៏​អាក្រក់​បំផុត ដែល​បញ្ជាក់ថា​​តំបន់​ភ្នំទឹកកក​បារាំងដ៏​ល្បីល្បាញ នឹង​លែង​មាន​ការ​ធ្លាក់​ព្រឹល ឬ​ធ្លាក់​ទឹកកក​សោះ។ នេះ​បើ​តាមគំរូ​ទិន្នន័យ​​របស់​ស្ថាប័ន​ឧតុនិយម​បារាំង ចេញ​ផ្សាយ​នៅ​ថ្ងៃទី ១កុម្ភៈ​ដោយ​ព្រមាន​​ទៀត​ថា បារាំង​នឹង​ស្គាល់​ភាព​ក្តៅ​ហួត​ហែង​ខ្លាំង សីតុណ្ហភាព​ពេលយប់​លើស​ពី​២០​អង្សា​នៅ​រដូវ​ក្តៅ ច្រើន​ជាង​បច្ចុប្បន្ន​ដល់​ទៅ ១០ដង និង​មាន​កំណើន​​ភាព​រាំងស្ងួត ពី​​៣០​ទៅ​៥០% ​នៅ​ឆ្នាំ​២១០០។

ដោយ​យោង​តាម​​​គំរូ​​តាម​ព្យាករណ៍​អាកាសធាតុ​នៅ​អឺរ៉ុប របស់​ភ្នាក់ងារ​ជំនាញ​អាកាសធាតុ​អង្គការ​សហប្រជាជាតិ​ហៅ​កាត់​ថាGiec ឧតុនិយម​បារាំង ​វិទ្យាស្ថាន​ Pierre Simon Laplace និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​អឺរ៉ុប បាន​សិក្សា​ព្យាករ​អំពី​ការ​​ប្រែប្រួល​អាកាសស​ធាតុ​នៅ​តាម​តំបន់នីមួយៗ​នៃ​ប្រទេស​បារាំង ដើម្បី​ចាត់វិធានការ​​ឱ្យ​ត្រូវ​នឹង​ស្ថានការណ៍​​ជាក់​ស្តែង។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ជ្រើសរើស​សេណារីយោបី ៖ ទី​មួយ​គឺ​គេ​អាច​គ្រប់គ្រង​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន ទីពីរ​មានការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ល្មម និង​ទី​បី គ្មាន​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សោះ និង​សម្រាប់​បី​ដំណាក់កាល  ២០៥០ ២០៧០ និង​២១០០។

ក្នុង​គ្រប់​សេណារីយោ ប្រទេស​បារាំង​នឹង​មាន​កំណើន​កម្តៅសីតុណ្ហភាព​ជា​មធ្យម​១​អង្សា ពី​នេះ​រហូត​ដល់​ឆ្នាំ​២០៤០ បើ​ប្រៀប​ទៅឆ្នាំ​១៩៧៩-២០០៥។ ប៉ុន្តែ​ភាពគ្នា​នឹង​មាន​ខ្លាំង នៅ​ពេល​ឆ្នាំ​បន្ត​បន្ទាប់ លើស​មួយ​អង្សា​បើ​គ្រប់គ្រង​ការ​បញ្ចេញឧស្ម័ន​ផ្ទះកញ្ចក់​បាន ២,២អង្សា ចំពោះ​សេណារីយោ​ទីពីរ និង​ដល់​ទៅ ៣,៩​អង្សា​ប្រសិន​បើ​គេ​មិន​អាច​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សោះ (សេណារីយោទីបី)។

បាន​ន័យ​ថា​កម្មវត្ថុ​នៃ​កិច្ចព្រមព្រៀង​អាកាសធាតុ​ចុះ​ហត្ថលេខា​កាលពី​ឆ្នាំ​២០១៥​នៅ​ទីក្រុង​ប៉ារីស ដែល​ចង់​កំរិត​ការ​ឡើង​កម្តៅ​អាកាសធាតុ​ត្រឹម​២​អង្សា ឬ​ក្រោម​១,៥​អង្សា​​ផង​នោះ មិន​អាច​សម្រេច​បាន​ទេ ព្រោះ​បើ​តាម​អ្នក​ជំនាញ សីតុណ្ហភាព​បាន​ឡើងជិត​មួយ​អង្សា​ទៅ​ហើយ​បើ​ប្រៀប​ទៅនឹង​សម័យ​មុន​ឧស្សាហកម្មការ ហើយ​ការ​​ប្តេជ្ញា​របស់​ប្រទេស​នីមួយៗ​នាពេល​បច្ចុប្បន្ន​នេះ​មិន​គ្រប់​គ្រាន់​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI