វ៉ាក់សាំងកូវីដ១៩

ថ្នាំ​វ៉ាក់សាំងកូវីដ​​រុស្ស៊ី​មាន​ប្រសិទ្ធភាពខ្ពស់​ អាល្លឺម៉ង់​ត្រៀម​បើក​ឱ្យ​ធ្វើ​ចរាចរណ៍​នៅ​អឺរ៉ុប

ថ្នាំ​វ៉ាក់សាំង​ Spoutnik V ផលិតផល​របស់​រុស្ស៊ី
ថ្នាំ​វ៉ាក់សាំង​ Spoutnik V ផលិតផល​របស់​រុស្ស៊ី AP - Pavel Golovkin

ក្រោយ​ការ​ផ្សព្វផ្សាយ​ក្នុង​ទំព័រ​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​ ស្តី​អំពី​ប្រសិទ្ធភាព​នៃ​ថ្នាំ​វ៉ាក់​សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​​របស់​រុស្ស៊ីមក បណ្តា​ប្រទេស​ជា​ច្រើន​ក្នុង​សហភាព​អឺរ៉ុប និង​សហភាព​អឺរ៉ុប​ផ្ទាល់​កំពុង​ពិចារណា​ប្រើ​ថ្នាំ​វ៉ាក់សាំង​របស់​រុស្ស៊ី។ រងការ​រិះគន់​​ថា​យឺត​យ៉ាវ​ខ្លាំង​ក្នុង​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​កូវីដ​១៩ ដូច​បណ្តា​ប្រមុខ​ដឹកនាំ​នៅ​អឺរ៉ុប​ជា​​ច្រើន​ទៀត លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ បានអះអាង​​ចំៗ ​​នៅ​ថ្ងៃ​អង្គារ​ទី ២ កុម្ភៈនេះ​ថា អាល្លឺម៉ង់​គាំទ្រគំនិត​បើក​ឱ្យ​ប្រើប្រាស់​ថ្នាំ​បង្ការ​កូវីដរបស់​​រុស្ស៊ី​នៅ​លើ​ទឹក​ដី​អឺរ៉ុប។

ផ្សាយពាណិជ្ជកម្ម

“យើង​ស្វាគមន៍​គ្រប់​ថ្នាំ​បង្ការ​ដែល ​បាន​ទទួល​ការ​អនុញ្ញាត​ពី​ភ្នាក់ងារ​ឱសថ​អឺរ៉ុប​។ ខ្ញុំ​បាន​បញ្ជាក់​អំពី​លក្ខខណ្ឌ​នេះ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​ លោក ពូទីន​ រួច​ហើយ” នេះ​ជា​ប្រសាសន៍​របស់​លោកស្រី​ មែរកិល​ តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​អាល្លឺម៉ង់​ ARD ល្ងាច​មិញ ដោយ​ថែម​ទាំង​អបអរ​ ចំពោះ​លទ្ធផល​ដ៏​គាប់​ប្រសើរ​តាមបែប​វិទ្យាសាស្ត្រ​នៃ​ថ្នាំ​បង្ការរុស្ស៊ីទៀត។

បើ​តាម​លទ្ធផល​ផ្សព្វផ្សាយ​ក្នុង​ទំព័រ​ទស្សនារដ្តីវេជ្ជសាស្ត្រ​ The Lancet ថ្នាំវ៉ាក់សាំង​របស់​រុស្ស៊ី ដែល​មាន​ឈ្មោះ​ថា Spoutnik V មានប្រសិទ្ធភាព​ប្រឆាំង​នឹង​​ជំងឺ​កូវីដ​១៩ បាន​ដល់​ទៅ ៩១,៦%។ “ប្រសិទ្ធភាព​នៃ​ថ្នាំ​វ៉ាក់សាំង​ ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់ និង​ដោយ​ឈរ​លើ​គោលការណ៍​វិទ្យាសាស្ត្រ​ផ្នែក​ថ្នាំ​បង្ការ” នេះ​បើ​តាម​បទអត្ថាធិប្បាយ​របស់​អ្នក​ជំនាញ​អង់គ្លេស​​ពីរ​រូប​ ភ្ជាប់​បន្ថែម​ក្នុង​របាយការណ៍​សិក្សា​របស់ទស្សនាវដ្តី Lancet ​។

ក្រៅ​ពី​រុស្ស៊ី មាន​ប្រទេស​ចំនួន​១៦​ផ្សេង​ទៀត បាន​ផ្តល់​ការអនុញ្ញាត​និង​ប្រើប្រាស់​ថ្នាំ​បង្ការ​ Spoutnik V សម្រាប់​ចាក់ជូន​ប្រជាពលរដ្ឋ​ក្នុង​យុទ្ធនាការទប់​ស្កាត់​ជំងឺកូវីដ​១៩ មានជាអាទិ៍​ប្រទេស​ជា​អតីត​សហភាព​សូវៀត បេឡារុស្ស៊ី អារមេនី ​ឬប្រទេស​ជាសម្ព័ន្ធមិត្ត វេណេស៊ុយអេឡា និង​អ៊ីរ៉ង់ ឬ​កូរ៉េខាង​ត្បូង អាហ្សង់ទីន អាល់ហ្សេរី ទុយនីស៊ី ឬ​ប៉ាគីស្ថាន​ជា​ដើម​។ល។ នៅអឺរ៉ុប ប៉ូឡូញ ជា​សមាជិក​សហភាព​ដំបូង​គេដែល​បាន​បញ្ជា​ទិញ​ថ្នាំ​បង្ការ​រុស្ស៊ី និង​បាន​ទទួល​ ថ្នាំ​ចំនួន ៤ម៉ឺន​ដូស​ដំបូង​ ​ នៅ​​ថ្ងៃ​​អង្គារទី​២កុម្ភៈម្សិលមិញ។

ប្រឈម​នឹង​ភាពវក់​វី​ខ្វះ​ខាត​ថ្នាំ​បង្ការ​ ប្រមុខ​ដឹកនាំគណៈកម្មការ​​អឺរ៉ុប លោកស្រីអួរស៊ូឡា វ៉ុនឌែរ ឡេយែន Ursula von der Leyen ដែលកំពុង​ប្រឹង​ការពារ​យុទ្ធសាស្ត្រ​​គ្រប់គ្រង​ថ្នាំ​វ៉ាក់សាំង នៅ​ចំពោះ​មុខ​សភា​សហភាពអឺរ៉ុប​ ក៏​បាន​បង្ហាញ​ឆន្ទៈ​គាំទ្រ​ឱ្យ​ថ្នាំ​បង្ការ​រុស្ស៊ី​ និង​ចិន​ផង ថា​ពិត​ជា​អាច​ធ្វើ​ចរាចរណ៍​នៅ​ក្នុង​សហភាព​អឺរ៉ុប​បាន​ ប្រសិន​បើ​ថ្នាំ​បង្ការ​នោះមាន​តម្លាភាព​ផ្នែក​ប្រសិទ្ធភាព​និង​​បាន​ឆ្លង​កាត់​ការ​វាយតម្លៃ​​របស់​ភ្នាក់ងារ​ឱសថ​អឺរ៉ុប។ ជាមួយ​នឹង​លក្ខខណ្ឌដូច​គ្នា ​ខាង​បារាំង​ តាម​រយៈ​សំឡេង​របស់​រដ្ឋមន្ត្រី​ម្នាក់ ក៏​បាន​ប្រកាស​ នៅ​ថ្ងៃពុធ​ទី ៣ កុម្ភៈ​នេះ​ត្រៀមលក្ខណៈនឹង​ប្រើប្រាស់​ថ្នាំបង្ការ​រុស្ស៊ីដែរ​។

រុស្ស៊ី​បាន​អះអាង​ថា​បាន​ដាក់​ពាក្យ​សុំ​សិទ្ធ​ទៅ​ភ្នាក់ងារឱសថ​អឺរ៉ុប​ហើយ​កាលពី​ថ្ងៃទី ២០​មករា​២០២១។ ប៉ុន្តែ​ភ្នាក់ងារឱសថ​អឺរ៉ុប មិន​ទាន់​ផ្តល់​សេចក្តី​សម្រេចនៅឡើយ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI