នុយក្លេអ៊ែរអ៊ីរ៉ង់

ទីភ្នាក់ងារIAEA៖ អ៊ីរ៉ង់រំលោភកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដោយចាប់ផ្តើមផលិតលោហៈអ៊ុយរ៉ាញ៉ូម

មន្រ្តីសន្តិសុខ​អ៊ីរ៉ង់​នៅ​រោងចក្រ Isfahan ភាគកណ្តាល​អ៊ីរ៉ង់ ជាទី​ដែល​ទីភ្នាក់ងារ​ថាមពល​បរិមាណូអន្តរជាតិ​អះអាងថា អ៊ីរ៉ង់​បាន​ផលិត​លោហៈអ៊ុយរ៉ាញ៉ូម ដែល គេ​អាច​ប្រើ​សម្រាប់​ផលិត​ក្បាលគ្រាប់នុយក្លេអ៊ែរ
មន្រ្តីសន្តិសុខ​អ៊ីរ៉ង់​នៅ​រោងចក្រ Isfahan ភាគកណ្តាល​អ៊ីរ៉ង់ ជាទី​ដែល​ទីភ្នាក់ងារ​ថាមពល​បរិមាណូអន្តរជាតិ​អះអាងថា អ៊ីរ៉ង់​បាន​ផលិត​លោហៈអ៊ុយរ៉ាញ៉ូម ដែល គេ​អាច​ប្រើ​សម្រាប់​ផលិត​ក្បាលគ្រាប់នុយក្លេអ៊ែរ AP - Vahid Salemi

អ៊ីរ៉ង់​បាន​បោះមួយជំហាន​មួយ នៅលើ​ផ្លូវរំលោភ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អន្តរជាតិ ដែល​អ៊ីរ៉ង់ និង​ប្រទេស​មហាអំណាច​ទាំង ៦ ធ្លាប់​បាន​ចុះហត្ថលេខា​ជាមួយ គ្នា កាលពី​ឆ្នាំ ២០១៥។ តាម​ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរ អន្តរជាតិ IAEA អ៊ីរ៉ង់​បាន​ចាប់ផ្តើម​ផលិត​លោហៈ អ៊ុយរ៉ាញ៉ូម នៅ​ក្នុង​រោងចក្រ​មួយ​ភាគកណ្តាល​ប្រទេស​អ៊ីរ៉ង់។ នៅ​ប៉ុន្មាន​ម៉ោង​មុន​ ទីភ្នាក់ងារ ថាមពល​បរិមាណូ ចេញ​សេចក្តីថ្លែងការណ៍  ​កាលពី​ថ្ងៃ​ពុធ រដ្ឋមន្រ្តីការបរទេស​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​ព្រមាន​ហើយថា អ៊ីរ៉ង់​នឹង​អាច​ចាត់វិធានការ​ផ្សេងទៀត ដើម្បី​វាយបក​នឹង​ភាពអសកម្ម របស់​អឺរ៉ុប ហើយនិង​ការរំលោភកិច្ចសន្យា​របស់​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

នៅក្រោយ ចូល​ពិនិត្យ ឆែកមើល​សារធាតុ ជាង ៣ក្រាម នៅ​រោងចក្រ Isfahan ភាគកណ្តាល​ប្រទេស​អ៊ីរ៉ង់ កាលពី​សប្តាហ៍មុន ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ​បាន​ជូន​ដំណឹងនៅ យប់​ថ្ងៃ​ពុធ​ថា អ៊ីរ៉ង់​បាន​ចាប់ផ្តើម​ផលិត​លោហៈ​អ៊ុយរ៉ាញ៉ូម ដែល​ត្រូវ​ហាមឃាត់ ទៅតាម​កិច្ចព្រមព្រៀងអន្តរជាតិ​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។

ភាគី​អ៊ីរ៉ង់ បាន​និយាយ​ការពារ​ខ្លួន​ថា ការផលិត​លោហៈ​អ៊ុយរ៉ាញ៉ូម​ចាំបាច់​សម្រាប់​ម៉ាស៊ីនប្រតិករ ដែល​ប្រើ​ក្នុង​ការស្រាវជ្រាវ នៅទីក្រុង​តេហេរ៉ង់។ ប៉ុន្តែ ទីភ្នាក់ងារ​ថាមពល​បរិមាណូ​បាន​សំដែង​ការព្រួយបារម្ភ ព្រោះថា គេ​ក៏អាច​យក​លោហៈអ៊ុយរ៉ាញ៉ូម ទៅ​ផលិត​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ផងដែរ។

សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ បាន​បដិសេធ ថា គ្មាន​មហិច្ឆតា ចង់ផលិត​អាវុធ​បរិមាណូ នោះទេ ប៉ុន្តែ ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ​ធ្លាប់​បាន​លើកឡើង​ផ្ទុយពីនេះ នៅ​ឆ្នាំ ២០១១ ពោល​គឺ​នៅមុន​កើត​ចេញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែលនៅក្នុង​នោះ អ៊ីរ៉ង់ បាន​សន្យា​លះបង់​ចោល​កម្មវិធី នុយក្លេអ៊ែរ​យោធា ជាថ្នូរ​នឹង​ការដកទណ្ឌកម្ម​សេដ្ឋកិច្ច​របស់អាមេរិក។

ទៅតាម​ផែនការ​សកម្មភាពរួម ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​មាន​គោលដៅ រារាំង​អ៊ីរ៉ង់​មិន​ឲ្យ​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ អ៊ីរ៉ង់​ត្រូវ​ហាម​មិន​ឲ្យ​ផលិត​លោហៈ​អ៊ុយរ៉ាញ៉ូម ឬ​ភ្លុយតូញ៉ូម ក្នុង​រយៈពេល ១៥ឆ្នាំ។ នៅ១០​ឆ្នាំ ក្រោយ ចុះ​ហត្ថលេខា អ៊ីរ៉ង់ អាច​ចាប់​ផលិត​លោហៈ​អ៊ុយរ៉ាញ៉ូម ក្នុង​បរិមាណ​តិចតួច សម្រាប់​ការស្រាវជ្រាវ របស់ខ្លួន ប៉ុន្តែ ដោយ​មាន​ការយល់ព្រម​ពីប្រទេស​មហាអំណាច ដែល​ជា​ហត្ថលេខី។

នៅ​ក្រោយ អាមេរិក​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង នៅ ឆ្នាំ ២០១៨ និង​ត្រលប់​មក​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​សាជាថ្មី​លើ​អ៊ីរ៉ង់ រដ្ឋាភិបាល​អ៊ីរ៉ង់ បាន​ដោះដៃ បន្តិចម្តងៗ លែង​គោរព​តាម​កិច្ចព្រមព្រៀង ដូចមុន។ តាម​ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ អ៊ីរ៉ង់​បាន​រំលោភ​កាន់តែខ្លាំង កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដោយ​បាន​ត្រលប់​ទៅ​ចម្រើន​សារធាតុ​អ៊ុយរ៉ាញ៉ូម ក្នុង​កម្រិត ២០% ដែល​អ៊ីរ៉ង់ ធ្លាប់​ធ្វើ​មុន​ចុះ​កិច្ចព្រមព្រៀង។

អ៊ីរ៉ង់ និង​អាមេរិក បាន​ទាមទារ​គ្នា​ទៅវិញ ទៅ​មក។ នៅពេល​អាមេរិក​និយាយ​ថា នឹងលុបចោល​ទណ្ឌកម្ម​សេដ្ឋកិច្ច​ នៅពេល​អ៊ីរ៉ង់ ត្រលប់​មក​គោរព​កិច្ចព្រមព្រៀង​ដូចដើម អ៊ីរ៉ង់ ឯណោះវិញ ទាមទារ​ឲ្យ​អាមេរិក​ដកចោល​ទណ្ឌកម្ម​ជាមុនសិន ទើបអ៊ីរ៉ង់ ត្រលប់ទៅ​ចូល​គោរពកិច្ចព្រមព្រៀង។ សម្រាប់​រដ្ឋមន្រ្តី ការបរទេស​អ៊ីរ៉ង់ ទ្វារបើក​សម្រាប់​អាមេរិក​កាន់តែ​តូច ព្រោះថា ប្រទេស​របស់លោក​នឹង​ចាត់វិធានការ​បន្ថែមទៀត ដើម្បីឆ្លើយតប​នឹង​ចម្លើយអវិជ្ជមាន​របស់ប្រទេស​លោកខាងលិច។ សភា​អ៊ីរ៉ង់​បានបោះឆ្នោត សម្រេច​ហើយថា នៅ​ថ្ងៃ​ទី ២១ កុម្ភៈ បើសិន​ជា​នៅតែគ្មាន​សញ្ញាវិជ្ជមាន​ទេ នោះ អ៊ីរ៉ង់​នឹង​ហាមលែង​ឲ្យ​មន្រ្តីរបស់​ទីភ្នាក់ងារថាមពល​បរិមាណូ​អន្តរជាតិ​ចូល​ទៅ​អង្កេត នៅ​ក្នុង​រោងចក្រ​អ៊ីរ៉ង់ តទៅទៀត។

នៅក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃ​ពុធ ទីភ្នាក់ងារ​ថាមពល​បរិមាណូអន្តរជាតិ​បាន​ជូនដំណឹង​ស្តីពីការវិវឌ្ឍ​ចុងក្រោយ​ទៅប្រទេស​សមាជិក​របស់ខ្លួន។ នៅ​ថ្ងៃ​ព្រហស្បតិ៍ រុស្ស៊ី ដែល​ជា​សម្ព័ន្ធមិត្ត​របស់អ៊ីរ៉ង់ បានអំពាវនាវ​អ៊ីរ៉ង់ ឲ្យ​អត់ធ្មត់ និង​ទទួល​ខុសត្រូវ​ខ្ពស់។ យល់ថា អ៊ីរ៉ង់ លែង​ចង់​ត្រលប់​ទៅ រក​ស្ថានភាព​ដូចដើម ដូច​នៅ​ពេល​ចុះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ម៉ូស្គូ​បាន​ទាមទារ​ឲ្យ​រដ្ឋបាល​អាមេរិក​របស់​លោក​ចូ បៃដិន ដកទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញពីអ៊ីរ៉ង់ និង​ឈប់​អូសបន្លាយ វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​តទៅទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI